ភ្នំពេញ៖ រាល់​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​អាជីវកម្ម​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល) ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី ១៧ ខែ​មេសា បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​បាន​ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ទាំង​អស់​ ដែល​មិនមែន​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់។


សេចក្តី​សម្រេច​ថ្មី​នេះ​បញ្ជាក់​ថា រោងចក្រ សហគ្រាស សិប្បកម្ម ឬ​ទីកន្លែង​ផលិត​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ ម៉ាស់ អាល់កុល និង​អុកស៊ីសែន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។


សេចក្តី​សម្រេច​ថ្មី​នេះ ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​អាជីវកម្ម​ចំពោះ​ទីកន្លែង​ផលិត​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ​បរិភោគ ព្រម​ទាំង​ទីសត្តឃាត ដែល​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ។


រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដំណើរការ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ការ​ឲ្យ​នៅ​ត្រឹម​កម្រិត​អប្បបរមា​មិន​លើស​ពី ២ ភាគរយ និង​ត្រូវ​អនុវត្ត​គោលការណ៍​អាហារ​ថ្ងៃ​ត្រង់​នៅ​ហ្នឹង​កន្លែង​បំពេញ​ការងារ។


ទន្ទឹម​នឹង​នេះ សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ ឬ​គ្រឿង​ឧបភោគ​បរិភោគ ដើម្បី​ឲ្យ​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់។ រាល់​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ទូទៅ​ចេញ​ និង​ចូល ឬ​ឆ្លង​កាត់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ដើម្បី​បម្រើ​ឲ្យ​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេស។ សកម្មភាព​ដឹក​ជញ្ជូន​ខាង​លើ​នេះ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​មនុស្ស​ឡើយ។


បន្ថែម​ពី​នេះ ស្ថាប័ន​សាធារណៈ​ដែល​ជា​ប្រធាន​ស្ថាប័ន​សាមី​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ការ​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​អប្បបរមា​មិន​ឲ្យ​លើស​ពី ២ ភាគរយ នៃ​ចំនួន​បុគ្គលិក​សរុប។ ប្រធាន​ស្ថាប័ន​សាមី​ត្រូវ​សម្រេច​ផ្អាក​ការងារ​ដែល​មិន​ចាំបាច់​ជា​បណ្តោះអាសន្ន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ និង​ត្រូវ​ណែនាំ​ជាក់​ស្តែង ដើម្បី​អាច​ធ្វើ​ការ​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អនឡាញ៕