រីយ៉ាដៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បាន​ព្រមាន​ថា ការរីករាលដាល​វីរុស​កូរ៉ូណា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ខណៈ​ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 និង​ប្រធាន​ធនាគារកណ្ដាល​បាន​ថ្លឹងថ្លែង​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​ជំនួប​រយៈពេល​ ២ ​ថ្ងៃ​នៅ​ទីក្រុង​រីយ៉ាដ​។

លោកស្រី Kristalina Georgieva ប្រធាន IMF ​បាន​មេដឹកនាំ G20 នៅ​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​សៅរ៍​ថា ការរីករាលដាល​នេះ​នឹង​កាត់បន្ថយ​ប្រហែល​ ០,១ ​ពិន្ទុ​ភាគរយ​ពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​រារាំង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មក​នៅ​ត្រឹម​ ៥,៦ ​ភាគរយ​នៅ​ឆ្នាំនេះ​។


កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ចំពេល​ការប្រកាសអាសន្ន​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​វីរុស​ថ្មី​ខណៈ​អាជ្ញាធរ​ចិន​បិទ​ការធ្វើ​ចរាចរណ៍​មនុស្ស​រាប់លាន​នាក់ ដើម្បី​បង្ការ​ការរីក​រាលដាល​ដែល​មាន​ផលប៉ះពាល់​សំខាន់ៗ​លើ​សេដ្ឋកិច្ច​។


នៅពេល​នេះ​វីរុស​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស ២ ៣៤៥ ​នាក់​ ក្នុង​ប្រទេស ​ចិន ដែល​កាត់បន្ថយ​ការដឹកជញ្ជូន​រំខាន​ដល់​ពាណិជ្ជកម្ម និង​ការគាំទ្រ​ដល់​ការប្រកាសអាសន្ន​របស់​វិនិយោគិន ខណៈ​អាជីវកម្ម​របស់​ពួកគេ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។ លោកស្រី Georgieva បាន​ថ្លែងថា​៖ «​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​ប្រហែល​ ០,១ ​ពិន្ទុ​ភាគរយ​កាន់តែ​ទាប​»​។


លោកស្រី​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​យើង​ក៏​កំពុង​សម្លឹង​មើល​សេណារីយោ​កាន់តែ​អាក្រក់​ដែល​ការរីក​រាលដាល​របស់​វីរុស​នេះ​បន្ត​ក្នុង​រយៈពេល​កាន់តែ​វែង និង​កាន់តែច្រើន​ទៀត​ទូទាំង​ពិភពលោក និង​ផលវិបាក​កំណើន​សេដ្ឋកិច្ច​មាន​រយៈពេល​កាន់តែ​វែង​ផងដែរ​»​។


នៅក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត​ ដែល​ជា​ប្រទេស​ អារ៉ាប់ ​ដំបូង​គេ ធ្វើជា​ប្រធាន G20 មេដឹកនាំ​ហិរញ្ញវត្ថុ​ក៏​បាន​ពិភាក្សា​ការលាង​ប្រាក់ រូបិយប័ណ្ណ​ឌីជីថល និង​មធ្យោបាយ​ក្នុង​ការសម្រេច​បាន​ប្រព័ន្ធ​ពន្ធ​ពិភពលោក​សម្រាប់​សម័យ ឌីជីថល​ផងដែរ​។


លោក Bruno Le Maire រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ប៉ុន្តែ​នៅក្នុង​ស្នូល​នៃ​ការពិភាក្សា​នេះ​គឺជា​ផែនការ​សកម្មភាព ដើម្បី​ការពារ​សេដ្ឋកិច្ចពិភពលោក​ដែល​ប្រឈម​នឹង​ការធ្លាក់ចុះ​រួច​ហើយ ដោយសារ​តែ​ផលប៉ះពាល់​ការរីករាលដាល​នេះ​។

លោក Le Maire បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​សំណួរ​នៅតែ​បើកចំហ គឺថា តើ​វា​នឹង​មាន​ជា​រូបរាង​អក្សរ V ជាមួយ​នឹង​ការស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​នៃ​សេដ្ឋកិច្ច​ពិភពលោក ឬ​ថា តើ​វា​នឹង​មាន​រូបរាង​អក្សរ L ជាមួយ​នឹង​ការធ្លាក់ចុះ​ជា​បន្ត​ក្នុង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែរ​ឬ​យ៉ាងណា​»​។

មន្ដ្រី​រតនាគារ​ជាន់ខ្ពស់​អាមេរិក​បាន​ឲ្យ​ដឹងថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង «​ឃ្លាំ​មើល​ដោយ​យកចិត្ត​ទុកដាក់​បំផុត​» ការអភិវឌ្ឍ​ដែល​ជាប់ទាក់ទង​នឹង​វីរុស​នេះ និង​ការវាយតម្លៃ​ផលប៉ះពាល់​របស់ខ្លួន​។

ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​មិន​បញ្ជូន​មេដឹកនាំ​ណាមួយ​ពី​ទីក្រុង​ប៉េកាំង ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​រីយ៉ាដ​នោះ​ទេ ដែល​បាន​ដឹកនាំ​ដោយ​លោក Mohammed al-Jadaan រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ និង​លោក Ahmed al-Kholifey ប្រធាន​ធនាគារកណ្ដាល​។

ប៉ុន្តែ​ប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ឯកអគ្គរដ្ឋទូត​ប្រទេស​ ចិន ប្រចាំ​នៅ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត​ នឹង​ដឹកនាំ​ក្រុម​គណៈប្រតិភូ​មួយក្រុម​តូច​ជំនួស​។

កិច្ចប្រជុំ​ក៏​បាន​រៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ដ្រី​ស្ដីពី​ពន្ធដារ​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរ ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម​ដែល​កើតចេញពី​ការធ្វើឲ្យ​មាន​លក្ខណៈ​ឌីជីថល​នៃ​សេដ្ឋកិច្ច​សកល​។

លោក Le Maire ថ្លែងថា​៖ «​មាន​ការព្រមព្រៀង​ក្នុង​ចំណោម​សមាជិក​របស់​ G20 លើ​ភាពចាំបាច់​នៃ​ការទទួល​បាន​ប្រព័ន្ធ​ពន្ធដារ​អន្តរជាតិ​ថ្មី​នេះ​សម្រាប់​ជា​ប្រយោជន៍​ភាព​ស្មើភាព​គ្នា និង​ប្រសិទ្ធភាព​»៕ LA