ក្រុង​តេអេរ៉ង់ៈ ​រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​អ៊ីរ៉ង់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ពី​ផល​វិបាក​នៃ​ការ​បង្ក «សង្គ្រាម​សេដ្ឋកិច្ច» ប្រឆាំង​នឹង​សាធារណរដ្ឋ​អ៊ិស្លាម​របស់​លោក​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​លោក​និយាយ​ថា ការ​អនុវត្ត​ និង​ការ​គាំទ្រ​សង្គ្រាម​នេះ​​អាច​មិន​រំពឹង​ថា «មាន​សុវត្ថិភាព​» ឡើយ។

លោក Mohammad Javad Zarif បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​​​ក្នុង​ទីក្រុង​តេអេរ៉ង់​ជាមួយ​លោក Heiko Maas រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ថា៖ «ប្រទេស​មួយ​មិន​អាច​រំពឹង​ថា​ ​សង្គ្រាម​សេដ្ឋកិច្ច​មួយ​នឹង​​បន្ត​ធ្វើ​ឡើង​ប្រឆាំង​នឹង​ប្រជាជន​អ៊ីរ៉ង់​ទេ និង​ថា ប្រទេស​​​ទាំង​ឡាយ​ណា​ដែល​​​បង្ក​សង្គ្រាម​សេដ្ឋកិច្ច​​នេះ និង​ប្រទេស​ទាំង​ឡាយ​ណា​ដែល​គាំទ្រ​សង្គ្រាម​សេដ្ឋកិច្ច​នេះ​ នឹង​មាន​សុវត្ថិភាព​នោះ​ទេ។


លោក​បន្ថែម​ថា៖ «មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​​បន្ធូរ​ភាព​តានតឹង​ក្នុង​តំបន់ ​គឺ​ត្រូវ​បញ្ឈប់​សង្គ្រាម​សេដ្ឋកិច្ច»។ លោក​កត់​សម្គាល់​ថា ​​អាល្លឺម៉ង់ ​និង​សហភាពអឺរ៉ុប​អាច​មាន «តួនាទី​សំខាន់» មួយ​ក្នុង​ការ​ទប់ស្កាត់​​ស្ថានភាព​​នេះ។


អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​ជាមួយ​​ចក្រភព​អង់គ្លេស ប្រទេស ​ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អាមេរិក​ក្នុង​ឆ្នាំ ២០​១៥ ដែល​ឈាន​ទៅ​រក​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។


ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ ដូណាល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​​នេះ​ជា​ថ្មី​លើ​​​អ៊ីរ៉ង់ ហើយ​បើ​យោង​តាម​អ៊ីរ៉ង់ អាមេរិក​​បាន​បង្ក «សង្គ្រាម​សេដ្ឋកិច្ច» ប្រឆាំង​​​ខ្លួន បន្ទាប់​ពី​ប្រទេស​មហា​អំណាច​​នេះ​បាន​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ។


រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​ដែល​បំពេញ​ទស្សនកិច្ច​នៅ​​អ៊ីរ៉ង់​​ថ្លែង​ថា អាល្លឺម៉ង់​​​នឹង​ធ្វើ​ការងារ​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ធានា​ថា ភាព​តានតឹង​​មិន​កើន​ឡើង​៕ AFP/KC