ក្រុងឌូបៃៈ កំណែទម្រង់​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​រួម​ទាំង​អាករ​លើ​តម្លៃបន្ថែម​ (VA-T) និង​ការដំឡើង​តម្លៃ​ថាមពល​បានចាប់ផ្តើម​ផ្តល់​លទ្ធផល​ហើយ ប៉ុន្តែ​មាន​កិច្ចការ​បន្ថែម​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​បំពេញ​ចន្លោះ​ឱនភាព​ថវិកា​ដ៏រ៉ាំរ៉ៃ​។ នេះ​បើ​យោង​តាម​មូលនិធិ​ IMF កាលពី​ថ្ងៃ​ចន្ទ​។

បន្ទាប់ពី​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​ដែល​បាន​ទាញ​ទម្លាក់​ប្រាក់ចំណូល​របស់​អារ៉ាប៊ីសាអ៊ូឌីត និង​បាន​ឈាន​ទៅ​រក​កង្វះ​ថវិកា​រយៈពេល ៥ ​ឆ្នាំ​ជាប់​គ្នា​រួចមក ប្រទេស​នាំចេញ​ប្រេង​ឆៅ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​មួយ​នេះ​បាន​ដាក់​ចេញ​វិធានការ​ជាច្រើន ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​។


មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ជាប្រចាំ​មួយ​ថា​៖ «​កំណែទម្រង់​បាន​ចាប់ផ្តើម​ផ្តល់​លទ្ធផល​ហើយ ហើយ​ចក្ខុវិស័យ​សម្រាប់​សេដ្ឋកិច្ច​មាន​ភាព​វិជ្ជមាន​»​។


ប៉ុន្តែ IMF បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​នេះ​ដែល​ប្រាក់​ចំណូល​ពី​ប្រេង​នៅតែ​មាន​ចំណែក ៧០ ​ភាគរយ​នៃ​ប្រាក់​ចំណូល​សាធារណៈ​នោះ ត្រូវតែ​ពង្រីក​ការកែសម្រួល​តម្លៃ​សេវា​ទឹក អគ្គិសនី និង​ប្រាក់កម្រៃ​ដែល​ដកហូត​លើ​ជនបរទេស​។


មូលនិធិ IMF ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ពិចារណា​ដំឡើង VAT ទ្វេដង​ផងដែរ​ពោល​គឺ​ពី ៥ ​ភាគរយ​ទៅ ១០ ​ភាគរយ​។


អារ៉ាប៊ីសាអ៊ូឌីត បាន​ដាក់ចេញ VAT ក្នុង​ឆ្នាំ​ ២០១៨ ជា​ឆ្នាំ​មួយ​ដែល​ប្រាក់ចំណូល​របស់​ប្រទេស​នេះ​មាន​តែ​ចំនួន ១២,៥ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ឬ​ស្មើនឹង ១,៦ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។


មូលនិធិ IMF បាន​ឲ្យ​ដឹងថា ការប្តេជ្ញាចិត្ត​ចំពោះ​កម្មវិធី​កែទម្រង់​នឹង​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ​ក្នុងការ «​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​មិន​បាន​មកពី​ប្រេង បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ និង​សម្រេច​បាន​គោលបំណង​នៃ​របៀបវារៈ​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ របស់​អាជ្ញាធរ​»៕ KC