ធនាគារ ហ្វីលីព ភីអិលស៊ី (Phillip Bank Plc) ដែល​បានរួម​បញ្ចូល​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​ (KREDIT MFI) កាលពី​ខែ​មករា​កន្លង​ទៅ កំពុង​បោះ​សំណាញ់​ដ៏មាន​សុវត្ថិភាព​សម្រាប់​អ្នកទទួល​កម្ចី​របស់ខ្លួន​ទាំងអស់​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ ដោយសារ​តែ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​​​ ១៩​។

ធនាគារ​ពាណិជ្ជ​មួយ​នេះ​បាន​ផ្តល់ជំនួយ​ដល់​អ្នកទទួល​កម្ចី​ប្រមាណ ២ ៧០០ ​នាក់​ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការកំណត់​ពេលវេលា​សង​ប្រាក់កម្ចី​របស់​ពួកគេ​នៅពេល​អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការភ័យខ្លាច​លើ​បញ្ហា​សុខភាព​គិត​ចាប់​តាំងពី​ខែមីនា​មក​។


ធនាគារ ហ្វីលីព បាន​ផ្តោតលើ​អតិថិជន​បី​ក្រុម​គឺ​អតិថិជន​បុគ្គល​ (​ឥណទាន​រថយន្ត ឥណទាន​គេហដ្ឋាន និង​ឥណទាន​បុគ្គល​) ​ក៏ដូចជា​អតិថិជន​ដែល​ស្នើសុំ​ឥណទាន​ខ្នាតតូច ឥណទាន​សាជីវកម្ម និង​ឥណទាន​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ (SMEs)​។


ធនាគារ​ពាណិជ្ជ​កំពុង​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បី​ធានាថា កំណើន​ប្រាក់កម្ចី​របស់​ពួកគេ​នឹង​មិន​រងផលប៉ះពាល់ ហើយ​ជាមួយ​គ្នា​នេះ​ដែរ គឺ​ដើម្បី​ទប់ស្កាត់​ប្រាក់កម្ចី​ដែល​មិនអាច​សង​ត្រឡប់ ជាពិសេស​កម្ចី​មកពី​វិស័យ​សាជីវកម្ម និង​អ្នកទទួល​កម្ចី​ខ្នាតតូច ដែល​កើនឡើង​ដោយសារ​តែ​សេដ្ឋកិច្ច​ធ្លាក់ចុះ បណ្តាលមក​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​១៩​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​។


បន្ទាប់ពី​បានរួម​បញ្ចូល​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត ធនាគារ ហ្វីលីព មាន​ ៨៩ ​សាខា នៅ​ទូទាំង​ប្រទេស​។


ដោយ​បាន​ចូលរួម​ជាមួយ​ធនាគារពាណិជ្ជ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ ហ្វីលីព បាន​ដាក់​ចេញ​នូវ​វិធានការ​កែលម្អ​ឡើងវិញ​ពី​ការរៀបចំ​ការសង​ប្រាក់កម្ចី និង​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​អាជីវកម្ម និង​អ្នកទទួល​កម្ចី និង​ជួយ​អាជីវកម្ម​ឲ្យ​អាច​នៅ​រស់រាន​មាន​ជីវិត​បាន​ក្នុងអំឡុងពេល​ដ៏លំបាក​នេះ​។


«​ក្នុងនាម​ជា​ធនាគារ​មួយ យើង​ត្រូវ​បម្រើ និង​ជួយ​ដល់​អតិថិជន​របស់​យើង​។ យើង​បាន​រៀបចំ​រចនាសម្ព័ន្ធ​កម្ចី​ខ្នាតតូច​ឡើងវិញ​សម្រាប់​អតិថិជន​ដែល​ទទួល​កម្ចី​ប្រមាណ​ ២ ៦០០ ​នាក់​។ អតិថិជន​មាន​រយៈពេល​អនុគ្រោះ​ចំនួន​ ៦ ​ខែ​ដែល​ភាគច្រើន​គឺ​ត្រូវ​បង់​តែ​ការប្រាក់ ហើយ​ក្រោយមក​បង់ប្រាក់​ដើម​។ សម្រាប់​អតិថិជន​ខ្លះ​ពួកគេ​មិនចាំបាច់​បង់​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​សម្រាប់​រយៈពេល​ ៦ ​ខែ​»​។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បាន​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ដឹងថា​៖ «​យើង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ហើយ​យើង​ចង់​ជួយ​អតិថិជន​របស់​យើង​»​។

