ទីក្រុង​ប៉េកាំង៖ ទីតាំង​រៀបចំ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន (CIIE) លើក​ទី៤ ជាង ៧០ ភាគរយ ត្រូវ​បាន​ប្រទេស និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​កក់​ទុក​រួច​ហើយ។ នេះ​បើ​យោង​តាម​អ្នក​រៀបចំ​ពិព័រណ៍ បាន​លើក​ឡើង​កាល​ពីថ្ងៃ​អាទិត្យ។

លោក Sun Chenghai អគ្គនាយក​រង​នៃ​ការិយាល័យ​រៀបចំ​ពិព័រណ៍ CIIE បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិព័រណ៍​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​នាំចូល​ត្រូវ​បាន​ផ្តល់​ការ​យល់ព្រម​សម្រាប់​រៀប​ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ខែ​វិច្ឆិកា ក្នុង​ទីក្រុង​សៀងហៃ និង​ការ​រៀបចំ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ។


លោក Sun បាន​និយាយ​នៅ​ក្នុង​កម្មវិធី​រាប់​ថយ​ក្រោយ សម្រាប់​ព្រឹត្តិការណ៍​នោះ​ថា​ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មាន​តម្លៃ​ជាង ២០០ ពាន់​លាន​ដុល្លារ ដែល​សម្រេច​បាន​ដោយ​អ្នក​ចូលរួម​តាំង​ពិព័រណ៍​អន្តរជាតិ និង​អ្នក​ទិញ​ក្នុង​ស្រុក​កាល​ពី​ការ​រៀបចំ​ពិព័រណ៍​លើកទី៣”។


លោក​បាន​បន្ត​ថា៖ “យើង​នឹង​បន្ត​ធ្វើ​ឲ្យ​កម្មវិធី​ពិព័រណ៍​នេះ ជា​បង្អួច​សម្រាប់​គំរូ​នៃ​ការ​អភិវឌ្ឍ​ចលនា​ឈាម​រត់ និង​ទម្រង់ សម្រាប់​លទ្ធកម្ម និង​វិនិយោគ​សកល​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​បើក​ចំហ”។


លោក Gu Jun នាយក​នៃ​គណ:កម្មការ​ពាណិជ្ជកម្ម​ក្រុង​សៀងហៃ បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​បាន​ចុះ​បញ្ជី​សម្រាប់​ការ​រៀបចំ​ពិព័រណ៍​ជា​កិច្ចការ​ចម្បង​របស់​ខ្លួន ហើយ​រដ្ឋបាល​ក្រុង​បាន​បង្កើត​ផែនការ​រួម​មួយ​ដោយ​មាន​កិច្ច​ការ​លម្អិត​ចំនួន ២១៦ ក្នុង​ទីតាំង​ពិព័រណ៍​នោះ ដូចជា​ការ​ការពារ​ប្រឆាំង​ការ​រីក​រាលដាល​សម្រាប់​ពិព័រណ៍​នៅ​ឆ្នាំ​នេះ។


ក្រុមហ៊ុន​អន្តរជាតិ​ជាង ៣០ និង​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស​រួម​ទាំង​សមាគម​ពាណិជកម្ម​អន្តរជាតិ​កូរ៉េ និង​សភា​ពាណិជកម្ម​អាល្លឺម៉ង់ បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​ការិយាល័យ​រៀបចំ​ពិព័រណ៍ CIIE៕ China Daily-ANN/RR