ថាមពលពន្លឺព្រះអាទិត្យបំពេញកង្វះខាតនៅកម្ពុជា

ភ្នំពេញៈ មកដល់ពេលនេះកម្ពុជានៅមានភាពខ្សត់ខ្សោយជាងគេផ្នែកថាមពល។ ក្រៅពីថាមពលអគ្គិសនីដែលដំណើរការដោយវារីអគ្គិសនី ម៉ាស៊ូត និង ការទិញថាមពលពីប្រទេសជិតខាងថាមពលពន្លឺព្រះអាទិត្យក៏កំពុងដើរតួនាទីបំពេញបន្ថែមនូវកង្វះខាតអគ្គិសនីនៅជនបទ។
ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងឧបករណ៍ថាមពលព្រះអាទិត្យក៏រីកដុះដាលច្រើនដោយមានទាំងក្រុមហ៊ុនខ្មែរនិងបរទេសដើម្បីបំពេញតម្រូវការថាមពលដែលកំពុងតែខ្វះខាតនេះ។
ក្នុងចំណោមអ្នកផ្តល់សេវាកម្ម ខាងលើលោក ម៉ៅ សាង៉ាត់ ប្រធានក្រុមហ៊ុនអគ្គិសនីពន្លឺព្រះអាទិត្យកម្ពុជាក៏បានចាប់ផ្តើមបើកដំណើរការក្រុមហ៊ុនមួយនេះនៅក្នុងឆ្នាំ ២០០៨។
លោក សាង៉ាត់ បាននិយាយថា មូលហេតុដែលនាំឲ្យលោកចាប់ផ្តើមរបរនេះដោយការមើលឃើញនូវតម្រូវការខ្ពស់ក្នុងទីផ្សារកម្ពុជាសម្រាប់ថាមពលប្រភេទនេះ ព្រោះវាជាជម្រើសល្អសម្រាប់ប្រជាជននៅតាមទីជនបទខណៈការរង់ចាំបណ្តាញអគ្គិសនីរបស់រដ្ឋអាចនឹងត្រូវប្រើពេលយូរតទៅទៀត។
ម៉ៅ សាង៉ាត់ បានរៀនចប់បរិញ្ញាបត្រ ជំនាញគណនេយ្យនៅឆ្នាំ ១៩៩៧។
នៅ ឆ្នាំ ១៩៩៨ លោកបានចូលបម្រើការងារនៅក្រុមហ៊ុន ឈ្មោះ «ខ្មែរសូឡា»។ លោកបានបម្រើការងារនៅទីនោះរយៈពេល ១១ ឆ្នាំ រហូតដល់ឆ្នាំ ២០០៨ ទើបលោកចាប់ផ្តើមបើកក្រុមហ៊ុនដោយខ្លួនឯង។
លោកថ្លែងថា៖ «ខ្ញុំធ្វើការងារឲ្យគេ ១១ ឆ្នាំទើបខ្ញុំចេះរហូតបំបែកខ្លួនបាន។ ដៃគូ [អតីតក្រុមហ៊ុនខ្ញុំ] គេខឹងដែរ ព្រោះយើងដណ្តើមម៉ូយគ្នា»
នៅពេលលោកចាប់ផ្តើមបើកដំណើរការក្រុមហ៊ុនដំបូង ប្រព័ន្ធសូឡាខ្លះដែលគេបានដំឡើងនៅជាយរាជធានីភ្នំពេញត្រូវបានគេលក់ចេញមកវិញដោយសារបណ្តាញអគ្គិសនីរដ្ឋបានទៅដល់ដោយលោកបានទិញផ្ទាំងសូឡាដែលគេឈប់ប្រើហើយយកទៅលក់បន្តទៅឲ្យ អតិថិជននៅតំបន់ឆ្ងាយពីទីក្រុងវិញ។
លោកបន្តថា៖ «ខ្ញុំនិយាយអួតតិចទៅចុះ កាលនោះខ្ញុំចំណេញ ២ ម៉ឺន ទៅ ៣ ម៉ឺនដុល្លារភ្លាមៗ។ យើងសប្បាយចិត្តណាស់ យើងទិញរបស់ជជុះ ហើយយើងយកមកលក់»។
លោកបន្ថែមថា៖ «ពីមុនខ្ញុំស៊ីប្រាក់ខែមានកំណត់ ហើយខ្ញុំបាន ៥០០ ដុល្លារក្នុងមួយខែ តែពេលខ្ញុំចេញមក [បើកក្រុមហ៊ុនខ្លួនឯង] មានថ្ងៃខ្លះខ្ញុំរកប្រាក់ចំណូលបាន ៥ ០០០ ដុល្លារក្នុងមួយថ្ងៃក៏មានដែរ។ ដូចនេះវារំភើបណាស់»។
