ភ្នំពេញៈ ទិន្នផលអំបិលដែលប្រមូលបានជាង ៨៤ ០០០ តោន ក្នុងឆ្នាំ ២០២០ បានធ្វើឱ្យកម្ពុជាចៀសផុតពីកង្វះអំបិលប្រើប្រាស់ក្នុងស្រុកដូចកាលពីប៉ុន្មានឆ្នាំកន្លងមក។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អាកាសធាតុអំណោយផលបានធ្វើឱ្យការផលិតអំបិលក្នុងខេត្តកំពតកែបទទួលបានផលខ្ពស់រហូតដល់ប្រហែល ៨៤ ០០០ តោន កាលពីឆ្នាំមុន។
លោកបន្ថែមថា កាលពីឆ្នាំមុនការប្រមូលផលក៏មានរយៈពេលយូរផងដែរ ដោយកសិករអាចប្រមូលផលចាប់ខែមករា ដល់ខែសីហា ខណៈធម្មតា ការប្រមូលផលគឺត្រូវបញ្ចប់ត្រឹមខែឧសភា។
លោកនិយាយថា៖ «អំបិលឆ្នាំមុនយើងលក់ចេញជិតអស់ហើយ គឺនៅសល់ក្នុងស្តុកប្រមាណ ១ ម៉ឺនតោនប៉ុណ្ណោះ»។
លោក គឹមជឿន បានឱ្យដឹងទៀតថា អំបិលឆ្នាំមុនមានតម្លៃចន្លោះពី ៨ ០០០ រៀល ទៅដល់ ១២ ០០០ រៀល ក្នុង ១ បាវ ៥០ គីឡូក្រាម។ លោកបានលើកឡើងថា៖ «យើងមិនប្រឈមនឹងកង្វះអំបិលទេ ដោយទិន្នផលនេះ គឺយើងអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន»។
កញ្ញា ថូង ធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន ថូងត្រេឌីង ឯ.ក ដែលជាក្រុមហ៊ុនកែច្នៃអំបិលកំពតកែបបាននិយាយថា ក្រុមហ៊ុនបាននាំចេញអំបិលទៅទីផ្សារអន្តរជាតិ រួមមានបារាំង ជប៉ុន កាណាដា អង់គ្លេស ស្វ៊ីស និងសាធារណរដ្ឋឆែក ហើយក្រុមហ៊ុនក៏កែច្នៃផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
កញ្ញាបានឱ្យដឹងថា សព្វថ្ងៃ ក្រុមហ៊ុនរបស់កញ្ញាបានចុះកិច្ចសន្យាទិញលក់ជាមួយកសិករផលិតចំនួន ២៧ ដោយរំពឹងថាពួកគេនឹងអាចផលិតអំបិលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនប្រមាណ ២ ម៉ឺនតោន។ កញ្ញាអះអាងថា៖ «យើងកំពុងធ្វើការសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសបារាំង ហើយចរចាជាមួយណ្តាប្រទេសផ្សេងទៀត»។
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗបានជាង ១០ ម៉ឺនតោន។ ទោះជាយ៉ាងណាទិន្នផលនេះបានធ្លាក់ចុះ ៣ ឆ្នាំជាប់គ្នាវិញ (២០១៧, ២០១៨ និងឆ្នាំ ២០១៨)។
របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបង្ហាញថាកាលពីឆ្នាំ ២០១៩ ដោយសារខ្វះអំបិលរដ្ឋាភិបាលបានអនុញ្ញាតឱ្យសហគមន៍នាំចូលអំបិល ៣០ ០០០ តោន ប៉ុន្តែជាក់ស្តែងកម្ពុជាបាននាំចូលប្រហែល ១ ម៉ឺនតោនប៉ុណ្ណោះ ដោយសារកម្ពុជាអាចផលិតអំបិលបាននៅដើមឆ្នាំមុន។ នេះបើតាមលោក គឹមជឿន។
របាយការណ៍នេះបង្ហាញថា ការផលិតអំបិលក្នុងខេត្តទាំង ២ ស្ថិតលើផ្ទៃដីប្រមាណ ៤ ៧៤៨ ហិកតា ដោយត្រូវការប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៥ ០០០ នាក់ កាលពីឆ្នាំមុន។ បើអាកាសធាតុល្អក្នុង ១ ហិកតា គេអាចផលិតអំបិលបានប្រហែល ២០ តោន ក្នុងរយៈពេល ១ ឆ្នាំ៕
វីដេអូ៖