ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃអង្គារ ខណៈច្បាប់នេះត្រូវរំពឹងថានឹងផ្តល់លទ្ធភាពយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការភ្ជាប់ខ្លួនទៅខ្សែចង្វាក់ផលិតកម្មទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សេចក្តីព្រាងច្បាប់ដែលមាន ១២ ជំពូក និង ៦៧ មាត្រានេះនឹងផ្តល់នូវវិធានជាមូលដ្ឋានដ៏សំខាន់នៅក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាប្រកបដោយទំនុកចិត្តទាំងក្នុង និងក្រៅប្រទេស ខណៈវានឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាក្នុងការត្រៀមទទួលយកបដិវត្តន៍ឧស្សាហកម្មទី ៤។ នេះបើយោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋាភិបាល។
ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាជាមួយអន្តរជាតិនឹងផ្តល់នូវលទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាអាចភ្ជាប់ខ្លួនទៅនឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិក៏ដូចជាជំរុញឲ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗបន្ថែមទៀត។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ខណៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាបច្ចុប្បន្នពុំមានការគ្រប់គ្រងច្បាស់លាស់ច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងសម្រាប់អ្នកវិនិយោគ និងរដ្ឋាភិបាល។
លោកថ្លែងថា៖ «តាមរយៈច្បាប់នេះរដ្ឋាភិបាលមិនត្រឹមតែអាចទទួលបានកំណើនប្រាក់ចំណូលពីការប្រមូលពន្ធប៉ុណ្ណោះទេ តែក៏អាចធ្វើការគ្រប់គ្រងលើសកម្មភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីងាយស្រួលក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពអ្នកនៅក្នុងវិស័យ SME ផងដែរ»។
លោក ឡឹក ស៊ីនរិទ្ធី នាយកប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា វិស័យ SME នៅកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនដូចជា គុណភាពផលិតផល និងសេវាកម្ម កង្វះខាតការប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការចង្វាក់ផលិតកម្ម ទីផ្សារមានភាពតូចចង្អៀត និងកង្វះមូលធនជាដើម។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងចូលរួមចំណែកយ៉ាងច្រើននៅក្នុងការជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យា និងពង្រីកទីផ្សារកម្ពុជាឲ្យបានកាន់តែច្រើន និងធំទូលាយទៅកាន់អន្តរជាតិ»។
លោកប្រាប់ទៀតថា ច្បាប់នេះក៏នឹងជួយជំរុញធ្វើឲ្យការធ្វើពាណិជ្ជកម្មប្រកបដោយតម្លាភាពផងដែរ ខណៈកន្លងមកមានអ្នកវិនិយោគដែលគោរពច្បាប់ជាច្រើនបាននាំគ្នានិយាយពីអ្នកប្រកបអាជីវកម្មដោយមិនមានច្បាប់។ លោកបញ្ជាក់ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវ ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលមានច្បាប់នេះ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបដោយតម្លាភាព»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ការរៀបចំច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅពេលនេះគឺចំពេលដែលកម្ពុជាកំពុងរៀបចំខ្លួនក្នុងការទទួលយកការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី ៤។
លោកបន្តថា ច្បាប់នេះនឹងជួយទប់ស្កាត់វិវាទផ្សេងៗពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានច្រើនផងដែរ។
លោកថ្លែងថា៖ «នេះជាការបោះជំហានថ្មីមួយទៀតក្នុងការបង្កើនការគោរពច្បាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ទោះយ៉ាងណាដោយសារចំណេះដឹង និងការអនុវត្តច្បាប់នៅមានកម្រិតនោះ កម្ពុជានៅត្រូវការពេលវេលាបន្ថែមទៀតក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមរយៈអនឡាញ»។
យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង ៥០ ម៉ឺនក្នុងនោះសហគ្រាសដែលបានមកចុះបញ្ជីគឺមានកម្រិតតិចជាង ១៥ ភាគរយ៕ LA