ភ្នំពេញៈ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​ពានរង្វាន់​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​ទាក់ទង​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ ២០១៩​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​អាកាសចរណ៍ CAPA​។

ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ដោយ​មជ្ឈមណ្ឌល​អាកាសចរណ៍ CAPA ជា​អង្គការ​ឈានមុខ​គេ និង​ទុកចិត្ត​លើ​ពិភពលោក​ខាង​ការផ្ដល់​ព័ត៌មាន​ទីផ្សារ​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍ និង​ការធ្វើដំណើរ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសចរណ៍​អាស៊ី CAPA ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​សិង្ហបុរី​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា​។

CAPA ឲ្យ​ដឹងថា ជម្រើស​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សម្រាប់​ការទទួល​យក​យុទ្ធសាស្ដ្រ​នវានុវត្តន៍​ដែល​បាន​នាំ​ទៅ​រក​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ជាង​ ២៥ ​ភាគរយ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ (២០១៧ និង​២០១៨) និង​ ១៥ ​ភាគរយ​ កាលពី​ត្រីមាស​ទី​ ១ និង​ទី​ ៣ ឆ្នាំ​ ២០១៩​។

CAPA ផ្ដល់​ពិន្ទុ​លើ​ការបញ្ចប់​យ៉ាងរហ័ស​លើ​ការងារ​ទាក់ទង​នឹង​ផ្លូវ​រត់ ដែល​បាន​ពង្រីក​សក្ដានុពល​សម្រាប់​សេវា​ហោះហើរ​ចម្ងាយ​ឆ្ងាយ ហើយ​ព្រលាន​យន្តហោះ​នេះ រួម​ជាមួយ​នឹង​ព្រលានយន្តហោះ​ ២ ​ផ្សេង​ទៀត​នៅ​សៀមរាប និង​ក្រុងព្រះសីហនុ​បាន​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​ដើម្បី​បង្កើត​ការងារ​។


លោក Peter HARBISON ប្រធាន CAPA បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៥ ​ដល់​ឆ្នាំ​ ២០១៨ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បង្កើន​ចំនួន​អ្នកដំណើរ​បាន​ ៥០ ​ភាគរយ ខណៈ​សមត្ថភាព​តម្លៃ​ដឹកជញ្ជូន​ទំនិញ​បាន​កើនឡើង​ជិត​ ២ ​ដង​»​។

លោក Alain BRUN អគ្គនាយក​ក្រុមហ៊ុន Cambodia Airports បាន​ឲ្យ​ដឹងថា ដោយសារ​ជា​ព្រលានយន្តហោះ​នេះ​តូច​បាន​ធ្វើឲ្យ​វា​ទទួល​បាន​អត្ថប្រយោជន៍​ពី​សមត្ថភាព​ក្នុង​ការទទួល​យក​ដោយ​ងាយស្រួល និង​ការឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​។

លោក​បន្ថែមថា​៖ «​ការសរសើរ​នេះ​គឺ​សក្ខីភាព​នៃ​គំរូ​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​របស់​ព្រលានយន្តហោះ​នេះ​ដែល​ត្រូវបាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ចុង​ក្រោយនេះ​។ គំរូ​យើង​ធានា​ចក្ខុវិស័យ​រយៈពេល​វែង ការអាច​ទុក​ចិត្ត​បាន និង​ការវិនិយោគ​ជា​បន្ត ដែល​ប្រែ​ក្លាយ​ទៅជា​កំណើន​អ្នកដំណើរ​ដ៏រឹងមាំ​ចាប់ពី​ ៦០ ​ម៉ឺន​នាក់​ ទៅ​ ៦ ​លាន​នាក់​ ត្រឹម​ចុង​ឆ្នាំ​ ២០១៩»​។

លោកស្រី ឆៃ ស៊ីវលីន ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា​ពានរង្វាន់​ដែល​បាន​ផ្ដល់​នេះ​ឆ្លុះបញ្ចាំង​ពី​ផែនការ​បង្កើន និង​នវានុវត្តន៍​ព្រលាន​យន្តហោះ​ក្នុង​ការឆ្លើយតប​ចំពោះ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការមក​ដល់​ភ្ញៀវទេសចរ​ជា​រៀងរាល់​ឆ្នាំ​។

ទោះបី​យ៉ាងនេះ​ក្តី លោកស្រី​បន្តថា​ព្រលានយន្តហោះ​នេះ​ត្រូវតែ​ចាត់​វិធានការ​ក្នុង​ការផ្ដល់​សេវា​កាន់តែ​ប្រសើរ​សម្រាប់​អ្នកដំណើរ​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ជាមួយ​នឹង​ពានរង្វាន់​នេះ វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​របស់​ពួកគេ​នៅទីនេះ ខណៈ​យើង​នៅតែ​ប្រឈម​នឹង​កង្វះ​ជើង​ហោះ​ត្រង់​ចម្ងាយ​ខ្លី និង​ចម្ងាយ​វែង​ពី​តំបន់ និង​ពិភពលោក​»​។

ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន Cambodia Airports បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៨ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​សរុប​ជិត ១០,៦ ​លាន​នាក់ ​ក្នុង​នោះ​ ៥,៤ ​លាន​នាក់​ សម្រាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ៤,៤ ​លាន​នាក់ ​សម្រាប់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ទទួល​បាន​អ្នកដំណើរ​ជាង ៦៥០ ០០០ ​នាក់​។ ចំណត​ទទួលភ្ញៀវ​ទាំង​ ៣ ​បម្រើ​ទិសដៅ​ជាង ៥៥ និង​ស្វាគមន៍​ជើងហោះហើរ​ទៀងទាត់ ៧០០ ក្នុង​ ១ ​សប្ដាហ៍​៕LA

វីដេអូ៖