សិង្ហបុរីៈ ប្រទេសសិង្ហបុរី បានទាក់ទាញទឹកប្រាក់ វិនិយោគប្រមាណ ១៧,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទោះបីរងការធ្លាក់ចុះអាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីខ្លួនទទួលបានឯករាជ្យ ដែលបណ្តាលមកពីការរីករាលដាលកូវីដ ១៩។
ប្រការនេះបានយកឈ្នះលើគោលដៅរយៈពេលមធ្យមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) ដល់គោលដៅរយៈពេលវែងពី ៨ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារនិងលើសឆ្នាំ ២០១៩ ដែលមានចំនួន ១៥,២ ពាន់លានដុល្លារ ក្នុងការវិនិយោគទ្រព្យសម្បត្តិថេរ។ ការវិនិយោគដែលទទួលបាននៅឆ្នាំ ២០២០ គឺមានទំហំធំបំផុតចាប់តាំងពីឆ្នាំ ២០០៨ នៅពេលដែល EDB ទាញបានទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារ។
ការប្តេជា្ញចិត្តកាលពីឆ្នាំមុន ត្រូវបានបង្កើនឡើងដោយការវិនិយោគទឹកប្រាក់ដ៏ច្រើន ក្នុងវិស័យអេឡិចត្រូនិក គីមី ការស្រាវជ្រាវ និងការអភិវឌ្ឍ។ នេះបើយោងតាម EDB ចែករំលែកនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនៅថ្ងៃពុធ។
ឆ្លើយប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម លោក Chan Chun Sing បាននិយាយថា៖ «ការខិតខំរបស់យើងដើម្បីរក្សានូវព្រំដែនបើកចំហរ រក្សាការភ្ជាប់ទំនាក់ទំនងទៅខាងក្រៅ និងធានានូវការបន្ត អាជីវកម្ម បានផ្តល់ឲ្យក្រុមហ៊ុនអន្តរជាតិនូវទំនុក ដើម្បីបន្តបោះទីតាំងគម្រោងរបស់ពួកគេក្នុងប្រទេសសិង្ហបុរី»។
លោកនិយាយថា ក្រៅពីនោះសិង្ហបុរីអាចមានលទ្ធភាពទាក់ទាញគម្រោងសំខាន់ៗ ជាពិសេសវិនិយោគិនដែលដោះស្រាយជាមួយផលិតផលមានតម្លៃខ្ពស់ និងមានប្រយោជន៍ដល់ចំណេះដឹង នៅលើការគាំទ្រនៃប្រព័ន្ធច្បាប់ខ្លាំង និង របបកម្មសិទ្ធិបញ្ញា។
ប្រទេសសាធារណរដ្ឋបានប្រមូលចំណូលចំណាយពាណិជ្ជកម្មសរុបចំនួន ៦,៨ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៅឆ្នាំ ២០២០ ដែលទាបជាង ៩ ពាន់លានដុល្លារកាលពីឆ្នាំមុន៕ The Straitstimes-ANN/RR