ក្រុងស៊ាងហៃៈ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Baidu ដែលជា​ក្រុមហ៊ុន​ម៉ាស៊ីន​រុករក​អ៊ីនធឺណិត​ប្រទេស​ចិន​មាន​ភាពល្អប្រសើរ​ជាង​ការរំពឹងទុក​នៅ​ត្រីមាស​ចុងក្រោយ ប៉ុន្តែ​នៅតែ​បង្ហាញ​ការខាតបង់​សុទ្ធ ភាគច្រើន​ដោយ​ការវិនិយោគ​មូលធន​ដែល​ដំណើរការ​មិនល្អ​។

ក្រុមហ៊ុន​អ៊ីនធឺណិត​នាំមុខគេ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​មួយ​នេះ​បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​សរុប​របស់​ខ្លួន​នៅ​ត្រីមាស​ទី​ ៣ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​កញ្ញា​ មាន​ចំនួន ២៨,១ ​ពាន់​លាន​យន់ (៤ ពាន់​លាន​ដុល្លារ​) ធ្លាក់​បន្តិច​ធៀប​នឹង​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ខ្ពស់ជាង​ការព្យាករ​ដែលថា​មាន​ ២៧,៥ ​ពាន់​យន់ ​ក្នុង​ការស្ទង់មតិ​ក្នុង​ចំណោម​ក្រុមអ្នកវិភាគ​ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។


លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​បន្ទាប់ពី​ទីផ្សារ​អាមេរិក​បាន​បិទ​ការជួញដូរ​ដែល​បណ្ដាល​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន Nasdaq មួយ​នេះ​កើនឡើង​ជាង​ ៦ ភាគរយ​​ នៅពេល​ក្រៅ​ម៉ោង​ការជួញដូរ​ធម្មតា​។


ក្រុមហ៊ុន​បាន​រាយការណ៍​ការខាតបង់​សុទ្ធ​ចំនួន ៦,៣៧ ពាន់​លានយន់​ ក្នុង​រយៈពេល​ ៣ ​ខែ​នេះ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​ភាគច្រើន​ដោយសារ​ការខាតបង់​មិនមែន​សាច់ប្រាក់​» ដែលមាន​ចំនួន ៨,៩ ​ពាន់​លាន​យន់​ លើ​ការវិនិយោគ​ភាគហ៊ុន​។


ក្រុមហ៊ុន Baidu ជាធម្មតា​បាន​ពឹង​ផ្អែកលើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ប្រាក់ចំណូល​របស់​ខ្លួន​ភាគច្រើន​។


ប៉ុន្តែ​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​នេះ ងាយ​ទទួលរង​គ្រោះជា​ពិសេស​ដល់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដូចជា​ការធ្លាក់​ដែល​ប្រទេស ​ចិន​ កំពុង​ទទួលរង​នៅពេល​បច្ចុប្បន្ន​ដែល​បង្កើន​ការបារម្ភ​សម្រាប់​ប្រាក់ចំណេញ​នៅពេល​អនាគត​របស់​ក្រុមហ៊ុន Baidu ។


ក្រុមហ៊ុន Baidu កំពុង​ព្យាយាម​ជំរុញ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា​ទំនើប​៕ LA