ទោះបី​ជា​ត្រឹម​ត្រីមាស​ទី​៣ ​នៃ​ឆ្នាំ ​២០២០ ​ក៏​ដោយ​តែ​វា​ជា​ឆ្នាំ​ដ៏​មមាញឹក ​១ សម្រាប់​អម្រឹត​ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​គេ ​១ ​នៅ​កម្ពុជា​។ ​អម្រឹត​នៅ​តែ​បន្ត​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ជួយ​ដល់​ប្រជាជន​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​។

រយៈ​ពេល​នេះ​អម្រឹត​ក៏​បាន​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩ ​ខណៈ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កំពុង​ជួយ​ផ្តល់​ដល់​កសិករ​ និង​អាជីវកម្ម​ស្ត្រី​នៅ​តាម​ជនបទ​។​


នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​លោក ដុស ឌីន ​មាន​ប្រសាសន៍​ថា ​អម្រឹត​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​អ្នក​ប្រើប្រាស់​សេវា​ឥណទាន​នីមួយៗ​ក្នុង​វិស័យ​ធុរកិច្ច​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថា ​ជា​អ្នក​ងាយ​រងគ្រោះ​បំផុត​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូវីដ ​១៩ ​ដូចជា​វិស័យ​ទេសចរណ៍​វាយនភណ្ឌ​ សំណង់​ និង​ដឹក​ជញ្ជូន​ក៏​ដូចជា​វិស័យ​កសិកម្ម​ផង​ដែរ​។​


អម្រឹត​បាន​និយាយ​ថា ​ខ្លួន​កំពុង​ផ្តល់​ជំនួយ​ដល់​អតិថិជន​របស់​ខ្លួន​ដោយ​ផ្តល់​រយៈពេល​អនុគ្រោះ​សង​ប្រាក់​កម្ចី ឬ​បន្ត​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ចំនួន ​១២ ​ម៉ឺន​នាក់ ​ដែល​ជីវភាព​របស់​ពួក​គេ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដែល​មិន​ធ្លាប់​មាន​​ពី​មុន​។ ​អម្រឹត​ក៏​បាន​ផ្តល់​ពេលវេលា​អនុគ្រោះ​ដល់​អតិថិជន​នីមួយៗ ​ខណៈ​អាជីវកម្ម​ និង​ការងារ​ពួក​គេ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដែល​តំណាង​ឱ្យ​ជាង ​១០ ​ភាគរយ ​នៃ​ផលបត្រ​កម្ចី​របស់​អម្រឹត​។


នៅ​ក្នុង​ខែ​កក្កដា​ នាយក​អង្គភាព​ពាណិជ្ជកម្ម​របស់​អម្រឹត​លោក Alan Wee មាន​ប្រសាសន៍​ថា ​«​ការ​បង្កើត​កម្មវិធី​កសិកម្ម​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​កម្មវិធី CAMAgriMarket ដែល​នាំ​កសិករ​អ្នក​ទិញ ​អ្នកលក់​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ជួប​គ្នា​នៅ​ប្រព័ន្ធ​ឌីជីថល​តែ ១ ដើម្បី​ទិញ​លក់​ផលិតផល​កសិកម្ម ​និង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​មាន​និរន្តរភាព ​និង​រក​ប្រាក់​ចំណេញ​បាន​។​ទាំង​អម្រឹត ​និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​មាន​ចក្ខុវិស័យ​រួម និង​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ពង្រឹង​សហគមន៍​កសិកម្ម​នៅ​កម្ពុជា​ជាមួយ​នឹង​សេវាកម្ម​ហិរញ្ញវត្ថុ ​និង​មិន​មែន​ហិរញ្ញវត្ថុ​ដែល​ចាំបាច់ ​ដើម្បី​លើក​កម្ពស់​ជីវភាព ​និង​ប្រាក់​ចំណូល​គ្រួសារ​តាមរយៈ​ផលិតភាព​ល្អ​ប្រសើរ​»​។​ ​«​កម្មវិធី CAMAgriMarket គឺ​ជា​ច្រក ​១ ដ៏​ល្អ​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម​ហើយ​យើង​ជឿជាក់​ថា ​កម្មវិធី​នេះ​មាន​សក្តានុពល​ដ៏​ធំធេង ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​កសិកម្ម​នៅ​ទូទាំង​ប្រទេស​»​។