ការលក់បានចំណូលច្រើនបែបនោះក្នុងមួយថ្ងៃ គឺជាប់ពាក់ព័ន្ធនឹងគម្រោងអង្គការធំៗ។ នេះបើតាមលោក សាង៉ាត់។
សាង៉ាត់ ដែលជាកូនកសិករនៅស្រុក រំដួល ខេត្ត ស្វាយរៀង បានរំឭកថា ការលក់ពីអំឡុងឆ្នាំ ២០០០ ការបើកអាជីវកម្មដំឡើងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យអាចរស់រានបានដោយសារតែ គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល ដូចជា UNDP UNICIEF និង CARE ជាដើម ព្រោះប្រជាជនមិនទាន់ស្គាល់ច្រើនទេ។
អង្គការធំៗទំាងនោះទិញឧបករណ៍ពន្លឺព្រះអាទិត្យនេះទៅបំពាក់នៅតាមមណ្ឌលសុខភាព ឬតាមទីសាធារណៈផ្សេងៗទៀត ឬក៏សហគមន៍។
ប៉ុន្តែ បច្ចុប្បន្នមិនដូចពីមុន លោក សាង៉ាត់ លើកឡើងថា ទីផ្សារបច្ចុប្បន្នសម្រាប់អាជីវកម្មមួយនេះ ក៏កំពុងតែមានការប្រកួតប្រជែងខ្លាំងនៅប្រទេសកម្ពុជា។ ការប្រកួតប្រជែងនោះកើតចេញពីក្រុមហ៊ុនចិនមកបង្កើតនៅកម្ពុជា ហើយបង្កើនការលក់យ៉ាងខ្លាំងដោយដើរលក់ទៅឲ្យអ្នកភូមិ។
ស្របជាមួយគ្នានេះ លោកក៏បានបង្កើនការផ្សាយពាណិជ្ជកម្មតាមរលកធាតុអាកាសវិទ្យុដោយ ត្រូវចំណាយរហូតដល់ ១០០០ ដុល្លារក្នុងមួយខែនៅក្នុងបរិយាកាសប្រកួតប្រជែងនេះ។
ទោះបីមានការប្រកួតប្រជែងខ្លាំងជាងមុន ក៏ការលក់នៅតែមានការកើនឡើង ព្រោះវាជាប្រភពនៃតម្រូវការចាំបាច់មួយសម្រាប់គ្រួសារ។ ចំណូលជាមូលដ្ឋានបានមកពីការដំឡើងផ្ទាំងសូឡានៅតាមគេហដ្ឋានប្រជាជនមានប្រមាណ ៥៥ ០០០ ដុល្លារក្នុងមួយខែ។
លោកបានបន្តថា យ៉ាងហោចណាស់លោកលក់អស់ ១០០ ផ្ទាំងដោយមួយផ្ទាំងថ្លៃ ៥៥០ ដុល្លារ។ ជាមួយគ្នានោះ ក៏មានគម្រោងធំៗមួយចំនួនដែលមានតម្លៃចន្លោះពី ១ ម៉ឺនទៅ ២ ម៉ឺន ដុល្លារដែលទទួលយកសេវាកម្មដំឡើងពីក្រុមហ៊ុនរបស់លោកផងដែរ។
លោក បានបន្ថែមថា ក្រុមហ៊ុនរបស់លោកមានបុគ្គលិកបម្រើការងារប្រមាណ ២០ នាក់ដោយម្នាក់មានប្រាក់បៀវត្សរ៍លើសពី ១៥០ ដុល្លារក្នុងមួយខែ ហើយភាគច្រើននៃពួកគេប្រចាំការនៅតាមខេត្ត។
លោកបន្តថា៖ «និយាយឲ្យចំទៅ ក្នុងចំណោម ១០០ ប្រព័ន្ធការដំឡើងនៅភ្នំពេញមានតែមួយប្រព័ន្ធប៉ុណ្ណោះ។ អតិថិជនភាគច្រើនបំផុតទាក់ទងទិញតាមទូរស័ព្ទ។ យើងកំពុងតែធ្វើទីផ្សារផ្តោតសំខាន់ទៅលើគ្រួសារដែលមានកូនទៅធ្វើការនៅប្រទេសកូរ៉េ។ ភ្លើងអគ្គិសនីមិនងាយទៅដល់ទីជនបទទេ។ រឿងអ្នកនយោបាយនិយាយចេះតែនិយាយហើយ»៕