កាលពី​ឆ្នាំមុន ៩៦ ​ភាគរយ​នៃ​និស្សិត​ចំនួន​ ៣១៣ ​នាក់​របស់​វិទ្យាស្ថាន CamEd Business School ដែល​បានបញ្ចប់​បរិញ្ញាបត្រ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ទទួល​បាន​ការងារ​ធ្វើ ខណៈ​នៅសល់​ ៤% ​ទៀត​អ្នកខ្លះ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន អាជីវកម្ម​គ្រួសារ​ហើយ​មួយចំនួន​ទៀត​នៅ​បន្ត​ការសិក្សា​របស់​ពួកគេ​។

សម្រាប់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ថ្មីៗ ពួកគេ​ទទួល​បាន​ការងារ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារការងារ​ដ៏ចង្អៀត​ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​វិទ្យាស្ថាន​ CamEd​។


តួលេខ​នេះ​បានបង្ហាញ​នូវ​លទ្ធផល​ដ៏គួរ​ឱ្យ​កត់សម្គាល់​ចំនួន​ ២ គឺ​តម្រូវ​ការកើនឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​បុគ្គលិក​ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​របស់​វិទ្យាស្ថាន CamEd ដែល​បាន​បណ្តុះបណ្តាល​និស្សិត​ប្រកបដោយ​គុណភាព​សម្រាប់​វិជ្ជាជីវៈ​គណនេយ្យ​។


និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ CamEd នឹង​ទទួលបាន​ការងារ​យ៉ាង​ឆាប់រហ័ស​ពី​ធនាគារ ក្រុមហ៊ុន​វិនិយោគ​ និង​ក្រុមហ៊ុន​គណនេយ្យករ​ធំៗ ដូចជា PwC, KPMG, Deloitte និង Ernst & Young ដែល​ផ្តល់នូវ​ឱកាស​ដ៏អស្ចារ្យ​សម្រាប់​ការរីកចម្រើន អាជីព​បន្តទៀត​។


លោក Casey Barnett នាយក​វិទ្យាស្ថាន CamEd បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​នៅ CamEd ជា​រៀងរាល់​ឆ្នាំ​ការបង្រៀន​ជំនាញ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​របស់​យើង​កាន់តែ​ល្អប្រសើរ​ឡើង​។ នេះ​បាន​ក្លាយជា​គុណសម្បត្តិ​ដ៏ធំ​បំផុត​របស់​យើង ជា​កម្លាំង​ដ៏ពិតប្រាកដ​របស់​យើង ហើយ​យើង​នាំមក​នូវ​គុណ​តម្លៃ​ដ៏អស្ចារ្យ​ដល់​និស្សិត​។ ដូច្នេះ​នេះ​ជា​ទិសដៅ​ដែល​យើង​កំពុង​អនុវត្ត​»​។


រយៈពេល ២០ ​ឆ្នាំ​កន្លង​មក​នេះ វិទ្យាស្ថាន CamEd ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០០ បាន​បណ្តុះបណ្តាល​និស្សិត​ជាច្រើន​ឲ្យ​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់បំផុត​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​គណនេយ្យ​។


វគ្គសិក្សា​ដ៏មាន​ប្រជាប្រិយ​បំផុត​មួយ​របស់ CamEd គឺ​បរិញ្ញាបត្រ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ដូច​ថ្នាក់​គណនេយ្យករ​ជំនាញ (ACCA) និង​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណនេយ្យ (CAT)​។ វគ្គ​សិក្សា​ជំនាញ​ទាំងនេះ​ជួយ​បើកទ្វារ​សម្រាប់​អាជីព​ការងារ​ដ៏ល្អ​នៅក្នុង​ពិភព​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​។

