ភ្នំពេញៈ ទំហំ​នៃ​ការជួញដូរ​ភាគហ៊ុន​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​កើនឡើង​ខ្ពស់​បំផុត​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​ចុងក្រោយ​នេះ ដែល​មួយ​ផ្នែក​ធំ​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​មុខងារ​បញ្ជា​ទីផ្សារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CSX ​កាលពី​ម្សិលមិញ​។

ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​ចុងក្រោយ​គិត​ត្រឹម​ថ្ងៃទី ​២០ ខែ​មិថុនា​ទំហំ​នៃ​ការជួញដូរ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​មាន​បរិមាណ​សរុប​ជិត ៣ សែន​ភាគហ៊ុន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​។


សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្ត​ថា​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៣ ខែ​មិថុនា​មក​ភាគហ៊ុន​ដែល​ត្រូវ​បាន​ជួញដូរ​មាន​ចំនួន ២៤ ៧១៣ ហ៊ុន រួច​បន្ត​កើន​ឡើងដល់ ៤៧ ៩៧៦ ហ៊ុន បន្ទាប់មក​ធ្លាក់​ចុះ​បន្តិច​មក​ត្រឹម ៤៤ ៣៤៦ ហ៊ុន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។


ប៉ុន្តែ​សម្រាប់​ការជួញដូរ​ចាប់ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ការ​ជួញដូរ​បាន​បន្ត​កើនឡើង​ដល់ ៦៤ ៦៦៦ ហ៊ុន មុន​ពេល​លោត​ឡើង​ដល់​ចំនួន ១៣១ ២៧៩ ហ៊ុន​នៅ​ថ្ងៃ​បន្ទាប់​។


ទំហំ​នៃ​ការជួញដូរ​ទាំង​នេះ​គឺជា​កម្រិត​ខ្ពស់​ខ្លាំង​មួយ​បើ​ធៀប​ទៅ​នឹង​ទំហំ​ជួញដូរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ដែល​មាន​ចំនួន​តែ ៧ ៨៤៥ ហ៊ុន​គិត​ចាប់ពី​ដើម​ឆ្នាំ​ ២០១៨ មក​។


លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ប្រភេទ​បញ្ជា​ទីផ្សារ គឺជា​មុខងារ​មួយ​ដែល​ជួយ​សម្រួល​ដល់​ការជួញដូរ​ភាគហ៊ុន​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​វា​មាន​ដំណើរ​ការ​រហ័ស​។


លោក​បាន​ថ្លែង​ថា​៖ «​បើ​យើង​ចង់​ទិញ ឬ​ចង់​លក់​ក្នុង​ទំហំ​ធំ​រាប់ម៉ឺន​ហ៊ុន យើង​ប្រើ​ប្រភេទ​បញ្ជា​នឹង​វា​លឿន​។ យើង​មិន​សូវ​ផ្តោត​លើ​តម្លៃ​ទេ យើង​គិត​ថា​ធ្វើ​ម៉េច​ទិញ​ឲ្យ​បាន ឬ​លក់​ឲ្យ​បាន​។ អ៊ីចឹង​យើង​ប្រើ​បញ្ជា​ហ្នឹង​គឺ​លក់​បាន​ភ្លាម ទិញ​បាន​ភ្លាម​»​។

មុខងារ​បញ្ជា​ទីផ្សារ​ត្រូវ​បាន​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ខែ​មករា​ឆ្នាំ​នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​វិនិយោគិន​ដែល​មាន​បំណង​ទិញ​/​លក់​មូលបត្រ​ភ្លាមៗ​តាម​តម្លៃ​ទីផ្សារ​។

កាលពី​ម្សិលមិញ សន្ទស្សន៍​ផ្សារមូលបត្រ​កម្ពុជា​បាន​កើនឡើង ១,០៦ ភាគរយ​ដែល​មាន​ទំហំ​ចំនួន ១៨ ៦៨៦ ហ៊ុន និង​តម្លៃ​ជួញដូរ​សរុប​ប្រហែល ១៤ ០៤១ ដុល្លារ​៕