ក្រុងសេអ៊ូលៈ ប្រធាន​ក្រុមហ៊ុន​គ្រឿងសម្អាង​ដ៏ធំ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​លាលែង​ពី​តំណែង​កាល​ថ្ងៃអាទិត្យ បន្ទាប់ពី​ប្រឈម​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​នៃ​ការបង្ខំ​ឲ្យ​បុគ្គលិក​របស់​លោក​មើល​វីដេអូ YouTube ដែល​សរសើរ​ប្រទេស​ជប៉ុន​ក្នុងពេល​ដែល​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

វីដេអូឃ្លីប ដែល​បាន​ចាក់ផ្សាយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​មួយ​ដែលមាន​ការចូលរួម​ពី​បុគ្គលិក​ប្រហែល ៧០០ ​នាក់​របស់​ក្រុមហ៊ុន Kolmar Korea កាលពី​សប្ដាហ៍​មុន រិះគន់​ការឆ្លើយតប​របស់​លោក​ប្រធានាធិបតី Moon Jae-in ទៅនឹង​បទប្បញ្ញត្តិ​ពាណិជ្ជកម្ម​របស់​ជប៉ុន និង​សរសើរ​លោក​នាយក​រដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ សម្រាប់ «​ការមិន​ដាល់​លោក Moon ចំ​កណ្ដាល​មុខ​»​។


វីដេអូ​នេះ​ក៏​សំដៅ​ដល់​សេដ្ឋកិច្ច​ដែល​ជាប់គាំង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា ជា​ទី​ដែល «​ស្ដ្រី​ជាច្រើន​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ស្ដ្រី​ពេស្យា​ដែល​មាន​តម្លៃ​ខ្លួន​ត្រឹមតែ ៧ ​ដុល្លារ​ប៉ុណ្ណោះ​» ហើយ​វីដេអូ​នេះ​បន្ថែម​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​មិន​ឆ្ងាយ​ពី​ការជួប​វាសនា​ស្រដៀង​គ្នា​នេះ​នោះទេ​។


ករណីនេះ​បាន​បណ្ដាល​ឲ្យ​មានការ​ខឹងសម្បា​ជា​សាធារណៈ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការធ្វើ​ពហិការ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ដែល​ផ្គត់ផ្គង់​យីហោ​គ្រឿង​សម្អាង​ជាច្រើន​ទូទាំង​ពិភពលោក​។


លោក Yoon Dong-han ប្រធាន​ក្រុមហ៊ុន Kolmar Korea បាន​សុំ​អភ័យទោស​កាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ទង្វើ «​ញុះញង់​ឲ្យ​មាន​បញ្ហា​» និង​បាន​ឲ្យ​ដឹង​ថា លោក​នឹង​លាលែង​ពី​តំណែង​របស់​ខ្លួន​។


លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​អតិថិជន និង​ប្រជាជន​កូរ៉េ​ដែល​ទុកចិត្ត និង​ស្រឡាញ់​ផលិតផល​របស់​យើង​»​។ លោក​បាន​បន្ថែម​ថា​៖ «​ជាពិសេស​ខ្ញុំ​ចង់​សុំ​អភ័យទោស​ដោយ​ស្មោះស្ម័គ្រ​របស់​ខ្ញុំ​ដល់​ស្ដ្រី​ទាំងនោះ​»៕ LA