វេទិកា​ធុរកិច្ច​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ចាប់ផ្តើម​ថ្ងៃនេះ

Content image - Phnom Penh Post
សកម្មភាព​អ្នក​ចុះឈ្មោះ​ចូលរួម​វេទិកា​ធុរកិច្ច​អន្តរ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។ ហេង ជីវ័ន

ភ្នំពេញ: ក្រុមហ៊ុន​ឈានមុខ​គេ​ចំនួន​ ២០ ​របស់​ប្រទេស​កម្ពុជា​ នឹង​ចូលរួម​នៅក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPBF ) នៅ​ថ្ងៃនេះ ដើម្បី​ចាប់យក​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​វិស័យ​ឯកជន​នៅក្នុង​តំបន់ ជាពិសេស​ស្ថាប័ន និង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​។

វិទិកា​នេះ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ២៨ និង​ ២៩ ខែតុលា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​គឺជា​ព្រឹត្តិការណ៍​សាធារណៈ និង​ឯកជន​ដ៏សំខាន់​នេះ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក និង​វៀតណាម​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា ពិធី​បដិសណ្ឋារកិច្ច​នៃ​គណៈប្រតិភូ​ធុរកិច្ច​សម្រាប់ IPBF នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​ថា ឆ្នាំនេះ​គឺជា​លើក​ទី​៣ ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ដែលមាន​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ច្រើនជាង​រាប់ពាន់នាក់​ចូលរួម​។ វា​នឹង​ផ្ដល់ឱកាស​សម្រាប់​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន និង​មន្ដ្រីៗ​របស់​រដ្ឋាភិបាល​អាមេរិក​ដោយផ្ទាល់​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​យើង​ប្រារព្ធ​ខួប​លើក​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ ២​។ ដោយសារ​តែ​ភាពជា​ដៃគូ​ដែលមាន​ស្រាប់ ប្រទេស​កម្ពុជា ​តែងតែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផលិតផល និង​សេវាកម្ម​របស់​អាមេរិក​។ ភាពជា​ដៃគូ​មិន​កំណត់​តែ​ចំពោះ​វិស័យ​ឯកជន​នោះទេ យើង​នឹង​នាំយក​ដំណោះស្រាយ​ទាំងមូល​ទៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​អំពី​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​»​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​ការ​តំណាង​វត្តមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ តាម​ការអង្កេត​របស់​ខ្ញុំ សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​របស់​កម្ពុជា​មាន​ការកើនឡើង​កាន់តែ​ខ្លាំង ហើយ​ពិតជា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការរីកចម្រើន​យ៉ាង​រហ័ស​»​។ លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា អ្នកនឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​បង្ហាញ​ឱ្យ​ក្រុមហ៊ុន​ជុំវិញ​តំបន់ និង​មន្ដ្រី​រដ្ឋាភិបាល​មកពី​អាមេរិក និង​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដឹងថា អ្វី​កំពុង​កើតឡើង​នៅ​កម្ពុជា​»​។

លោក សុង សារ៉ន ប្រធាន Amru Rice (Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទី២ ​នេះ​នៅ​ទីក្រុង​បាងកក​ជា​កន្លែង​ដែល​លោក​បាន​ជួប​មេដឹកនាំ​ធុរកិច្ច​រាប់ពាន់​នាក់ និង​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ជាច្រើនរូប​។

លោក​ថ្លែងថា​៖ «​យើង​មាន​ឱកាស​ក្នុង​ការជួបជុំ និង​និយាយ​ដោយផ្ទាល់​ជាមួយ​មន្ដ្រី​ជាន់ខ្ពស់​មកពី​អាមេរិក និង​ដៃគូ​ធុរកិច្ច​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈដែល​យើង​បាន​ចែករំលែក​អំពី​ប្រវត្តិ​ធុរកិច្ច​របស់​យើង និង​ឱកាស​វិនិយោគ​ដែល​យើង​អាច​ធ្វើជា​ដៃគូ ឬ​ទទួល​យក​កម្ចី​បាន​»​។

លោក​បាន​បន្ថែមទៀត​ថា​៖ «Amru Rice គឺជា​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិនស្រូវ ទទួល​បាន​កម្ចី​ពី​ធនាគារ EXIM របស់​អាមេរិក ដើម្បី​វិនិយោគ​លើ​ការកែលម្អ​ប្រព័ន្ធ​ស្ដុក​អង្ករ​កាន់តែ​ទំនើប​ថែមទៀត​»​។

អាមេរិក​គឺជា​ទីផ្សារ​ឈានមុខ​គេ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​ $៥,៤ ​ពាន់​លាន​កាលពី​ឆ្នាំមុន កើនឡើង​ពី​ ៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥​។ ប្រទេស​កម្ពុជា​ បាន​នាំចេញ​ទំនិញ​មានតម្លៃ​ ២,៧៥ ​ពាន់​លាន​ដុល្លារ​ ទៅ​ទីផ្សារ​អាមេរិក​នៅ​ឆមាស​ទី​១ ​ឆ្នាំ​នេះ កើនឡើង​ ២៣ ​ភាគរយ​ ធៀប​នឹង​ ២,២៤ ​ពាន់​លាន​ដុល្លារ ​នៅ​​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៕ LA

ព័ត៌មានថ្មីៗ