ក្រុងវ៉ាស៊ីនតោនៈ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) លោកស្រី Kristalina Georgieva បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​ការខូចខាត​ដ៏ខ្លាំង​ពី​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​ដែល​អាច​បណ្តាល​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ច្រើនជាង​កាលពី​ឆ្នាំ​ ២០០៩ និង​ទាមទារ​ឲ្យ​មានការ​ឆ្លើយតប​ដែល​មិន​ធ្លាប់ធ្វើ​ក្នុងពេល​កន្លងមក​។

លោកស្រី Georgieva បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ឲ្យ​ផ្តល់​ការគាំទ្រ​កាន់តែ​ច្រើន​ដល់​ប្រទេស​ដែលមាន​ចំណូល​ទាប ដែល​ប្រឈម​នឹង​ការបាត់បង់​ហិរញ្ញវត្ថុ​ដ៏ច្រើន ហើយ​និយាយថា IMF ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ដាក់ចេញ​ប្រាក់កម្ចី​ចំនួន​ ១ ​ពាន់​ពាន់​លាន​ដុល្លារ​។


នៅពេល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ប្រឈម​ការបិទទ្វារ​ស្ទើរ​ទាំងស្រុង លោកស្រី Georgieva ក៏បាន​ព្រមាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជឿនលឿន (G-20) ​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំនេះ​គឺ​អវិជ្ជមាន​ដែល​ការធ្លាក់ចុះ​យ៉ាង​ហោចណាស់​អាក្រក់​ដូច​កាលពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅក្នុង​ឆ្នាំ​ ២០០៨ ឬ​អាក្រក់​ជាង​នោះ​ទៅទៀត​។


កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​ត្រឹម ០,៦ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០០៩ ជា​លទ្ធផល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨ ប៉ុន្តែ​ទីផ្សារ​កំពុង​ងើបឡើង​នាពេលនោះ​ដែល​រួមមាន ប្រទេស​ចិន និង​ឥណ្ឌា​បាន​រីកលូតលាស់​ក្នុង​ល្បឿន​យ៉ាង​រហ័ស​។


ផ្ទុយទៅវិញ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​កំពុង​បង្ក​សោក​នាដកម្ម​ដល់​សេដ្ឋកិច្ច និង​មនុស្ស​ទូទាំង​សកលលោក និង​អ្នក​ព្យាករណ៍​ខ្លះ​បាន​និយាយ​ថា ការធ្លាក់ចុះ​អាច​ដល់ ១,៥ ​ភាគរយ​ឯណោះ​។


លោកស្រី Georgieva បាន​និយាយថា៖ «​ការស្លាប់​បាត់បង់​មនុស្សជាតិ​ដោយសារ​ការរាលដាល​វីរុស​កូរ៉ូណា​មិនអាច​វាស់វែង​បាន​រួចទៅ​ហើយ ដូច្នេះ​ប្រទេស​ទាំងអស់​ត្រូវការ​ធ្វើការងារ​រួមគ្នា ដើម្បី​ការពារ​ប្រជាជន និង​កម្រិត​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​»​។


ទោះបី​ជា​យ៉ាងណា​ទីផ្សារ​ដែល​កំពុង​ងើបឡើង និង​ប្រទេស​ដែលមាន​ចំណូល​ទាប​ប្រឈម​ខ្លាំងណាស់ ហើយ​ប្រហែល​ជា​ត្រូវការ​ការគាំទ្រ​ហិរញ្ញវត្ថុ​បន្ថែមទៀត និង​សូម្បី​ជំនួយ​ដោះបំណុល​។

លោកស្រី​និយាយថា​៖ «​អ្នកវិនិយោគ​បាន​ដកចេញ​រួច​ទៅ​ហើយ​នូវ​ប្រាក់​ប្រមាណ ៨៣ ​ពាន់​លាន​ដុល្លារ​ពី​ទីផ្សារ​កំពុង​លូតលាស់​ចាប់​តាំងពី​ការចាប់​ផ្តើម​វិបត្តិ ដែល​នេះ​គឺជា​ការបាត់បង់​ទុន​ដ៏ច្រើន​បំផុត​ដែល​ត្រូវបាន​កត់ត្រា​»​។

ជិត ៨០ ​ប្រទេស​បាន​ស្នើ​រួចរាល់​ហើយ​នូវ​ជំនួយ​គ្រាអាសន្ន​ពី​ IMF ដើម្បី​ទប់ទល់​នឹង​ការផ្ទុះឡើង​នៃ​វីរុស​នេះ​៕ RR