ក្រុងរីយ៉ាដៈ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្អាក​ផលិតកម្ម​បណ្តោះអាសន្ន​នូវ​ទីតាំង​ផលិត​ប្រេង​ចំនួន​ ២ របស់​ក្រុមហ៊ុន Aramco ដែល​ត្រូវបាន​រង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​យេម៉ែន ដែល​បង្ក​ការអាក់ខាន​ប្រហែល​ពាក់កណ្តាល​នៃ​ទិន្នផល​ប្រេង​សរុប​របស់​ក្រុមហ៊ុន​។ នេះ​បើ​យោងតាម​ក្រសួង​ថាមពល​កាលពី​ថ្ងៃ​សៅរ៍​។

ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រី​ក្រសួង​ថាមពល​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ថា ការវាយប្រហារ​នេះ «​បាន​បង្ក​ឲ្យ​មានការ​ផ្អាក​បណ្តោះអាសន្ន​នូវ​ផលិតកម្ម​នៅ​រោងចក្រ Abqaiq និង​រោងចក្រ Khurais»​។


ព្រះអង្គម្ចាស់​បាន​បន្ថែម​ថា ការ​វាយប្រហារ​បាន​ឈាន​ទៅ​រក​ការអាក់ខាន​ផលិតកម្ម​ប្រហែល ៥០ ភាគរយ​នៃ​ផលិតកម្ម​សរុប​។


ក្រុមហ៊ុន Aramco របស់​រដ្ឋ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពីគ្នា​មួយ​ថា​៖ «​ការ​រាយប្រហារ​ទាំងនេះ​បាន​បង្ក​ឲ្យ​មានការ​ផ្អាក​ផលិតកម្ម​ប្រេងឆៅ​ចំនួន ៥,៧ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​»​។


លោក Amin Nasser អគ្គនាយក​ក្រុមហ៊ុន Aramco បាន​ថ្លែងថា ការងារ​កំពុង​ធ្វើឡើង​ដើម្បី​ស្តារ​ផលិតកម្ម​ឡើងវិញ ហើយ​ការធ្វើ​បច្ចុប្បន្នភាព​ពី​វឌ្ឍនភាព នឹង​ត្រូវ​បាន​ផ្តល់ជូន​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ទៀត​។


ការវាយប្រហារ​តាមរយៈ​យន្តហោះ​ដ្រូន​ទៅលើ​រោងចក្រ​ប្រេង Abqaiq និង Khu-rais ដែលជា​រោងចក្រ​សំខាន់​របស់​ក្រុមហ៊ុន Aramco នៅ​ភាគ​ខាងកើត​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម Huthi របស់​ប្រទេស​យេម៉ែន គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ក្នុង​ចំណោម​ការវាយប្រហារ​ជាច្រើន​ទៅ​លើ​ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ព្រះរាជាណាចក្រ​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។


លោក Nasser បាន​ថ្លែងថា​៖ «​គ្មាន​ការរង​របួស​» ត្រូវបាន​រាយការណ៍​នោះទេ​ក្នុង​ការវាយប្រហារ​។

ទូរទស្សន៍ Al-Masirah របស់​ក្រុម​ឧទ្ទាម Huthi ដែលមាន​ទំនាក់​ទំនង​ជាមួយ​អ៊ីរ៉ង់​រាយការណ៍​ថា ពួកគេ​បាន​បើក «​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដែលមាន​យន្តហោះ​ដ្រូន​ចំនួន ១០ គ្រឿង​» ទៅលើ​រោងចក្រ​ទាំង​ ២ ​នេះ​៕ KC