ទីក្រុងវ៉ាស៊ីនតោនៈ ​ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បានបង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ឲ្យ​ដឹងថា ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​ខូចខាត​ដោយសារ​ការបិទ​អាជីវកម្ម​បណ្តាល​មកពី​វីរុស​កូរ៉ូណា អាជីវកម្ម​ជាច្រើន​បិទទ្វារ រីឯ​អត្រា​ការងារ​ធ្វើបាន​ធ្លាក់ចុះ​ដល់​កម្រិត​ព្រួយបារម្ភ​ក្នុង​ខែមីនា​។

នាយកដ្ឋាន​ការងារ​បាន​រាយការណ៍​ថា ការងារ​របស់​អាមេរិក​បាន​ធ្លាក់ចុះ​ចំនួន ៧០១ ០០០ កន្លែង​ក្នុង​ខែមីនា ហើយ​អត្រា​គ្មាន​ការងារ​ធ្វើបាន​កើនឡើង​ដល់​ ៤,៤ ​ភាគរយ​។


ទោះយ៉ាងណា​នាយកដ្ឋាន​នោះបាន​ទទួល​ស្គាល់​ថា គេ​មិនអាច​ប្រមូល​តួលេខ​បាន​ទាំងអស់​ពី​ការបាត់បង់​ការងារ​នោះ​ទេ ហើយ​ទិន្នន័យ​ប្រចាំ​សប្តាហ៍​ផ្ទាល់ខ្លួន​ស្តីពី​ការអះអាង​លើកដំបូង​សម្រាប់​ការទទួល​បាន​ផលប្រយោជន៍​ពី​ការបាត់បង់​ការងារ​បាន​បង្ហាញថា មនុស្ស​ ១០ ​លាន​នាក់​បាត់បង់​ការងារ​របស់​ពួកគេ​រយៈពេល​ ២ ​សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា​។


ជាមួយ​ករណី​កូវីដ​១៩ កំពុង​ឆ្លង​ដល់​មនុស្ស​ជាង​ ១ ​លាន​នាក់​នៅ​ទូទាំង​សកលលោក​ដែល​ ១ ​ភាគ​ ៤ មាននៅ​អាមេរិក​ជា​ទី​ដែលមាន​អ្នកស្លាប់​ច្រើន​ជាង​ ៦​ ០០០ ​ករណី ទីក្រុង​ជាច្រើន​បានក្លាយ​ជាទី​ក្រុង​ខ្មោច ហើយ​មន្ត្រី​បាន​ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​បន្ថយ​ការខូចខាត​ដល់​សេដ្ឋកិច្ច និង​មនុស្ស​។


លោកស្រី Diane Swonk នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Grant Thornton បាន​និយាយ​ថា​៖ «​ការធ្លាក់ចុះ​ការងារ​ក្នុង​ខែមីនា​មិន​ធ្លាប់​ដែលមាន​សម្រាប់​ការចាប់ផ្តើម​នៃ​ការថមថយ​ផ្នែក​សេដ្ឋកិច្ច ហើយ​ការធ្លាក់ចុះ​នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ ២០ ​ដង​ទៀត​ក្នុង​ខែមេសា​នេះ​»​។


របាយការណ៍​នោះ​ឲ្យ​ដឹងថា វា​ជា​ការបាត់បង់​ការងារ​ប្រចាំខែ​ដ៏អាក្រក់​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កើតមាន​ក្នុង​ឆ្នាំ​ ២០០៩ និង គម្លាត​អត្រា​គ្មាន​ការងារ​ធ្វើ​ដ៏ធំ​ក្នុង​រយៈពេល​ ១ ​ខែ ចាប់តាំងពី​ជាង​ ៤៥ ​ឆ្នាំមុន​។


ទោះបី​យ៉ាងណា​នាយកដ្ឋាន​ការងារ​បាន​និយាយ​ថា​វា​ «​មិន​អាចមាន​ប្រសិទ្ធ​ភាពជាក់ស្តែង​នៃ​ការរីក​រាលដាល​លើ​ទីផ្សារការងារ​ក្នុង​ខែមីនា​នោះទេ​» និង​ភាព​ល្អៀង​នៃ​ការរាប់​ចំនួន​អ្នក​បាត់បង់​ការងារ​មាន​ន័យថា អត្រា​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​ទំនង​ជា​ដល់​កម្រិត​ខ្ពស់បំផុត​។

អ្នកសេដ្ឋកិច្ច​ព្យាករ​ថា តួលេខ​ក្នុង​ខែ​មេសា​នឹង​កាន់តែ​អាក្រក់ ជាមួយ​អត្រា​គ្មាន​ការងារ​ធ្វើ​ចំនួន​ ២ ​ខ្ទង់​ និង​ការងារ​ច្រើន​រហូតដល់​ ២០ ​លាន​កន្លែង​ដែល​បាត់បង់​។

របាយការណ៍​នោះ​បង្ហាញថា​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​មុនគេ​នៃ​ការរឹតត្បិត​ការធ្វើដំណើរ​ដែល​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ទប់ស្កាត់​វីរុស វិស័យ​កម្សាន្ត និង​បដិសណ្ឋារកិច្ច បាត់បង់​ការងារ​ចំនួន​ ៤៥៩ ០០០ ​កន្លែង​កាលពី​ខែ​មុន​។

ប៉ុន្តែ​ផលប៉ះពាល់ និង​ការបាត់បង់​ច្រើន​ត្រូវបាន​គេ​សង្កេតឃើញ​ក្នុង​វិស័យ​សុខាភិបាល អាជីវកម្ម​លក់រាយ និង​សេវាកម្ម​ផ្នែក​ធុរកិច្ច​។

ទិន្នន័យ​ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​គឺ​ពេល​រដ្ឋាភិបាល​ចាប់ផ្តើម​កម្មវិធី​ជួយសង្គ្រោះ​ថ្មី​ដើម្បី​លើក​ទឹកចិត្ត​ម្ចាស់​អាជីវកម្ម​ឲ្យ​ថែរក្សា​បុគ្គលិក​ និង​ជួល​បុគ្គលិក​ដែល​បាន​បញ្ឈប់​ឲ្យ​មក​ធ្វើ​ការងារ​វិញ​។

ប៉ុន្តែ​ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវការ​ធ្វើ​កិច្ចការ​ច្រើន​ដើម្បី​បន្ថយ​សម្ពាធ ហើយ​ពង្រីក​ហើយ​ពង្រីក​ទៀត​នូវ​កញ្ចប់​សង្គ្រោះ​ដែល​មាន​ទឹកប្រាក់​ ២,២ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​គេ​ស្គាល់​ថា CARES ត្រូវបាន​អនុម័ត​កាលពី​ ១ ​សប្តាហ៍​មុន​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​ដុនដាប​។ ​RR