ភ្នំពេញៈ ​ប្រទេស ​ជប៉ុន ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ជាង ​៥២ ​លាន​ដុល្លារ ​​សម្រាប់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​​រយៈពេល ​៧ ​ខែ​ ឆ្នាំ ​២០១៩ ​នេះ​។ ​នេះ​បើ​​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​​ចុះ​ហត្ថ​លេខា​ផ្តល់​ហិរញ្ញប្ប​ទាន​ឥត​សំណង​ ​៥០០ ​លាន​យ៉េន ជាមួយ​​លោក​ ហូរី​ណូ​អ៊ូជិ ហ៊ីដេហ៊ីសា​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ លោក ប្រាក់​ សុខុន​ ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​​ថា ​ចាប់​ពី​ខែ​មករា​ ​ដល់​ពាក់​កណ្តាល​ ខែ​កក្កដា​ ឆ្នាំ​ ២០១៩​​ នេះ ​កម្ពុជា​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​លើ​គម្រោង​សរុប​ចំនួន ​៣ ដែល​មាន​ទឹក​ប្រាក់​​ ​៥២​,៧៦ ​លាន​ដុល្លារ​អាមេរិក​។


លោក​បន្ត​ថា៖​ «ជប៉ុន​ជា​ប្រទេស​ផ្តល់​​ជំនួយ​ដ៏​ធំ​មួយ​ដល់​កម្ពុជា ​ដែល​ជំនួយ​បាន​ឆ្លើយ​តប​ទាន់​ពេលវេលា​ ចំ​គោលដៅ​ តម្រូវការ​អភិវឌ្ឍ​ជា​អាទិភាព​​របស់​រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៩០​ ហើយ​ហិរញ្ញប្បទាន​ឥត​សំណង ​និង​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា»។


ក្នុង​ចំណោម​គម្រោង​ទាំង ៣ នេះ​ រួមមាន​​គម្រោង​កែ​លម្អ​​ និង​ស្តារ​​ប្រព័ន្ធ​ស្រោច​ស្រព​ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាង​លិច​បឹង​ទន្លេ​សាប​​ដែល​មាន​ទឹក​ប្រាក់ ​៤៣,៣៦ ​លាន​ដុល្លារ ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​សាងសង់​ឃ្លាំង​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​​ក្រុង​​ព្រះសីហនុ​​ចំនួន ​៤,៨​​ លាន​ដុល្លារ​ និង​​ ៤,៦ ​លាន​​ដុល្លារ​ តាមរយៈ​ការ​ផ្តល់​គ្រឿង​ចក្រ​ចំនួន ​១៥​ គ្រឿង ​សម្រាប់​ជួសជុល​​ផ្លូវ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ពុធ​។


លោក ហូរី​ណូអ៊ូជិ ហ៊ី​ដេហ៊ីសា​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា ​បន្ថែម​លើ​ហិរញ្ញប្បទាន​ រដ្ឋាភិបាល​​ជប៉ុន​ក៏​នឹង​ផ្តល់​ឧបករណ៍​មួយ​ចំនួន​ទៀត​សម្រាប់​​ជួសជុល​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​​ផង​ដែរ​។​​


លោក​ថ្លែង​ថា​៖ ​«​ឧបករណ៍​ជួសជុល​ផ្លូវ​ថ្នល់​ដែល​ជប៉ុន​ផ្តល់​ឲ្យ​នេះ​មាន​មុខងារ​ពិសេស​ក្នុង​ការ​​កាត់​បន្ថយ​រយៈពេល​ជួសជុល​បាន​​​ច្រើន​ និង​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​មាន​អាយុ​កាល​​យូរ​អង្វែង​ ខ្ញុំ​សង្ឃឹម​ថា ឧបករណ៍​ទាំង​នោះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​ជួសជុល​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​នៅ​ពេល​អនាគត​»​។​​


លោក​ សន​ ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា​សង្កេត​​ឃើញ​ថា​ ជំនួយ​របស់​ជប៉ុន​ភាគ​ច្រើន​ផ្តល់​មក​កម្ពុជា​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូបវន្ដ។​ ទោះ​បី​ជា​យ៉ាង​ណា​ កម្ពុជា​ត្រូវ​អនុវត្ត​គម្រោង និង​ប្រើប្រាស់​ធនធាន​ម្ចាស់​ជំនួយ​ប្រកប​ដោយ​តម្លាភាព​។​

លោក​ថ្លែង​ថា៖ «យើង​ឃើញថា ​ជំនួយ​របស់​ជប៉ុន​ជួយ​អភិវឌ្ឍ​តាម​បែប​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ ដូច​ជា ផ្លូវ​ថ្នល់ ​ស្ពាន។ ​អ្វី​ដែល​ចាប់​អារម្មណ៍​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន​បាន​នាំ​​អ្នក​ជំនាញ​ជប៉ុន​មក​ ដែល​ការ​សង់​របស់​ជប៉ុន​មាន​គុណភាព​ សាធារណជន​ជឿ​ទុក​ចិត្ត​។ ​តែ​យ៉ាង​ណា ខ្ញុំ​លើក​ទឹក​ចិត្ត​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​គិត​ពី​ប្រយោជន៍​ យូរ​អង្វែង​របស់​ម្ចាស់​ជំនួយ​»។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បង្ហាញ​ថា ​រដ្ឋាភិបាល​ជប៉ុន​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ ប្រមាណ​ ១៣៤ ​​លាន​ដុល្លារ​ កាល​​ពី​​ឆ្នាំ ​​២០១៨​ ក្នុង​នោះ​ ជំនួយ​ឥត​សំណង​ប្រមាណ​ជិត​ ​២០ ​លាន​ដុល្លារ ​និង​ឥណទាន​សម្បទាន​ប្រមាណ​ជាង ​១១៤​ លាន​ដុល្លារ​៕LA