ក្រុង​កូឡុំបូៈ ប្រទេស​ ស្រីលង្កា បាន​​អំពាវ​នាវ​ឲ្យ​​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​​​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កញ្ចប់​​​ថវិកា​សង្គ្រោះ​​ចំនួន ​១,៥ ​ពាន់​លាន​ដុល្លារ​​អាមេរិក​ដែល​ត្រូវ​បាន​ព្យួរ​​​នៅ​ក្នុង​អំឡុង​​ពេល​មាន​​វិបត្តិ​នយោបាយ​​​របស់​​ប្រទេស​កោះ​នេះ​​កាល​ពី​ចុង​ឆ្នាំ​មុន​​។ នេះ​បើ​យោង​តាម​​ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា​​កាល​ពី​​ថ្ងៃ​ពុធ​។

កាល​ពី​ខែ​តុលា ប្រធានាធិបតី​ស្រីលង្កា​ លោក​ Maithripala Sirisena បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​​​អស់រយៈ​​ពេល​ជា​ច្រើន​សប្តាហ៍​ រួម​​ទាំង​​​ជម្លោះ​​នៅ​ក្នុង​រដ្ឋសភា​តាម​រយៈ​ការ​​​បណ្តេញ​​លោក Ranil Wickremesinghe ចេញ​ពី​តំណែង​​​ជា​នាយក​រដ្ឋមន្រ្តី​ និង​​​​ការ​​រំលាយ​សភា​។


តុលាការ​ និង​សភា​ក្រោយ​មក​​​បាន​សម្រេច​ថា ទង្វើ​របស់​​លោក​ប្រធានាធិប​តី គឺ​អធម្មនុញ្ញភាព​​ និង​បាន​ស្តារ​នីតិ​សម្បទា​​របស់​ពួក​គេ​ឡើង​វិញ ​​​បន្ទាប់​ពី​ភាព​ចលាចល​​រយៈ​ពេល​ជាង​ ៧ ​សប្តាហ៍​​​​ដែល​បាន​​ធ្វើ​​ឲ្យ​សហគមន៍​អន្តរជាតិ​​មាន​ការ​ភ្ញាក់​ផ្អើល​​។


វិបត្តិ​នេះ​បាន​បណ្តាល​ឲ្យ​​ទី​ភ្នាក់ងារ​​វាយ​តម្លៃ​​​ចំណាត់​ថ្នាក់​​ឥណទាន​​អន្តរជាតិ​​ទម្លាក់​ចំណាត់​ថ្នាក់​​បំណុល​របស់​ប្រទេស​ ​ស្រីលង្កា​ ​ហើយ​មូលនិធិ​​ IMF ​បាន​ព្យួរ​កម្មវិធី​ផ្តល់​ថវិកា​សង្គ្រោះ​​​របស់​ខ្លួន​​ ដែល​​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ ២០១៦​ ខណៈ​​​ដែល​អង្គការ​នេះ​ហៀប​នឹង​បញ្ចេញ​កញ្ចប់​ប្រាក់​បន្ទាប់​។


ក្រសួង​ហិរញ្ញវត្ថុ​​របស់​​ស្រី​លង្កា បាន​​​ឲ្យ​ដឹង​​​ថា ​សំណើ​សុំ​ឲ្យ​​ពិនិត្យ​​ឡើង​វិញ​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​អំឡុង​​​ការ​ជជែក​គ្នា​រវាង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ លោក Mangala Samara​weera និង​​លោក​ស្រី Christine Lagarde ប្រធាន​ IMF ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​ កាល​ពី​ថ្ងៃ​អង្គារ​។


សេចក្តី​ថ្លែង​ការណ៍​នេះ​​បាន​​ឲ្យ​ដឹង​​ថា​ គណៈ​ប្រតិភូ​​របស់​ប្រទេស​ ស្រីលង្កា​ ​​បាន​ធ្វើ​សំណើ​​ «ជា​មួយ​​ទស្សនៈ​​មួយ ដើម្បី​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ឡើង​​វិញ​​» បន្ទាប់​ពី​មាន​​«​ការ​អាក់​ខាន»​​ ផ្នែក​​នយោបាយ​​​របស់​​ប្រទេស​នេះ​។


