ភ្នំពេញៈ ទោះបី​ជំងឺ​ផ្លូវដង្ហើម​សកល​កូវីដ​ ១៩ បាន​ឆ្លង​រាល​ដាល​រយៈពេល​ជាង​ ១ ​ឆ្នាំ​ហើយក៏​ដោយ ក៏​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២០ មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​ទឹកប្រាក់​ទទួលបាន​ពី​វិស័យនេះ​មាន​ប្រមាណ​ជិត ៣ ​ពាន់​លាន​ដុល្លារ កើនឡើង ៣,៧៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។

សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ឆ្នាំ​ ២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ដឹងថា ទោះ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​ក៏​ដូចជា​សេដ្ឋកិច្ចកម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ការប្រមូល​ចំណូល​ពន្ធដារ​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។ ជាក់ស្តែង​នៅក្នុង​រយៈពេល ១២ ​ខែ ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ១១ ៧០០,៥២ ​ពាន់​លាន​រៀល (២ ៨៨៩,០២ ​លាន​ដុល្លារ​) កើនឡើង ៤២៣,២០ ​ពាន់​លាន​រៀល (១០៤,៤៩ ​លាន​ដុល្លារ​) ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​នឹងឆ្នាំ ២០១៩


រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នេះ​ថា ទោះបី​ក្នុង​ដំណាក់កាល​ដ៏លំបាក​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​សម្រួល និង​អនុគ្រោះ​ពន្ធចំពោះ​វិស័យ​មួយចំនួន​ដែល​ងាយ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​ ១៩ ក៏​ការប្រមូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២០ មិនបាន​ធ្លាក់ចុះ​ទេ​។


លោក​បាន​បន្ថែមថា ការប្រមូល​ចំណូល​បាន​គ្រប់​តាម​ផែនការ​ក្នុងដំណាក់កាល​ដ៏លំបាក​នេះ គឺជា​ការខិតខំ​របស់​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្រប​ពេលដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​នីតិវិធី​មួយចំនួន​ទាក់ទង​នឹង​ការប្រមូល​ពន្ធ​។


សម្រាប់​ទិសដៅ​ប្រមូល​ពន្ធដារ​ឆ្នាំ​ ២០២១ នេះ​លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវ​បង្កើន​ការប្រមូល​ពន្ធ និង​គោរព​តាម​គោលការណ៍​មួយចំនួន​ដូចជា ការ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូលមកក្នុង​ប្រព័ន្ធ​រួម​តែមួយ ការបង្ក​ភាព​ងាយស្រួល​ក្នុង​ការបង់ពន្ធ ការរៀបចំ​ប្រព័ន្ធ​ការពារ​ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​បង់ពន្ធ និង​ធានា​ឱ្យបាន​នូវ​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព សមធម៌​ក្នុង​ការបង់ពន្ធ និង​យុត្តិធម៌​សង្គម​។


លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ទោះបី​កូវីដ​១៩ គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ក៏​ការប្រមូល​ពន្ធ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។


លោក​បន្តថា ការទទួល​បាន​សញ្ញា​វិជ្ជមាន​នៅក្នុង​ដំណាក់កាល​ដ៏លំបាក​នេះ គឺអាច​មកពី​កត្តា​ជាច្រើន ជាពិសេស​ការធ្វើ​សុក្រឹតកម្ម​របស់​វិស័យ​ពន្ធដារ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ទាំង​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ធនធាន​មនុស្ស​។ ជាក់ស្តែង​ចាប់តាំង​ពី​ឆ្នាំ​ ២០១៥ កំណើន​ប្រាក់ចំណូល​ពី​វិស័យ​ពន្ធដារ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​បើ​គ្មាន​ជំងឺ​កូវីដ​ ១៩ និង​ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុគ្រោះ​ពន្ធ​សម្រាប់​វិស័យ​មួយចំនួន​ពិសេស​វិស័យ​ទេសចរណ៍​នោះ ការប្រមូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២០ នឹងមាន​កម្រិត​ខ្ពស់ជាង​នេះ​ច្រើន​។ នេះ​ជា​ជំហាន​ជោគជ័យ​ថ្មី​មួយទៀត​របស់​វិស័យ​ពន្ធដារ​នៅ​កម្ពុជា​»​។

ខណៈ​ក្នុង​ឆ្នាំ​ ២០២១ នេះ​នឹងមាន​សហគ្រាស និង​អាជីវកម្ម​មួយចំនួន​ដែល​បាន​ផ្អាក​ដំណើរការ​កាលពី​ឆ្នាំ​ ២០២០ ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នោះ លោក វណ្ណៈ អះអាង​ថា​៖ «​ការប្រមូល​ពន្ធដារ​នឹង​ល្អ​ជាង​ឆ្នាំ​ ២០២០ ព្រោះ​កំណើន​នៃ​ការបើក​ដំណើរការ​សហគ្រាស​នឹង​ផ្តល់ប្រាក់​ពន្ធ​បន្ថែមទៀត​ដល់​វិស័យ​ពន្ធដារ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ទោះបី​មាន​កំណើន​ត្រឹម​ជាង ៣ ​ភាគរយ ប៉ុន្តែ​នេះ​ជា​សញ្ញា​ល្អ​ដែល​បញ្ជាក់ថា ការប្រមូល​ពន្ធដារ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អប្រសើរ​។ លោក​បន្ថែមថា ចំណូល​ពន្ធ​នឹង​កើនឡើង​បន្ថែមទៀត បើ​ការប្រមូល​ពន្ធ​ត្រូវបាន​ធ្វើឡើង​ឱ្យ​កាន់​តែមាន​តម្លាភាព​។

លោក​ប្រាប់ថា​៖ «​ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​បរិយាកាស​វិនិយោគ​នាពេលនេះ ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​ ២០២១ រំពឹងថា នឹងមាន​កំណើន​ខ្ពស់​បន្ថែមទៀត​»​។ លោក​បន្តថា​៖ «​វិស័យ​ឯកជន​ពិតជា​ចង់បាន​ការបង់ពន្ធ​មួយ​ដែលមាន​តម្លាភាព ដើម្បីឱ្យ​ការប្រកួតប្រជែង​មាន​ភាពស្មើគ្នា​»៕ LA