ក្នុង​ខែ​សីហា​អម្រឹត​បាន​បង្ហាញ​ផលិតផល​ថ្មី ​១ ​ដែល​ជំរុញ​ដល់​ការ​អប់រំ​ផង​ដែរ​។ លោក Alan Wee បាន​និយាយ​ថា​ ការ​ជួយ​កុមារ​ឱ្យ​សម្រេច​ក្តី​សុបិន្ត​ការ​សិក្សារ​របស់​ពួក​គេ ​គឺ​ជា​ការ​ជំរុញ​ដ៏​សំខាន់​តាមរយៈ​ ​«​គណនី​ក្មេង​ឆ្លាត​»​។​


ផលិតផល​នេះ​ជា​ប្រភេទ​គណនី​សន្សំ​រួម​គ្នា​រវាង​ឪពុកម្តាយ​ និង​កូន​ក្នុង​គោល​បំណង​បង្កើន​ទម្លាប់​សន្សំ​។ ​យើង​សង្ឃឹម​ថា ​ផែនការ​សន្សំ​នេះ​នឹង​ជួយ​ឪពុកម្តាយ ​ឬ​អាណាព្យាបាល​ឱ្យ​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​ទំនុក​បម្រុង​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​របស់​កូនៗ​។ ​ទន្ទឹម​នឹង​នេះ​យើង​ក៏​សង្ឃឹម​ថា ​វា​អាច​ជួយ​កូនៗ​របស់​ពួក​គេ​ទទួល​បាន​សញ្ញាបត្រ​ដែល​ជា​ជំហាន​ទី​១​ និង​បន្ទាប់​មក​ឆ្ពោះ​ទៅ​កាន់​ឆាក​ដ៏​ធំ​នៃ​វិស័យ​ការងារ​។ ​អ្វី​គ្រប់​យ៉ាង​អាច​ទៅ​រួច​ប្រសិន​បើ​មនុស្ស​ម្នាក់ៗ​មាន​គម្រោង ​និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ឱ្យ​បាន​។ ​ដូចនេះ ក្មេង​ឆ្លាត​ជា​ផលិតផល​ដ៏​ល្អ​ឥត​ខ្ចោះ ​១ ក្នុង​ការ​បំផុស​គំនិត​នៃ​ការ​ខិតខំ​ប្រឹងប្រែង​នោះ​។​

ទន្ទឹម​នឹង​នេះ អម្រឹត​បាន​នូវ​ពាន​រង្វាន់ ​"​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ក្នុង​ការ​លើ​កម្ពស់ និង​គាំទ្រ​ស្ត្រី​ក្នុង​អាជីវកម្ម​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ​២០២០" ផង​ដែរ​។ ​លោកស្រី Estelle Darie Rousseaux អភិបាល​ប្រតិបត្តិ​របស់​អម្រឹត​បាន​មាន​ប្រសាសន៍​ថា ​វា​ពិត​ជា​កិត្តិយស​ណាស់​សម្រាប់​អម្រឹត​ដែល​ទទួល​បាន​នូវ​ពាន​រង្វាន់​នេះ​។ ​ចាប់​តាំង​ពី​ដំបូង​មក​ម្ល៉េះ​អម្រឹត​តែងតែ​ទទួល​ស្គាល់​ពី​សារៈសំខាន់​របស់​ស្ត្រី​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​របស់​គ្រួសារ​នៅ​កម្ពុជា​។​

លោកស្រី​ថ្លែង​ថា​៖ "​ជាង ​៩០ ​ភាគរយ នៃ​អតិថិជន​របស់​យើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ ១៩៩០ គឺ​ជា​ស្ត្រី ដែល​យើង​បាន​ផ្តល់​ប្រាក់​កម្ចី​ជា​ក្រុម​តូចៗ​នៅ​តាម​ភូមិ និង​ជា​ពិសេស​ស្ត្រី​បាន​ជឿជាក់​លើ​សេវា​យើង​មុន​។ សព្វ​ថ្ងៃ អ្នក​ប្រើប្រាស់​សេវា​ឥណទាន​របស់​អម្រឹត​មាន ៦៨ ​ភាគរយ ​គឺ​ជា​ស្ត្រី​នៅ​គ្រប់​ផ្នែក​ និង​ក្នុង​អាជីវកម្ម​គ្រប់​ប្រភេទ​"​។​

"អម្រឹត​នឹង​បន្ត​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​តម្លៃ​សមរម្យ ​ដើម្បី​លើក​កម្ពស់ និង​គាំទ្រ​ដល់​ស្ត្រី ដែល​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​ប៉ុណ្ណោះ​ទេ​វា​អាច​ថែម​ទាំង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ផង​ដែរ​។ ​កត្តា​នេះ​នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​សហគមន៍​ក៏​ដូចជា​លើក​កម្ពស់​ភាព​ជា​សហគ្រិន​របស់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​"៕