រហូត​ដល់​ខែមីនា ធនាគារ​បាន​ចូលរួម​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​សង​ប្រាក់កម្ចី​ឡើងវិញ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៣៣,៥ លាន​ដុល្លារ​។ ការគិត​អត្រា​ការប្រាក់​របស់​ធនាគារ​ចំពោះ​អតិថិជន​ដែល​ទទួល​កម្ចី​ខ្នាតតូច និង​អតិថិជន​លក្ខណៈ​សាជីវកម្ម គឺ​មាន​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​។

លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារ ហ្វីលីព ។

លោក​បាន​មាន​ប្រសាសន៍​ថា​វិស័យ​សំខាន់ៗ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ គឺ​វិស័យ​ទេសចរណ៍ ស្ថាប័ន​អប់រំ​ឯកជន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។

«​នៅក្នុង​ករណីខ្លះ ប្រតិបត្តិករ​អាជីវកម្ម​បាន​ត្អូញត្អែរ​ថា ពួកគេ​បាន​បាត់បង់​ប្រាក់​ចំណូល​ប្រចាំខែ​របស់​ពួកគេ​រហូត​ដល់​ ៧០ ​ភាគរយ​។ យើង​ត្រូវ​រង់​ចាំមើល​រយៈពេល​ ៦ ​ខែ​ទៀត ខណៈ​អាជីវកម្ម​ខ្លះ​កំពុង​ងើប​ឡើង​វិញ​សន្សឹមៗ​»​។

បន្ទាប់ពី​ការច្របាច់​បញ្ចូល​គ្នា​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត ធនាគារ​ហ្វីលីព មាន​សាខា​រហូត​ដល់​ ៨៩ ​សាខា​នៅ​ទូទាំង​ប្រទេស និង​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ​ ១ ៩០០ នាក់​។ លើស​ពី​នេះ​ធនាគារ​ក៏កំពុង​មមាញឹក​ក្នុង​ការពង្រឹង​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ដល់​និយោជិត​របស់ខ្លួន​យ៉ាង​សកម្ម​ហើយ​ថែមទាំង​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ចល័ត​ថ្មី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​។

លោក​បន្ថែមថា​៖ «​រួម​ជាមួយ​នឹង​ការរួមបញ្ចូល​គ្នា​នេះ យើង​កំពុង​កសាង​នូវ​អ្វីដែល​ថ្មី ហើយ​សេវា​ធនាគារ​តាម​អនឡាញ​ក៏ដូចជា​កាត​និមិត្ត​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​ក៏​ជា​ប្រភព​កម្ចី​ដែល​អាចជួយ​ក្នុង​ការផ្តល់​សេវា​ឲ្យ​បាន​កាន់តែ​ឆាប់​ហ័ស​ដល់​អតិថិជន និង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​យើង​ផងដែរ​។ យើង​នឹង​ផ្តោត​កាន់តែ​ខ្លាំង​លើ​បច្ចេកវិទ្យា​ថ្មីៗ និង​ការមិន​ប្រើ​ក្រដាស​។ បន្តិច​ម្តងៗ យើង​នឹង​ផ្លាស់ប្តូរ​សាខា​ចំនួន​ ១២ ទៅជា​ប្រតិបត្តិការ​ធនាគារ​ពាណិជ្ជ ដែល​មាន​លក្ខណៈ​ពេញលេញ​»​។

ធនាគារ ហ្វីលីព បាន​មើល​ឃើញ​អំពី​សារៈសំខាន់​នៃ​វិស័យ SMEs សម្រាប់​សេដ្ឋកិច្ច​ប្រទេស ហើយ​ធនាគារ​ក៏មាន​មោទនភាព​ខ្លាំង​ដែល​បាន​ក្លាយជា​ដៃគូ​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​៕