នាំចេញកៅស៊ូកើន៣២%
ភ្នំពេញៈ ការនាំចេញកៅស៊ូក្រែបរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកនៅឆមាសទី១ ឆ្នាំ២០១៣ បានកើនឡើងជិត៣២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
តួលេខនាំចេញនាំចូលរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញ ថា ការនំាចេញកៅស៊ូក្រែបមាន ២៩ ៧៩៩,២២ តោនក្នុងរយៈពេលកន្លះឆ្នាំ ដោយមានកំណើន ៣១,៧៥ ភាគរយ ធៀបនៅនឹង ៦ខែ ឆ្នាំ ២០១២។
តួលេខនោះក៏បានបង្ហាញពីកំណើនដ៏ស្តួចស្តើងនៃចំណូលបានមកពីការលក់ជ័រកៅស៊ូ ដោយមានកំណើនជិត៤ភាគរយពី៧៣ ៥៨០ ១២៨ ដុល្លារដល់ ៧៦ ៤៨៤ ៦០១ ដុល្លារ។
អ្នកនាំចេញកៅស៊ូ និយាយថា តម្រូវការកៅស៊ូនៅទីផ្សារពិភពលោកនៅតែមានសញ្ញាវិជ្ជមាន។
លោក ហេង ស្រេង អគ្គនាយកក្រុមហ៊ុនឡុងស្រេងអន្តរជាតិ និងជាម្ចាស់នៃចម្ការកៅស៊ូបឹងកេតនៅខេត្តកំពង់ចាម បាននិយាយថា មូលហេតុនៃការកើនឡើងការនាំចេញកៅស៊ូកើតចេញពីសមត្ថ-ភាពផលិតកម្មកៅស៊ូ និងសមត្ថភាពកែច្នៃបានកើនឡើងនៅប្រទេសកម្ពុជា។
លោកបន្តថា៖ «យើងឃើញដើមកៅស៊ូកាន់តែច្រើនដល់ពេលចៀរជ័រ។ ក្នុងពេលនេះតម្រូវការកៅស៊ូច្រើនណាស់ សូម្បីរោងចក្ររបស់ខ្ញុំរកកៅស៊ូលក់គ្មានផង»។
មកដល់ដំណាច់ឆ្នាំ ២០១២ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូកើនដល់ ២៨០ ៣៥៥ ហិកតា គឺកើនឡើង ៣១,៥ ភាគរយ បើធៀបនឹងឆ្នាំ២០១១៕