ក្រុង​វ៉ាស៊ីនតោនៈ ប្រភព​ឧស្សាហកម្ម​យន្តហោះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​ថា ក្រុមហ៊ុន Boeing ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​​​សូហ្វវែរ ទប់ស្កាត់​ការ​រលត់​​​ម៉ាស៊ីន​លើ​​យន្តហោះ​ប៊ូអ៊ីង​ម៉ូដែល 737 MAX របស់​ខ្លួន ខណៈ​ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ ប្រទេស ​បារាំង​ បាន​ស្រាវជ្រាវ​ទិន្នន័យ​​ប្រអប់​ខ្មៅ​ដែល​បាន​ពី​ការ​ធ្លាក់​យន្តហោះ​ចុង​ក្រោយ​បំផុត​មួយ​ក្នុង​ចំណោម​ការ​ធ្លាក់​យន្តហោះ​ចំនួន​ ​២ គ្រឿង​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​​

យន្តហោះ​ម៉ូដែល 737 MAX ត្រូវ​បាន​ហាម​ឃាត់​ហោះហើរ​​នៅ​ទូទាំង​ពិភព​លោក​ បន្ទាប់​ពី​មាន​​គ្រោះថ្នាក់​របស់​​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopia Airlines ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ១០ ខែ​មីនា ដែល​បាន​សម្លាប់​​មនុស្ស​នៅ​លើ​យន្តហោះ​​ទាំង​អស់ ១៥៧ ​នាក់ ហើយ​​ផល​វិបាក​​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​បាន​បណ្ដាល​ឲ្យ​ក្រុមហ៊ុន និយតករ និង​​ក្រុមហ៊ុន​អាកាស​ចរណ៍​ ប្រញាប់​ប្រញាល់​​ក្នុង​ការ​​ឆ្លើយតប​​ទៅ​នឹង​បញ្ហា​នេះ។​


ប្រភព​ចំនួន​ ​២ បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ ក្រុមហ៊ុន Boeing នឹង​កែ​សម្រួល​​ប្រព័ន្ធ MCAS របស់​ខ្លួន​ដែល​ជាប់​​ទាក់ទង​​ក្នុង​ការ​ធ្លាក់​យន្តហោះ 737 MAX 8 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Lion Air ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។ ប្រភព​ដដែល​នេះ​បាន​​ឲ្យ​ដឹង​​ថា មូលហេតុ​ នៃ​ការ​ធ្លាក់​យន្តហោះ​ចុង​ក្រោយ​បំផុត​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​។​


ក្រុមហ៊ុន Boeing បាន​​ផ្អាក​ការ​ចែកចាយ​យន្តហោះ​ដែល​​លក់​ដាច់​បំផុត​របស់​ខ្លួន​នេះ មុន​​ពេល​​​​ជួសជុល​សូហ្វវែរ​រួច ដែល​​ការងារ​នេះ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​រួច​ហើយ​មុន​ពេល​មាន​​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ចុង​ក្រោយ​បំផុត​នៅ​ជិត​ទីក្រុង​អាឌីសអាបេបា​នេះ។


នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ពេលវេលា​កំណត់​សម្រាប់​ការ​ជួសជុល​នេះ អ្នក​នាំពាក្យ​​ក្រុមហ៊ុន Boeing កាល​​ពី​ថ្ងៃ​សុក្រ គ្រាន់​តែ​និយាយ​ថា វា​នឹង​ត្រូវ​ដំឡើង​​ក្នុង​រយៈ​ពេល «ប៉ុន្មាន​​សប្ដាហ៍​ខាង​មុខ​នេះ»។​


ប្រអប់​ខ្មៅ​ដែល​ទទួល​បាន​ពី​យន្តហោះ​របស់​​ក្រុមហ៊ុន Ethiopian ដែល​ទើប​តែ​មាន​អាយុ​កាល​ ​២-៣ ខែ​ប៉ុណ្ណោះ និង​បាន​ធ្លាក់​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ការ​ហោះ​ឡើង​នោះ​ត្រូវ​បាន​វិភាគ​ដោយ​អាជ្ញាធរ​​របស់​ប្រទេស ​បារាំង​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​។​


ក្រុម​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Ethiopian បាន​ប្រគល់​សំឡេង​នៅ​ក្នុង​បន្ទប់​អ្នក​បើក​យន្តហោះ និង​ឧបករណ៍​កត់ត្រា​​ទិន្នន័យ​ហោះហើរ ដែល​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​គ្រោះថ្នាក់​នេះ ឲ្យ​ទៅ​ទី​ភ្នាក់ងារ​សុវត្ថិភាព​ផ្លូវ​អាកាស​ BEA បារាំង ដែល​បាន​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​សុក្រ​។​

ការ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន Lion Air ​កើត​ឡើង​ប៉ុន្មាន​នាទី​ក្រោយ​ហោះ​ឡើង​ ដែល​សម្លាប់​​មនុស្ស​ ១៨៩ នាក់ ​ហើយ​អាជ្ញាធរ​​​អាមេរិក​​​​ឲ្យ​ដឹង​ថា មាន​​ភ័ស្ដុតាង​ស្រដៀង​គ្នា​រវាង​គ្រោះថ្នាក់​​ទាំង ​២ នេះ៕​ AFP/LA​