ទន្ទឹម​នេះ​ដែរ​​មូលនិធិ IMF និយាយ​​ថា ខ្លួន​​នឹង​បញ្ជូន​ក្រុម​មួយ​​ទៅ​ទីក្រុង​កូឡុំបូ នៅ​ខែ​ក្រោយ​​​ដើម្បី​ពិភាក្សា​​ពី​ការ​​ចាប់​ផ្តើម​​​ជំនួយ​នេះ​ឡើង​វិញ​។

IMF ​បាន​ឲ្យដឹង​​​នៅ​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​​មួយ​ដោយ​​​ស្រង់​សម្តី​របស់ ​លោក​ស្រី​ Lagarde ថា៖ «យើង​​បាន​ពិភាក្សា​​​ពី​បញ្ហា​​បរិយាកាស​សេដ្ឋកិច្ច​​​ដែល​កំពុង​ប្រឈម​ និង​​អាទិភាព​គោល​​នយោបាយ​​សម្រាប់​ស្រីលង្កា​»។

មូលនិធិ​នេះ​បាន​ឲ្យ​ដឹង​ថា៖ «មូលនិធិ ​IMF បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​គាំទ្រ​ដល់​​​អាជ្ញាធរ​ ​ស្រីលង្កា​​​​​ក្នុង​កិច្ច​ខិតខំ​ប្រែងប្រែង​ទាំង​នេះ​ ហើយ​​ក្រុម​ការងារ​​​របស់​ IMF ​​​គ្រោង​នឹង​ទស្សន​កិច្ច​ទីក្រុង​កូឡុំបូ​​នៅ​ពាក់​កណ្តាល​ខែ​​កុម្ភៈ ដើម្បី​បន្ត​​​ការ​ពិភាក្សា​​កម្មវិធី​»។

លោក Wickremesinghe ​បាន​ប្រាប់​សភា​​កាល​ពី​សប្តាហ៍​​មុន​ថា ​ការ​ បណ្តេញ​រូប​លោក​ចេញ​ពី​តំណែង​គួរ​​ឲ្យ​រន្ធត់​​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​តុលា នោះ គឺ​​ជា ​«​រដ្ឋ​ប្រហារ» ​និង​ជា ​«​ការ​វាយ​សម្លាប់​» ​សេដ្ឋកិច្ច​។ លោក​បន្ត​​ថា ប្រទេស​​ស្រីលង្កា​នឹង​ត្រូវ​តែ​​​​សង​សំណង​​ ៥,៩​ ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​នេះ។

មូលនិធិ​​ដែល​មាន​មូលដ្ឋាន​នៅ​​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​​នេះ កំពុង​ជំរុញ​ឲ្យ​ទីក្រុង​កូឡុំបូ ដែល​កំពុង​ងើប​ចេញ​ពី​វិបត្តិ​​ជញ្ជីង​ពាណិជ្ជកម្ម​​ឲ្យ​​​​​​បម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​របស់​ខ្លួន​​ និង​ធានា​ឲ្យ​មាន​​កំណែ​ទម្រង់​សេដ្ឋកិច្ច​។

កាល​ពី​​ឆ្នាំ​មុន IMF បាន​ព្រមាន​ថា ស្រី​លង្កា​​ងាយ​ទទួល​រង​គ្រោះ​ទៅ​នឹង​វិបត្តិ​​​ពី​ក្នុង​ស្រុក​ និង​ពី​បរទេស​​ហើយ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​រៀបចំ​​រចនា​សម្ព័ន្ធ​​ឡើង​វិញ​​​​​​​​​ក្នុង​ក្រុមហ៊ុន​អាកាសចរ​ជាតិ​ដែល​​មិន​​ទទួល​បាន​ប្រាក់​ចំណេញ ​និង​ការ​ធ្វើ​កំណែ​ទម្រង់​​​វិស័យ​ថាមពល​​ គឺ​ជា​រឿង​ចាំបាច់​៕ AFP/PS