ឡុងដ៍ៈ ក្រុមហ៊ុន British American Tobacco (BAT) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ខ្លួន​គ្រោង​នឹង​កាត់បន្ថយ​បុគ្គលិក ២ ៣០០ ​នាក់ ​នៅ​ទូទាំង​ពិភពលោក​ត្រឹម​ខែ​ មករា ឆ្នាំ​ ២០២០ ខណៈ​ដែល​ម្ចាស់​ក្រុមហ៊ុន​ថ្មី​កំពុង​ជំរុញ​ការស្វែងរក​ប្រាក់ចំណូល​ពី​បារី​អេឡិចត្រូនិក​ដ៏ចម្រូងចម្រាស​។

លោក Jack Bowles នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BAT បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ «​គោលបំណង​របស់ខ្ញុំ​នឹង​ត្រួតពិនិត្យ​ជំហាន​ផ្លាស់ប្តូរ​នៅក្នុង​កំណើន​ប្រភេទ​ថ្មី និង​ធ្វើឲ្យ​មាន​ភាពងាយស្រួល ជាពិសេស​សម្រាប់​មធ្យោបាយ​របស់​យើង និង​ដំណើរការ​ពាណិជ្ជកម្ម​ដើម្បី​ផ្ដល់​ប្រាក់ចំណេញ​ប្រកប​ដោយ​ស្ថិរភាព​រយៈពេល​វែង​ដល់​ភាគទុនិក​។ នេះ​គឺជា​វិធានការ​ដំបូង​ដ៏សំខាន់​មួយ​»​។


សេចក្ដីប្រកាស​នេះ​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹងថា ក្នុងពេល​ឆាប់ៗ​រដ្ឋបាល​នេះ​នឹង​ហាមឃាត់​ផលិតផល​បារី​អេឡិចត្រូនិក​ដ៏​មាន​រសជាតិ​ដើម្បី​បញ្ចប់​ការកើនឡើង​នៃ​អ្នកប្រើប្រាស់​ជា​យុវវ័យ បន្ទាប់ពី​កើនឡើង​ការស្លាប់​ដែល​ទាក់ទង​នឹង​ការស្រូប និង​បឺត​ផ្សែង​។


ក្រុមហ៊ុន​ជាច្រើន​ដូចជា BAT កំពុង​ស្វែងរក​ចរន្ដ​ប្រាក់ចំណូល​រឹងមាំ​ពី​បារី​អេឡិចត្រូនិក​ក្នុង​គ្រា​ដែល​ធ្លាក់ចុះ​តម្រូវការ​សម្រាប់​ផលិតផល​ថ្នាំជក់​ធម្មតា ពិសេស​នៅលើ​ទីផ្សារ​ប្រទេស​លោក​ខាង​លិច​ដែល​រួមមាន ការយក​ពន្ធ​ខ្ពស់ ការហាមឃាត់​ការជក់​តាម​ទីសាធារណៈ និង​ការបារម្ភ​ផ្នែក​សុខភាព​បាន​ជំរុញ​ឲ្យ​អតិថិជន​ងាក​ទៅរក​ជម្រើស​ដ៏ចម្រូងចម្រាស់​នេះ​។


លោក Bowles បាន​ឲ្យ​ដឹងថា​ការកាត់បន្ថយ​ការងារ​ដែល​មាន​ជាង​ ២០ ​ភាគរយ​ នឹង​ធ្វើឲ្យ BAT បង្កើន​ចំណូល​ ៥ ​ពាន់​លាន​ផោន (៦,២ ​ពាន់​លាន​ដុល្លារ​) នៅក្នុង​ប្រាក់ចំណូល​ប្រភេទ​ថ្មី​ត្រឹម​ឆ្នាំ​ ២០២៤​។


BAT ផ្ដល់​ការងារ​ដល់​បុគ្គល​ប្រហែល​ ៥៥ ០០០ ​នាក់​ នៅ​ទូទាំង​ពិភពលោក ហើយ​មិនបាន​បញ្ជាក់​តំបន់​មួយណា​នឹង​ទទួលរង​ការកាត់បន្ថយ​ការងារ​នេះ​ទេ​។


ស្ទើរតែ​ ៣ ​ឆ្នាំ​កន្លង​មក BAT បាន​គ្រប់គ្រង​ក្រុមហ៊ុន​ដៃគូ​អាមេរិក Reynolds American ក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ៥០ ​ពាន់​លាន​ដុល្លារ ជា​វិធានការ​មួយ​ដែល​កំណត់​គោលដៅ​ជាក់លាក់​ទីផ្សារ​អាមេរិក​ដែល​ផ្ដល់ប្រាក់​ចំណេញ និង​វិស័យ​បារី​អេឡិចត្រូនិក​ដែល​កំពុង​រីកចម្រើន​។

BAT កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នេះ នឹង​ធានា​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ប្រសើរ​ដើម្បី​ឆ្លើយតប​តម្រូវការ​អតិថិជន​ដែល​វិវត្តន៍​ជាប្រចាំ និង​ការផ្ដល់ប្រាក់​សន្សំ​ដែល​អាច​ត្រូវបាន​វិនិយោគ​ជាថ្មី​ក្នុង​កំណើន​ផលបត្រ​នៃ​ប្រភេទ​ថ្មីៗ​ដូចជា​ផលិតផល​ចំហាយ ផលិតផល​កម្ដៅ និង​ថ្នាំជក់​សម្រាប់​បៀម​»​។

ប៉ុន្តែ​ការអភិវឌ្ឍ​របស់​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ការវាយប្រហារ​ដ៏សំខាន់​មួយ​ដល់​ឧស្សាហកម្ម​ស្រូប និង​បញ្ចេញ​ផ្សែង​ដែល​រីកចម្រើន​មាន​តម្លៃ​ ១០,២ ​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Grand View Research​។

បារី​អេឡិចត្រូនិក​មាន​នៅ​អាមេរិក​ចាប់​តាំងពី​ឆ្នាំ​ ២០០៦ និង​ត្រូវបាន​គេ​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ជា​ជម្រើស​ប្រកប​ដោយ​សុវត្ថិភាព​។

បារី​អេឡិចត្រូនិក​មិន​មាន​សារធាតុ​គីមី​ដែល​គេ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៧ ០០០ ​នៅក្នុង​បារី​ធម្មតា​។ នេះ​បើតាម​ការសិក្សា ឆ្នាំ​ ២០១៨ ដែល​បាន​រៀបចំ​សម្រាប់​សភា​។

នៅ​សប្ដាហ៍​នេះ​លោក Michael Bloomberg ជា​មហាសេដ្ឋី និង​ជា​អតីត​អភិបាលក្រុង​ញូវយ៉ក​បាន​ប្រកាស​យុទ្ធនាការ​តម្លៃ ១៦០ ​លាន​ដុល្លារ​ក្នុង​ការហាមឃាត់​បារី​អេឡិចត្រូនិក​ដែល​មាន​រសជាតិ​នៅ​អាមេរិក​ផងដែរ​៕ LA