ភ្នំពេញៈ សេរ៉ាឡេអូន ដែល​ជា​ប្រទេស​អនុតំបន់​អាហ្វ្រិក​សាហារ៉ា​គ្រោង​នឹង​នាំចូល​អង្ករ​ពី​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក ខណៈ​តំណាង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹងថា​នឹង​មាន​ទីផ្សារ​ថ្មី​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​។

ការចាប់អារម្មណ៍​នេះ​ត្រូវ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក Ernest M. Ndomahina ឯកអគ្គរាជទូត​សេរ៉ាឡេអូន​ប្រចាំ​នៅ​ប្រទេស ​ចិន និង​លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​។


លោក Ernest M. Ndomahina បាន​ឲ្យ​ដឹងថា ដោយសារ​វិស័យ​កសិកម្ម​របស់​សេរ៉ាឡេអូន​នៅតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​មិនល្អ​ដើម្បី​គាំទ្រ​ដល់​វិស័យនេះ​ប្រទេស​នេះ​ត្រូវការ​នាំចូល​អង្ករ​បន្ថែម​ពី​បណ្ដា​ប្រទេស​ក្រៅ ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​ក្នុង​ស្រុក​ជារៀងរាល់​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​ពេលនេះ​កម្ពុជា​កំពុង​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ដំណើរទស្សនកិច្ច​នេះ​មាន​គោលបំណង​ស្វែងរក​ទីផ្សារ​កសិកម្ម​របស់​កម្ពុជា ជាពិសេស​ដើម្បី​សិក្សា​អំពី​លទ្ធភាព​លើ​ការ​នាំចូល​អង្ករ​ទៅ​សេរ៉ាឡេអូន​»​។


លោក ប៉ាន សូរស័ក្ដិ បាន​ស្វាគមន៍​ពី​បំណង​ចង់​ទិញ​អង្ករ​ពី​កម្ពជា​នេះ​។ លោក​បាន​ជំរុញ​ពាណិជ្ជករ​ ឬ​ក្រុមហ៊ុន​នាំចូល​ពី​សេរ៉ាឡេអូន សិក្សា​លទ្ធភាព​លើ​ការ​នាំចូល​មុនពេល​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្ដីពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ហើយ​ពួកគេ​ក៏​អាច​សន្ទនា​ដោយផ្ទាល់​ជាមួយ​ពាណិជ្ជករ​ក្នុង​ស្រុក​ផងដែរ​។


លោក លន យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ដឹងថា​កម្ពុជា​ពុំទាន់​មាន​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ប្រទេស ​សេរ៉ាឡេអូន​ នៅឡើយ​ទេ​រហូត​មកទល់​ពេលនេះ​។ លោក​ថ្លែងថា​៖ «​វា​ជា​ដំណឹង​ល្អ​ដែល​ប្រទេស​នេះ មាន​បំណង​ទិញ​អង្ករ​ពី​កម្ពុជា វា​នឹង​ក្លាយ​ជា​ទីផ្សារ​ថ្មី​ ១ ​ទៀត​របស់​យើង​»​។


ទោះបី​យ៉ាងនេះ​ក្តី​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វិ្រក​រួចទៅ​ហើយ រួមមាន ហ្គាណា កាប៉ុង តូហ្គូ កូតឌីវ័រ កេនយ៉ា និង​អាយវ៉ូរី ដែល​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០១៩ ​នេះ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ទាំងនេះ​សម្រេច​បាន​ជិត ៣០ ០០០ តោន​។ លោក​ថ្លែងថា​៖ «​និន្នាការ​ទីផ្សារ​អង្ករ​កម្ពុជា​នៅ​តំបន់​ចាប់ផ្តើម​មាន​ទីផ្សារ​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តែ​ក្នុង​បរិមាណ​តិចតួច​នៅឡើយ​»​។


កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៥១៤ ១៤៩ តោន​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង ៣,៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែលមាន ៤៩៧ ២៤០ ​តោន​។

ប្រទេស​ ចិន គឺជា​ទីផ្សារ​នាំមុខ​គេ ដោយ​មាន​បរិមាណ ១៩៥ ២៤២ ​តោន សហភាពអឺរ៉ុប មាន ១៧៤ ៣៩៧ ​តោន និង​តំបន់​អាស៊ាន មាន ៦៩ ២៣៩ ​តោន ​ក្រៅពី​នោះ​មាន​នាំ​ចេញ​ទៅ​អាហ្វ្រិក និង​ទិសដៅ​មួយ​ចំនួន​ទៀត​៕LA