ក្រុងតូក្យូៈ ក្រុមហ៊ុន Z Holdings របស់​ជប៉ុន​ដែល​ជា​ឈ្មោះ​ថ្មី​ក្រុមហ៊ុន Yahoo Japan នឹង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Line ដែលជា​ប្រតិបត្តិករ​កម្មវិធី​ជជែក​កម្សាន្ត​ចល័ត​ក្នុង​គោលបំណង​បង្កើន​មូលដ្ឋាន​អតិថិជន​សម្រាប់​សេវា​ឌីជីថល​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ទាំង​ ២ ​កាលពី​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន​ប្រតិបត្តិការ​សេវា​ទូរស័ព្ទ​ចល័ត SoftBank ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Z Holdings (ZHD) និង​ក្រុមហ៊ុន Naver បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​ថា ក្រុមហ៊ុន SoftBank Corp និង​ក្រុមហ៊ុន Naver របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Line បាន​យល់ព្រម​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន ZHD និង​ក្រុមហ៊ុន Line​។


ក្រុមហ៊ុន Line នឹងត្រូវ​លុបឈ្មោះ​ចេញ​ពី​ផ្សារហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន SoftBank និង​ក្រុមហ៊ុន Naver ធ្វើការ​ដាក់​តម្លៃ​ទិញ ហើយ​ការច្របាច់​បញ្ចូល​គ្នា​រំពឹងទុក​ថា នឹង​ធ្វើ​ឡើង​នៅ​ខែតុលា ឆ្នាំ​ ២០២០​។


សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នេះ​បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​នេះ «​មាន​គោលបំណង​នាំយក​រួមគ្នា​នូវ​ធនធាន​អាជីវកម្ម​របស់​ក្រុមហ៊ុន ZHD Group និង​ក្រុមហ៊ុន LINE Group ដែល​មាន​មូលដ្ឋាន​អ្នកប្រើប្រាស់​លើសលុប និង​ទ្រព្យសកម្ម​ជាច្រើន​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផ្ដល់​បទពិសោធ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​នៅ​ជប៉ុន​»​។


ក្រុមហ៊ុន SoftBank ក៏​គ្រោង​នឹង​វិនិយោគ​លើ​ការពង្រីក​ទៅក្នុង​វិស័យ​អាជីវកម្ម​ថ្មីៗ​ផងដែរ និង «​មាន​គោលបំណង​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ដែលជា​កម្លាំង​ជំរុញ​នៅ​ទូទាំង​ជប៉ុន អាស៊ី និង​ទូទាំង​ពិភពលោក​»​។


សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ការច្របាច់​បញ្ចូល​គ្នា «​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើគ្នា​ដោយ​ក្រុមហ៊ុន ZHD និង​ក្រុមហ៊ុន LINE ក្នុង​គោល​បំណង​បង្កើត​សម្ព័ន្ធ​អាជីវកម្ម​មួយ​ដែល​អាច​ជម្នះ​លើ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្នុងស្រុក និង​លើ​ពិភពលោក​» ហើយ​ក្រុមហ៊ុន​ដែល​ច្របាច់​បញ្ចូល​គ្នា​ថ្មី​នេះ​នឹង​អនុវត្ត «​ការវិនិយោគ​អាជីវកម្ម​ដែល​កំណត់​ទិសដៅ​កំណើន​ក្នុង​វិស័យ​នៃ​បញ្ញា​សិប្បនិម្មិត (AI) ពាណិជ្ជកម្ម បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​» ក្នុង​ចំណោម​វិស័យ​ផ្សេងទៀត​។


តម្លៃ​ចុងក្រោយ​សម្រាប់​ការដាក់​តម្លៃ​ទិញ​សម្រាប់​ការច្របាច់​បញ្ចូល​គ្នា​នេះ​គឺ​នៅតែ​កំពុង​ស្ថិត​ក្រោម​ការពិភាក្សា​នៅឡើយ​៕ LA