ទីក្រុងប៊ែរឡាំងៈ ក្រុម​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ទីក្រុង​ប៊ែរឡាំង​នឹង​ធានា​កម្ចី​ ១០០ ភាគរយ​ដែល​បានធ្វើ​ឡើង​ដោយ​ធនាគារ​ជាច្រើន​ដល់​ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម​ជា​ការពង្រីក​បន្ថែម​មួយ​ដល់​កញ្ចប់​វិបត្តិ​វីរុស​កូរ៉ូណា​តម្លៃ​ ១,១ ​ពាន់​ពាន់​លាន​អឺរ៉ូ​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខគេ​របស់​តំបន់​អឺរ៉ុប​មួយ​នេះ​។

លោក Olaf Scholz រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អាល្លឺម៉ង់​មួយ​នេះ​ថា​៖ «​កម្ចី​រហ័ស​ទាំងនេះ​គួរតែ​ធ្វើឲ្យ​ប្រាកដថា ក្រុមហ៊ុន​ខ្នាត​មធ្យម មាន​សន្ទនីយភាព​យ៉ាង​រហ័ស ដោយ​មិនមាន​អ្នក​ជាប់ពន្ធ​ខាតបង់​ប្រាក់​ច្រើនពេក​នោះទេ​»​។

រដ្ឋាភិបាល​សហព័ន្ធ​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការផ្ដល់​កម្ចី ៥០០ ០០០ អឺរ៉ូ (៥៤០ ០០០ ​ដុល្លារ​) ដល់​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​បុគ្គលិក​រហូតដល់​ ៥០ នាក់ និង​ ៨០០ ០០០ ​អឺរ៉ូ​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដែល​មាន​បុគ្គលិក​រហូត​ដល់​ ២៥០ ​នាក់​។


វិធានការ​កាលពី​ថ្ងៃ​ចន្ទ បង្កើន​កម្រិត​ការធានា​ពី​ ៨០ ​ភាគរយ​លើក​មុន សម្រាប់​ក្រុមហ៊ុន​ធំៗ ឬ​ ៩០ ​ភាគរយ​សម្រាប់​ក្រុមហ៊ុន​តូចៗ​កម្រិត​នោះ​នៅតែ​កំពុង​បង្ក​ឲ្យ​ធនាគារ​គិត​ឲ្យ​បាន​ហ្មត់ចត់​អំពី​ការផ្ដល់​កម្ចី​នេះ​។


លោក Peter Altmaier រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខ្នាត​នេះ «​ជាទូទៅ​មាន​តម្រូវការ​ឥណទាន​ក្នុង​ចំនួន​តិចតួច ប៉ុន្តែ​ចំនួន​នោះ​ត្រូវតែ​បង់​យ៉ាង​រហ័ស​បំផុត​»​។


លោក Scholz បន្តថា រដ្ឋាភិបាល​ «​ជឿ​ប្រាកដប្រជា​ថា ទំនង​ជា​មាន​ក្រុមហ៊ុន​តិចតួច​ដែល​បរាជ័យ​ក្នុង​ការសង​បំណុល​វិញ​»​។


ក្នុង​ចម្លើយ​ចំពោះ​សំណួរ​សភា​គណបក្សប្រឆាំង​ដែល​ទទួលបាន​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ជំនួយ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៊ែរឡាំង​រហូត​មក​ដល់ពេល​នេះ​មាន​ចំនួន​សរុប​ជាង ១,១ ​ពាន់​ពាន់​លាន​អឺរ៉ូ ។

ក្រុម​រដ្ឋមន្ដ្រី​បាន​យល់ព្រម «​មូលនិធិ​ស្ថិរភាព​សេដ្ឋកិច្ច​» ៦០០ ពាន់​លាន​អឺរ៉ូ ដែល​ផ្ដល់​ ៤០០ ​ពាន់​លាន​អឺរ៉ូ​នៃ​ការធានា​សម្រាប់​បំណុល​របស់​ក្រុមហ៊ុន​ជាច្រើន​ ១០០ ​ពាន់​លាន​ផ្ដល់​កម្ចី​ដោយផ្ទាល់​ដល់ ឬ​ការទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ដែល​មាន​បញ្ហា និង​ ១០០ ​ពាន់​លាន​អឺរ៉ូ ដើម្បី​ផ្ដល់​មូលនិធិ​ដល់ KfW ជា​ធនាគារ​វិនិយោគរដ្ឋ​។

