
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ហេង ជីវ័ន
ភ្នំពេញៈ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានបដិសធការស្នើរបស់សភាពាណិជ្ជកម្មអន្តរជាតិក្នុងការពន្យារពេលការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (TOI) ដែលនឹងផុតកំណត់នៅថ្ងៃ ៣១ ខែមីនា នេះដោយជំរុញឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (TOI E-Filing) ដើម្បីធានាថា រដ្ឋាភិបាលទទួលបានការប្រមូលចំណូលប្រកបដោយនិរន្តរភាពក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ១១ ខែមីនា សភាពាណិជ្ជកម្មអន្តរជាតិបានដាក់លិខិតមួយសុំពន្យារពេលសម្រាប់ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (TOI) និងផ្អាកដំណើរការជាបណ្ដោះអាសន្នកិច្ចប្រជុំដោយផ្ទាល់នានា ដោយហេតុថា ការផ្ទុះជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យមានភាពយឺតយ៉ាវការងារ និងការធ្លាក់ចុះផលិតភាពពលកម្មដោយសារបុគ្គលិកភាគច្រើនធ្វើការពីផ្ទះ។
លិខិតពី GDT និងត្រូវបានចុះហត្ថលេខាដោយលោក គង់ វិបុល នៅថ្ងៃទី ១៥ ខែមីនា បានលើកឡើងថា ដើម្បីបន្ធូរបន្ថយបន្ទុករបស់អ្នកជាប់ពន្ធក្នុងការបំពេញលិខិតប្រកាសពន្ធ GDT កំពុងអភិវឌ្ឍប្រព័ន្ធអនឡាញ ដែលរួមមានប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធប្រចាំខែ (E-Filling) ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (TOI E-Filling) ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ (E-Payment) និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធតាមសេវាកម្មអនឡាញ (E-Uploader) ដែលជឿជាក់ថា ប្រព័ន្ធទាំងនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យកូវីដ១៩។
លិខិតនេះបានលើកឡើងថា៖ «ដោយបានពិចារណាហេតុផលខាងលើ វាច្បាស់ណាស់ថា អ្នកជាប់ពន្ធមិនតម្រូវឱ្យធ្វើដំណើរមកប្រាស្រ័យទាក់ទងជាមួយនឹងមន្ដ្រីពន្ធដារដើម្បីដាក់លិខិតប្រកាសពន្ធទេ ហើយ GDT ប្រាកដថា ពេលវេលាកំណត់សម្រាប់ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមិនត្រូវពន្យារពេលទេ»។
«អាស្រ័យហេតុនេះ ក្នុងគោលដៅធានាបាននូវនិរន្តរភាពនៃការប្រមូលចំណូលពន្ធ ដើម្បីគាំទ្រដល់ការចំណាយចាំបាច់នានារបស់រដ្ឋ និងធានានូវស្ថិរភាពនៃការអនុវត្តការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងចៀសវាងហានិភ័យការឆ្លងជំងឺកូវីដ ១៩ GDT សូមជំរុញ និងលើកទឹកចិត្តឱ្យសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា យកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធ TOI E-Filing ជាជាងការមកធ្វើការងារជាមួយមន្ដ្រីពន្ធដារ ឬកាន់លិខិតប្រកាសពន្ធមកដោយផ្ទាល់ឱ្យបានទាន់ពេលវេលាមុនថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ និងសូមស្នើសុំការយោគយល់ចំពោះការមិនអាចពន្យារពេលដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលជាទូទៅតាមសំណើសុំបានទេ ព្រោះមានសហគ្រាសមួយចំនួនធំបានរៀបចំរួចរាល់នូវការដាក់លិខិតប្រកាសពន្ធលើចំណូលប្រចាំឆ្នាំនេះរួចហើយ»។ នេះបើយោងតាមលិខិត។
លោក Anthony Galliano ប្រធាន AmCham កាលពីថ្ងៃទី ១៧ បានសម្ដែងការពេញចិត្តចំពោះលោកអគ្គនាយក GDT ដែលបានពិចារណាពីការបារម្ភរបស់សភាពាណិជ្ជកម្មអន្តរជាតិទាំង ៩ ភា្លមៗ និងបានឆ្លើយតបយ៉ាងរហ័ស។
លោកថ្លែងថា៖ «នេះបង្ហាញពីការចូលរួមរបស់រដ្ឋ និងវិស័យឯកជន និងបើកចំហការពិភាក្សាហើយក្នុងឱកាសនេះមានការសន្ទនាដែលមានលក្ខណៈស្ថាបនា។ ខ្ញុំជឿថា ការឆ្លើយតបនេះល្អបំផុតអាចត្រូវបានហៅថាជាការអនុវត្តជាក់ស្ដែងដល់កម្រិតដែលរដ្ឋាភិបាលចាំបាច់ត្រូវរក្សាការប្រមូលពន្ធនៅពេលនៃសម្ពាធហិរញ្ញវត្ថុ និងច្បាស់ណាស់តាមចក្ខុវិស័យរបស់ GDT ក្នុងនាមជាប្រភពការប្រមូលប្រាក់ចំណូលរបស់រដ្ឋាភិបាល គឺយើងពិតជាមានការយោគយល់គ្នា»។
លោកពន្យល់ថា សភាពាណិជ្ជកម្មទាំងអស់បានចង្អុលបង្ហាញពីតម្លៃ ឬសារៈសំខាន់របស់ប្រព័ន្ធ E-filing និងបានបង្កើតឡើងដោយ GDT ដើម្បីជួយសម្រួលទៅដល់អ្នកជាប់ពន្ធ។ លោកបានឱ្យដឹងទៀតថា លោកនឹងជំរុញឱ្យសមាជិករបស់លោកប្រើប្រាស់ប្រព័ន្ធ e-filing ជាយន្តការការដាក់លិខិតប្រកាសពន្ធ។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងរួចអស់ហើយ ដូច្នេះសភាពាណិជ្ជកម្មអាចសង្ឃឹមថា នឹងមានការផ្លាស់គំនិត ជាពិសេសប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ»៕ LA