ក្រុង​បាងកកៈ ទឹក​ប្រាក់ ​១ ​កញ្ចប់​ផ្សេង​ទៀត​ចំនួន ៥ ពាន់​លាន​បាត​ ​(ប្រហែល ១៦០ លាន​ដុល្លារ) ត្រូវ​បាន​ផ្តល់​បន្ថែម​​ទៀត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ប្រមូល​ផល​ស្រូវ និង​គម្រោង​លើក​កម្ពស់​គុណភាព​ស្រូវ​សម្រាប់​កសិករ​ថៃ​នៅ​រដូវ​បង្ក​បង្កើន​ផល​ឆ្នាំ ២០១៨-២០១៩។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Boonyarit Kalayanamit លេខាធិការ​អចិន្ត្រៃយ៍​ផ្នែក​ពាណិជ្ជកម្ម បាន​ថ្លែង​ប្រាប់​​កាសែត​បាងកក​ប៉ុស្តិ៍​ថា គណៈកម្មការ​គោល​នយោបាយ​ស្រូវ​ជាតិ (NRPC) ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ​ ចាន់អូចា ជា​ប្រធាន កាល​ពី​ម្សិលមិញ​បាន​អនុម័ត​កញ្ចប់​ថវិកា​បន្ថែម​ចំនួន ៥ ពាន់​លាន​បាត​សម្រាប់​គម្រោង​ជំនួយ​ស្រូវ​​ក្នុង​រដូវ​ឆ្នាំ ២០១៨-២០១៩ ដែល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​មុន បន្ថែម​លើ​ទឹក​ប្រាក់​ចំនួន ៥៦,៤៧ ពាន់​​លាន​​បាត​ដែល​បាន​អនុម័ត​​​នា​ពេល​កន្លង​មក។

រដ្ឋាភិបាល​ថៃ​រំពឹង​ថា កសិករ​កាន់​តែ​ច្រើន​នឹង​ចុះ​ឈ្មោះ​សម្រាប់​​គម្រោង​នេះ ជា​ពិសេស​​កសិករ​មក​ពី​តំបន់​ភាគ​ខាង​ត្បូង ដែល​មិន​ទាន់​ប្រមូល​ផល​​នៅ​ឡើយ។

ទាក់ទង​នឹង​​ប្រាក់ ​៥៦,៤​៧ ពាន់​លាន​បាត​ លោក Boonyarit ថា រដ្ឋាភិបាល​បាន​បែង​ចែក​ទឹក​ប្រាក់ ​៥៦,២០ ពាន់​លាន​បាត​ដល់​​កសិករ​ ៤,០៨ លាន​នាក់​​​ពី​ថ្ងៃ​ទី ​២៨ ​មករា។


កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា កសិករ​ចំនួន​ប្រហែល ៤,២​៩ លាន​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​​គម្រោង​ជំនួយ​នេះ​ក្នុង​អំឡុង​ពេល​​នោះ ដែល​កើន​ខ្ពស់​ជាង​ទិស​ដៅ​ដែល​មាន​តែ​ ៤ លាន​នាក់។

កសិករ​ជា​ច្រើន​នៅ​តំបន់​ភាគ​ខាង​ត្បូង មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​​ឡើយ​ទេ។

លោក​ថា ទឹក​ប្រាក់​​បន្ថែម ៥ ពាន់​លាន​បាត​នេះ នឹង​ត្រូវ​​រក្សា​ទុក​មួយ​ផ្នែក​ធំ​សម្រាប់​កសិករ​​មក​ពី​​​ភាគ​ខាង​ត្បូង។

វិធានការ​ស្រូវ​ទាំង​នេះ​គ្រប​ដណ្តប់​លើ​គម្រោង​ចំនួន ៤ ដែល​រួម​មាន ១) គម្រោង​កម្ចី​សម្រាប់​កសិករ​ដែល​យល់​ព្រម​ពន្យារ​ពេល​លក់​ស្រូវ​ចេញ និង​ជំនួយ​សម្រាប់​ចំណាយ​លើ​ការ​ប្រមូល​​​ផល​ និង​លើក​កម្ពស់​គុណភាព​ស្រូវ ២) គម្រោង​កម្ចី​សម្រាប់​សហករណ៍​កសិកម្ម ដើម្បី​ប្រមូល​ស្រូវ និង​បន្ថែម​តម្លៃ​ទៅ​លើ​ស្រូវ ៣) ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​សម្រាប់​កសិករ វិទ្យាស្ថាន​កសិករ រួមទាំង​សហករណ៍​កសិកម្ម និង​សហគ្រាស​សហគមន៍​ដើម្បី​សាងសង់​ជង្រុក​ស្រូវ និង​ពន្យារ​ពេល​លក់​ស្រូវ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង ៤) កម្មវិធី​ឧបត្ថម្ភធន​ដែល​មាន​​អត្រា​ការ​ប្រាក់ ៣ ភាគរយ​​សម្រាប់​ពាណិជ្ជករ​ស្រូវ ដែល​យល់​ព្រម​រក្សា​ទុក​ស្តុក​របស់​ខ្លួន​សិន៕ KC