ទន្ទឹមនឹងនេះ​ចំនួន​ក្រុមហ៊ុន​ដែល​ខ្ចី​ធនាគារ KfW អាច​ធានា​ដែល​ត្រូវបាន​ជំរុញ​ដោយ​ ៣៥៧ ​ពាន់​លាន​អឺរ៉ូ​សម្រាប់​ចំនួន​សរុប​ ៨២២ ​ពាន់​លាន​អឺរ៉ូ​។

ដើម្បី​រក្សា​លំហូរ​សន្ទនីយភាព​របស់​ពួកគេ ក្រុមហ៊ុន​ជាច្រើន​អាច​ពន្យារពេល​ការទូទាត់​ពន្ធ​។

ទីក្រុង​ប៊ែរឡាំង​ឲ្យ​ដឹងថា ខ្លួន​នឹង​ផ្ដល់​ ៥០ ​ពាន់​លាន​អឺរ៉ូ​នៃ​ការគាំទ្រ​សម្រាប់​ក្រុមហ៊ុន​ខ្នាតតូច និង​ក្រុមហ៊ុន​ដែល​ដំណើរការ​តែម្នាក់ឯង​ដូចជា​ជាង​ថតរូប តន្ដ្រីករ ឬ​អ្នក​មើលថែ​មនុស្ស​។

ការពឹង​ផ្អែកលើ​ចំនួន​បុគ្គលិក ក្រុមហ៊ុន​លក្ខណៈ​បុគ្គល​នឹង​ទទួល​បាន​រហូតដល់​ ១៥០០០ អឺរ៉ូ​ក្នុង​ ១ ​ក្រុមហ៊ុន ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​អាជីវកម្ម​អាច​ដំណើរការ​បាន​ក្នុង​អំឡុងពេល​ ៣ ​ខែ​។

ទន្ទឹមនឹងនេះ​អ្នក​ប្រកប​មុខរបរ​សេរី​ដែល​ដាក់​ពាក្យសុំ​អត្ថប្រយោជន៍​គ្មាន​ការងារ​ធ្វើ​នឹងមិន​ត្រូវ​បង្ខំ​ឲ្យ​ស្វែងរក​ការងារ​ថ្មី​ផ្សេង​ពី​នោះទេ​។

ប្រទេស​អាល្លឺម៉ង់​ក៏​បាន​បន្ធូរបន្ថយ​លទ្ធភាព​ការចូល​ប្រើ​កម្មវិធី​ដែល​បន្ថែម​ប្រាក់ខែ​របស់​កម្មករ​ជាមួយ​នឹង​សាច់ប្រាក់​របស់​រដ្ឋាភិបាល នៅពេល​ម៉ោង​ធ្វើ​ការងារ​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ​។

ផែនការ​នេះ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ដែល​សន្សំ​ការងារ​ចំនួន​ច្រើន​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០០៩​។

ទីក្រុង​ប៊ែរឡាំង​រំពឹង​ថា ប្រជាជន​ជាង​ ២ ​លាន​នាក់​នឹង​ធ្វើការងារ​ក្នុង​ម៉ោង​កាន់តែ​ខ្លី ដោយសារ​តែ​វិបត្តិ​វីរុស​កូរ៉ូណា ល្អប្រសើរ​ជាង​ដែល​បាន​មើលឃើញ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ដើម្បី​រ៉ាប់រង​លើ​ការចំណាយ ទីភ្នាក់ងារការងារ​សហព័ន្ធ​ (BA) នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ទុនបម្រុង សាច់ប្រាក់​ចំនួន​ច្រើន​របស់ខ្លួន​ចំនួន​ ២៦ ​ពាន់​លាន​អឺរ៉ូ​។

ជាមួយ​នឹង​ ១៥៦ ​ពាន់​លាន​អឺរ៉ូ​នៅក្នុង​ការខ្ចី​ថ្មី​ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ផ្នែក​មនុស្សធម៌ និង​ការចំណាយ​សុខភាព​បន្ថែម ទីក្រុង​ប៊ែរឡាំង​ត្រូវបាន​បង្ខំ​ក្នុងការផ្អាក «​ការទប់ស្កាត់​បំណុល​» បន្ថែម​ដល់​រដ្ឋធម្មនុញ្ញ​នៅក្នុង​គ្រា​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​ ២០០៩​។

ទឹកប្រាក់​បន្ថែម​ ៨២,២ ​ពាន់​លាន​អឺរ៉ូ​នៃ​វិធានការ​នានា​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋ​សហព័ន្ធ​របស់​ប្រទេស​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​ក្រុង ព្រមទាំង​ការធានា ៦៣,២ ពាន់​លាន​អឺរ៉ូ​ផងដែរ​៕ LA