
ផ្លែអូលីវក្នុងចម្ការមួយក្នុងប្រទេសអេស្ប៉ាញ។ រូបថត AFP
ក្រុងប្រ៊ុចសែលៈ សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានរិះគន់ខ្លាំងៗទៅលើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដែលដកហូតពន្ធខ្ពស់ជាងមុនលើការនាំចូលផ្លែអូលីវរបស់ប្រទេសអេស្ប៉ាញ ខណៈជម្លោះពាណិជ្ជកម្មដ៏ជូរចត់មួយមានលក្ខណៈកាន់តែអាក្រក់ទៅ។
រដ្ឋាភិបាលក្រុងប្រ៊ុចសែលបានឆ្លើយតបទាំងខឹងសម្បាទៅនឹងវិធានការពាណិជ្ជកម្មចុងក្រោយបំផុតដែលដាក់ចេញដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នេះដែលបានកើតមានឡើងបន្ទាប់ពីមានសេចក្តីសម្រេចគួរឲ្យរន្ធត់មួយរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះក្នុងការដកហូតពន្ធខ្ពស់ទៅលើការនាំចូលលោហៈពីអឺរ៉ុប និងសម្ព័ន្ធមិត្តជិតស្និទ្ធដទៃៗទៀត។
ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសដកហូតពន្ធបន្ថែមទៅលើការនាំចេញផលិតផលកសិកម្មដ៏ល្បីឈ្មោះនេះរបស់ប្រទេសអេស្ប៉ាញ ដោយពិចារណាថាផលិតផលទាំងនេះពិតជាទទួលបានការឧបត្ថម្ភធន និងលក់ក្នុងតម្លៃក្រោមតម្លៃពិតប្រាកដរបស់ផលិតផលទាំងនោះ។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោក Daniel Rosario បានថ្លែងនៅសន្និសីទព័ត៌មានមួយថា សេចក្តីសម្រេចនេះ «មិនអាចទទួលយកបាន»។
លោក Rosario បានមានប្រសាសន៍ថា៖ «នេះជាវិធានការគាំពារនិយមដែលកំណត់គោលដៅឆ្ពោះទៅរកផលិតផលអឺរ៉ុបដែលជោគជ័យ និងមានគុណភាពខ្ពស់ដែលមានប្រជាប្រិយជាមួយអ្នកប្រើប្រាស់នៅអាមេរិក»។
លោកបានបន្តថា៖ «ទាំងធាតុនៃសេចក្តីសម្រេច និងទាំងដំណើរការដែលនាំឲ្យមានសេចក្តីសម្រេចនេះមិនកើតចេញពីហេតុផលគ្រប់គ្រាន់ឡើយ»។ លោកបន្ថែមថាសេចក្តីសម្រេចរបស់អាមេរិកនៅតែត្រូវការការបញ្ជាក់។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ផ្លែអូលីវពីប្រទេសអេស្ប៉ាញត្រូវបានលក់នៅតម្លៃទាបជាងតម្លៃជាក់ស្តែងពី ១៦,៨៨ ភាគរយទៅ ២៥,៥ ភាគរយ។
អាមេរិកក៏អះអាងផងដែរថា អេស្ប៉ាញបានឧបត្ថម្ភធនដល់អ្នកដាំផ្លែអូលីវពី ៧,៥២ ទៅ ២៧,០២ ភាគរយ។
កាលពីឆ្នាំ ២០១៧ ការនាំចេញផ្លែអូលីវរបស់អេស្ប៉ាញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ ៦៧,៦ លានដុល្លារ។
សេចក្តីសម្រេចចុងក្រោយនេះនឹងស្ថិតលើការសម្រេចរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក (ITC) ដែលរំពឹងថានឹងធ្វើនៅខែកក្កដា៕ PS