
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល ថ្លែងកន្លងមក។ រូបថត gdlf
ភ្នំពេញ: ក្រុមហ៊ុនចិន Hong De Sheng Steel (Cambodia) Co.,Ltd ដែលវិនិយោគលើរោងចក្រផលិតដែកថែបមានតម្លៃជាង ១៦ លានដុល្លារ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការឆាប់ៗនេះ។
ក្រុមហ៊ុននេះបានចូលមកវិនិយោគនៅកម្ពុជាកាលពីឆ្នាំមុនដោយសារមើលភាពអំណោយផលទីតាំងភូមិសាស្ត្រ និងការលើកទឹកចិត្តខ្ពស់ពីរដ្ឋាភិបាលដល់វិនិយោគិនពីបរទេស។ ក្រុមហ៊ុនបានអះអាងថា រោងចក្រនឹងដំណើរការឆាប់ៗនេះដោយរោងចក្រមានផលិតដែកថ្នាំងអំពៅ ដែកកង ដែលអាចផលិតដែកបានចំនួន ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
ក្រុមហ៊ុន Hong De Sheng Steel បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោមទុនវិនិយោគ ១៦,៧ លានដុល្លារ កាលពីខែមេសា ឆ្នាំ ២០២០។
ក្នុងដំណើរទស្សនកិច្ចទៅរោងចក្រនេះកាលពីថ្ងៃចន្ទលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានឱ្យដឹងថា ក្រុមហ៊ុននេះគ្រោងនឹងដំណើរការនៅខែវិច្ឆិកា ឆ្នាំ ២០២០។ ក្រុមហ៊ុននេះនឹងផលិតដែកឱ្យបាន ១៥០ ០០០ តោន នៅក្នុងឆ្នាំដំបូង និងចំនួន ២០០ ០០០ តោន នៅឆ្នាំបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារនៅក្នុងស្រុក។ នេះបើតាមសារព័ត៌មាន BTV។
លោកថ្លែងថា៖ «ក្រុមហ៊ុននឹងបំពាក់គ្រឿងចក្ររួចរាល់នៅខែក្រោយនេះ ហើយអាចចាប់ផ្តើមចង្វាក់ផលិតកម្មនៅដើមខែវិច្ឆិកាឆ្នាំនេះ។ រោងចក្រនេះនឹងប្រើប្រាស់កម្លាំងពលកម្មសរុប ២៥០ នាក់»។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា រោងចក្រផលិតដែកនេះនឹងចូលរួមចំណែកកាត់បន្ថយការនាំចូលដែកបានមួយផ្នែកពីក្រៅប្រទេស។
លោកថ្លែងថា៖ «យើងស្វាគមន៍ និងគាំទ្រចំពោះការបង្កើតរោងចក្រផលិតដែកពីកាកសំណល់ដែកចាស់ៗសម្រាប់ប្រើប្រាស់ក្នុងស្រុក»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះកម្ពុជានាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍ក្នុងតម្លៃសរុប ៥៦៥,៩១ លានដុល្លារ។
ទិន្នន័យបានបង្ហាញថា ការនាំចូលសម្ភារសំណង់មានតម្លៃ ៣៨១,៨៤ លានដុល្លារ ស្មើនឹង ៦៧២ ៧៨៥ តោន ដែកតម្លៃ ១៤០,៨ លានដុល្លារ ស្មើនឹង ២១៧ ១៥១ តោន និងស៊ីម៉ងត៍តម្លៃ ៤៣,២៧ លានដុល្លារ ស្មើនឹង ៦៨១ ៨១៧ តោន។
កាលពីឆ្នាំ ២០១៩ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍មានតម្លៃ ១ ៥០៦,៥៥ លានដុល្លារ ក្នុងនោះសម្ភារសំណង់តម្លៃ ៩០០,៥១ លានដុល្លារ ស្មើ ១,៧ លានតោន ដែក ៤៧៧,១៩ លានដុល្លារ ស្មើ ៧២២ ៦២១ តោន និងស៊ីម៉ងត៍ ១២៨,៨៥ លានដុល្លារ ស្មើ ១,៩៧ លានតោន៕LA