ភ្នំពេញៈ សហរដ្ឋអាមេរិក​នឹង​ត្រួតពិនិត្យ​ការលុបចោល​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) ​លើ​អង្ករ​ពី​បណ្ដា​ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា​ផងដែរ​​ ដើម្បី​បញ្ឈប់​ការនាំចូល ខណៈ​ដែល​ការកើនឡើង​ចំនួន​នាំចូល​កំពុង​ប៉ះពាល់​ដល់​កសិករ​របស់​ពួកគេ​។

សហព័ន្ធ​ស្រូវ​អង្ករ​អាមេរិក (USA Rice) ដែល​ការពារ​វិស័យ​ទាំងអស់​លើ​ពិភពលោក​នៃ​ឧស្សាហកម្ម​ស្រូវ​អង្ករ​អាមេរិក​កាលពី​ចុង​ខែ​មិថុនា USA Rice បានផ្ដល់​សក្ខីកម្ម​ជាក់ស្ដែង​ដល់​គណៈកម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​អាមេរិក (USITC) ក្នុងការ​គាំទ្រ​ការលុបចោល​ពី​បញ្ជី​ទំនិញ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ (GSP)​។


សហព័ន្ធ​នេះ​បាន​ឲ្យ​ដឹងថា អាមេរិក​បានផ្ដល់​អត្ថ​ប្រយោជន៍​តាមរយៈ​ GSP ​រយៈពេល​វែង​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ផ្ដល់​លទ្ធភាព​នាំចូល​ទីផ្សារ​អាមេរិក​ដោយ​រួច​ពន្ធ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគ​ច្រើន​មាន​សិទ្ធិ​ទទួល​បាន​ការ​រួច​ពន្ធ​សម្រាប់​អង្ករ​ចំហុយ និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ដូចជា​កម្ពុជា និង​មីយ៉ាន់ម៉ា​មាន​សិទ្ធិ​នាំចូល​ទីផ្សារ​អាមេរិក​គ្រប់​ប្រភេទ​អង្ករ​ដោយ​រួច​ពន្ធ​។


សហព័ន្ធ​នេះ​បន្ថែមថា USA Rice បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) កាលពី​ខែ​មីនា ហើយ​ញត្តិ​នេះ​បាន​ដំណើរការ​ទៅមុខ​លើ​ការត្រួតពិនិត្យ​ផ្លូវការ​ហើយ​។


សហព័ន្ធ​នេះ​បន្តថា​៖ «USA Rice បន្ត​ប្រឈម​នឹង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​ដែល​ឧស្សាហកម្ម​ក្នុង​ស្រុក​មួយ​នេះ​បញ្ជាក់​ពី​ភាព​រសើប​លើ​ការនាំចូល និង​ប្រើប្រាស់​របាំង​ពន្ធ និង​មិនមែន​ពន្ធ​ដើម្បី​ចូល​...​វា​ដល់ពេល​ទទួលស្គាល់​ថា អង្ករ​ដែល​ផលិត​នៅ​អាមេរិក​កំពុង​មាន​ភាពរសើប​ក្នុង​ការនាំចូល​ផងដែរ​»​។


យោងតាម​ព័ត៌មាន​ដែល​បាន​ទទួល​ដោយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ ជា​ផ្នែក​មួយ​នៃ​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​ ២០២០ សម្រាប់​ការកែប្រែ​ GSP គណៈកម្មាធិការ បុគ្គលិក​គោលនយោបាយ​ពាណិជ្ជកម្ម​ (TPSC) ​បាន​សម្រេច​ចិត្ត​ទទួល​យក​ផលិតផល​មួយចំនួន សម្រាប់​ត្រួតពិនិត្យ​។


សហព័ន្ធ​នេះ​បាន​ឲ្យ​ដឹងថា​៖ «USTR បាន​ទទួលយក​ញត្តិ​នេះ ដើម្បី​លុបចោល​នូវ GSP ​នេះ​។ ឥឡូវ​វា​កំពុង​ស្ថិតក្រោម​ការពិចារណា​។ USITC នឹងដាក់​របាយការណ៍​សម្ងាត់​ទៅ USTR ត្រឹម​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០២០​។ USTR រំពឹង​ថា​នឹង​ចេញ​សេចក្ដី​សម្រេច​នៅមុន ឬ​នៅ​ថ្ងៃទី​ ៣១ ខែតុលា និង​ចាប់ផ្ដើម​អនុវត្ត​នៅមុន ឬ​នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០»​។

សហព័ន្ធ​នេះ​បន្តថា ប្រទេស​ដែល​នឹង​ប្រឈម​ការប៉ះពាល់​រួមមាន​ប្រទេស​ថៃ ឥណ្ឌា​ (​បាត់​ GSP កាលពី​ខែមិថុនា ឆ្នាំ​ ២០១៩) ប៉ាគីស្ថាន ប្រេស៊ីល វៀតណាម អាហ្សង់ទីន និង​កម្ពុជា​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានដឹង​ពី​រឿងនេះ ហើយ​លោក​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ដែល​អាមេរិក​គឺជា​ទីផ្សារ​ថ្មី​មួយ​សម្រាប់​អង្ករ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​អាមេរិក​ជាទី​ផ្សារ​ថ្មី​មួយ​ដែល​យើង​បាន​ផ្គត់ផ្គង់​សហគមន៍​ជនជាតិ​អាស៊ី​នៅ​អាមេរិក ភាគច្រើន​អង្ករ​ក្រអូប​សរីរាង្គ និង​អង្ករ​ក្រអូប​»​។

លោក​ សារ៉ន លើកឡើង​ថា​៖ «​ពិត​ហើយ​វា​នឹងមាន​ផលប៉ះពាល់​លើ​ការនាំចេញ​អង្ករ​ទៅ​អាមេរិក ដោយសារ​តែ​យើង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ហើយ​សមត្ថភាព​ប្រកួតប្រជែង​របស់​យើង​នៅ​ទាប​។ ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​ពាណិជ្ជកម្ម​អាមេរិក ពិចារណា​ក្នុង​ការដាក់​អង្ករ​កម្ពុជា​នៅក្នុង​ GSP​។ វា​មាន​ប្រយោជន៍​ដល់​កសិករ​របស់​យើង​»​។

លោក​បញ្ជាក់ថា កម្ពុជា​នាំចេញ​អង្ករ​ក្រអូប​ប្រហែល​ ២ ០០០ ​តោន​ ទៅ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៩ និង​ ២ ០០០ ​តោន ​ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២០​។

ប៉ុន្តែ​លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា អង្ករ​កម្ពុជា​មិន​ទាន់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ GSP ​ទេ​។

លោក​និយាយ​ថា​៖ «​តាម​ការសាកសួរ​ពី​នាយកដ្ឋាន​អាមេរិក កម្ពុជា​មិនបាន​ទទួល GSP ពី​អាមេរិក​ទេ​លើ​ផលិតផល​អង្ករ​។ បច្ចុប្បន្ន​កម្ពុជា​ទទួល​បានតែ GSP លើ​ផលិតផល​ធ្វើ​ដំណើរ ដែល​សុពលភាព GSP នោះ​ក៏​នឹង​ផុត​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​ផងដែរ​»​។

ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​កើនឡើង​ ៤១ ​ភាគរយ​ដល់​ ៣៩៧ ៦៦០ ​តោន ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​ធៀប​នឹង​ ២៨១ ៥៣៨ ​តោន ​ដែល​បាន​នាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕LA