សហភាព​អឺរ៉ុប​ពិន័យ​ Qualcomm ២៧១ ​លាន​ដុល្លារ

Content image - Phnom Penh Post
សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ពិន័យ​​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក​ Qualcomm នូវ​​​ទឹក​ប្រាក់​​ចំនួន ២៤២ លាន​អឺរ៉ុប (២៧១ លាន​ដុល្លារ) ​ពី​បទ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ។ AFP

ក្រុង​ប៊្រុចសែលៈ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ពិន័យ​​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក​ Qualcomm នូវ​​​ទឹក​ប្រាក់​​ចំនួន ២៤២ លាន​អឺរ៉ុប (២៧១ លាន​ដុល្លារ) ​ពី​បទ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ ​ដែល​ជា​​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​សមរភូមិ​ប្រកួត​ប្រជែង​ក្នុង​តំបន់​អាស៊ី​ និង​នៅ​អាមេរិក។

ការ​ពិន័យ​នេះ ​គឺ​ជា​ការ​ពិន័យ​លើក​ទី២ ហើយ​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​ក្រុមហ៊ុន Qualcomm ដោយ​ទីក្រុង​ប៊្រុចសែល​​ចំនួន​ ៩៩៧ លាន​អឺរ៉ូ ​នៅ​ខែ​មករា ​ឆ្នាំ ២០១៨។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា៖ «ការ​ស៊ើប​អង្កេត​របស់​យើង​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Qualcomm បាន​រំលោភ (ភាព​​គ្រប​ដណ្តប់​លើស​លប់​លើ​​ទីផ្សារ)​ របស់​ខ្លួន​​នៅ​ចន្លោះ​​​ពាក់​កណ្តាល​ឆ្នាំ ២០០៨ ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១១ តាមរយៈ​ការ​ពាក់ព័ន្ធ​នឹង​ការ​កំណត់​តម្លៃ​ទាប​ខ្លាំង»។

លោកស្រី Margrethe Vestager ស្នងការ​គណៈកម្មការ​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា បន្ទះ​ឈីប​​ដែល​ស្ថិត​ក្នុង​បញ្ហា​ក្នុង​សំណុំ​រឿង​របស់​សហភាព​អឺរ៉ុប​នេះ «គឺ​ជា​គ្រឿង​ផ្គុំ​សំខាន់ ដើម្បី​ឲ្យ​សេវា​ចល័ត​អាច​ភ្ជាប់​ទៅ​នឹង​អ៊ីនធឺណិត​បាន»។

លោកស្រី​បន្ថែម​ថា៖ « Qualcomm បាន​លក់​ផលិតផល​ទាំង​​នេះ​ក្នុង​តម្លៃ​ទាប​​មួយ​ក្រោម​​ថ្លៃ​ដើម​ទៅ​ឲ្យ​អតិថិជន​សំខាន់ៗ​ក្នុង​គោល​បំណង​​ជម្រុះ​​ចោល​គូ​ប្រកួត​ប្រជែង»។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Qualcomm បាន​លក់​បន្ទះ​ឈីប​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន Huawei និង ZTE ដែល​ជា​អតិថិជន​យុទ្ធសាស្រ្ត​របស់​ខ្លួន «ក្នុង​គោល​បំណង​ជម្រុះ​ចោល​ក្រុមហ៊ុន Icera ដែល​ជា​គូ​ប្រជែង​ចម្បង​របស់​ខ្លួន​នៅ​ពេល​នោះ»។

ក្នុង​ឆ្នាំ ២០១១ Icera ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន​ Nvidia ដែល​ក្នុង​ឆ្នាំ ២០១៥ បាន​​សម្រេច​បែង​ចែក​ទ្រព្យ​របស់​ក្រុមហ៊ុន​នេះ ​ដើម្បី​សង​បំណុល ជា​ករណី​ដែល​​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​​របស់​គណៈកម្មការ​នេះ៕ AFP/KC