ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានបដិសេធចំពោះការផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទដល់អង្គការសមាគមចំនួន ១២ និងបានដកហូតវិញ្ញាបនបត្រគ្រឹះស្ថានឥណទានជនបទចំនួន ១១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ការប្រកាសនេះត្រូវបានធនាគារជាតិឲ្យធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានដឹង។
អង្គការសមាគមដែលធនាគារជាតិនៃកម្ពុជាបានបដិសេធក្នុងការស្នើសុំចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទទាំង ១២ រួមមាន៖ អង្គការកម្ពុជាដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការកម្ពុជាស្ថាបនារុងរឿង អង្គការសង្គ្រោះ និងផ្តល់ក្តីសង្ឃឹមប្រជាជន អង្គការពន្លឺថ្មីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ អង្គការអភិវឌ្ឍន៍ជីវភាពសហគមន៍ អង្គការគ្រួសារសាមគ្គី អង្គការឥណទានសុវណ្ណភូមិ អង្គការអភិវឌ្ឍន៍ក្រុមគ្រួសារកម្ពុជា សមាគមអភិវឌ្ឍន៍ដំណាំស្រូវ អង្គការដារ៉ាអភិវឌ្ឍន៍ សមាគមអភិវឌ្ឍន៍កូនខ្មែរ សមាគមកសិករយើង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ការច្រានចោលសំណើនេះ ដោយសារគ្រឹះស្ថានទាំងនោះមិនមានលក្ខណៈគ្រប់គ្រាន់។ NBC ក៏បានដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំនួន ១១ ផងដែរ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា លោកគាំទ្រចំពោះចំណាត់ការរបស់ធនាគារជាតិ ដោយអះអាងថា NBC តែងតែធ្វើអ្វីទៅតាមគោលការណ៍ និងច្បាប់កំណត់។ លោកថ្លែងថា៖ «ខ្ញុំជឿថា ស្ថាប័នទាំងអស់នោះមិនអាចបំពេញបានទៅតាមលក្ខខណ្ឌដែល NBC បានកំណត់។ ការគោរពតាមច្បាប់នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជារឹតតែរឹងមាំ»៕ LA