«​ខ្ញុំ​គិតថា​បច្ចុប្បន្ន​មាន​យុវជន​ជាច្រើន​ពួកគាត់​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​ហើយ​គណនេយ្យ​គឺ​ពិតជា​គ្រឹះ​ដ៏រឹងមាំ​។ នៅពេល​អ្នកមាន​គ្រឹះ​គណនេយ្យ​រឹងមាំ​អ្នក​អាច​ធ្វើការ​នៅក្នុង​អាជីវកម្ម​ណាមួយ​ក៏បាន ពីព្រោះ​គ្រប់​អាជីវកម្ម​គឺ​ត្រូវការ​គណនេយ្យ​»​។

លោក Barnett បាន​បន្ថែមថា​៖ «​បរិញ្ញាបត្រ​គណនេយ្យ​​ និង​ហិរញ្ញវត្ថុ​គឺ​នៅតែ​ជា​គន្លឹះ​ដ៏សំខាន់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​»​។

បរិញ្ញាបត្រ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ (Honours) គឺមាន​រយៈពេល​ ៤ ​ឆ្នាំ​។ ទន្ទឹមនឹង​នេះ​ដែរ និស្សិត​ក៏​អាច​ទទួលបាន​សញ្ញាបត្រ​ជំនាញ​អ្នក​បច្ចេកទេស​គណនេយ្យ (CAT) ​ហើយ​ថែមទាំង​អាច​បន្ត​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ (ACCA) ​បាន​ទៀតផង​។

ស្តង់ដា​អន្តរជាតិ​ទាំងនេះ​ និង​អនុលោម​តាម​តម្រូវការ​របស់​សហព័ន្ធ​គណនេយ្យករ​អន្តរជាតិ ក្រសួង​អប់រំ​យុវជន​ និង​កីឡា និង​ក្របខ័ណ្ឌ​គុណវុឌ្ឍិជាតិ​កម្ពុជា​។

វគ្គសិក្សា​ទាំងនេះ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៅក្នុង​វិស័យ​គណនេយ្យ​ដែល​ជួយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ឲ្យ​បាន​យល់​កាន់តែ​ស៊ីជម្រៅ​នៃ​ពិភពហិរញ្ញវត្ថុ​។

«​គ្រប់គ្នា​ដែល​ធ្វើ​អាជីវកម្ម​គឺ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ ហើយ​អ្នកនឹង​មិនអាច​ដឹង​អំពី​ប្រាក់ចំណេញ​របស់​អ្នក​បាន​ពិតប្រាកដ​ទេ ដរាបណា​អ្នក​មិនមាន​ប្រព័ន្ធ​គណនេយ្យ​ត្រឹមត្រូវ​ជាពិសេស​នៅពេល​អាជីវកម្ម​របស់​អ្នក​ចាប់ផ្តើម​រីកចម្រើន​»​។

លោក Barnett មាន​ប្រសាសន៍​ថា​៖ «​នៅពេល​អ្នកមាន​អាជីវកម្ម​តូច​វា​មិនមែនជា​បញ្ហា​ទេ អ្នក​អាច​ប៉ាន់ស្មាន​ប្រាក់ចំណូល និង​ចំណាយ​របស់​អ្នក​បាន ប៉ុន្តែ​នៅពេល​អាជីវកម្ម​របស់​អ្នក​រីកចម្រើន​កាន់តែ​ធំ វិធី​តែ​ ១ ​គត់​ដើម្បី​គ្រប់គ្រង​ចំណូល និង​ចំណាយ​របស់​អ្នក​បាន​ត្រឹមត្រូវ​ និង​ដើម្បី​ធ្វើ​វា​ប្រកបដោយ​និរន្តរភាព​គឺ​ត្រូវមាន​ប្រព័ន្ធ​គណនេយ្យ​រឹងមាំ​»​។

ដោយ​មាន​សាស្ត្រាចារ្យ​ដែល​ពោរពេញ​ទៅដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​មកពី​ជុំវិញ​ពិភពលោក វិទ្យាសា្ថន CamEd ផ្តល់ជូន​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​សមស្រប​បំផុត​ទៅនឹង​តម្រូវការ​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