KPMG: ព្យាករណ៍​ថា ​នឹង​មាន​កំណើន​រឹងមាំ​សម្រាប់​ឆ្នាំ ២០២១

Content image - Phnom Penh Post
លោក James Roberts។

វា​ត្រឹមត្រូវ​ដែល​និយាយ​ថា ​ឆ្នាំ ​២០២០ គឺ​ជា​ឆ្នាំ​ដែល​អាច​ចុះ​ជា​ប្រវត្តិសាស្ត្រ​ដោយសា​តែ​វិបត្តិ​ដែល​មិន​ធ្លាប់​កើត​មាន​។ ជំងឺ​រាតត្បាត​កូវីដ ​១៩ បាន​ប៉ះពាល់​ស្ទើរ​តែ​គ្រប់​វិស័យ​នៃ​សង្គម ​និង​អាជីវកម្ម​ទាំង​មូល គិត​ចាប់​តាំង​ពី​វា​ផ្ទុះ​ឡើង ដែល​បាន​រំខាន​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ទាំង​អស់​លើ​ពិភព​លោក​។​

ខណៈ​ឆ្នាំ ​២០២១ ជិត​ចូល​មក​ដល់ កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​សម្ភាស​លោក James Roberts ដែល​ជា​ដៃគូ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន KPMG Cambodia ដើម្បី​ចែក​រំលែក​ទស្សនៈ​របស់​លោក ស្តីពី​សេដ្ឋកិច្ច​កម្ពុជា ​និង​ពិភព​លោក​នៅ​ឆ្នាំ​ក្រោយ ដែល​បង្ហាញ​ពី​ការ​វិល​ត្រឡប់​នៃ​កំណើន​មក​វិញ​។

«​សេដ្ឋកិច្ច​កម្ពុជា​ដំណើរការ​បាន​យ៉ាង​ល្អ​ធៀប​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​ធំៗ នៅ​អាមេរិក​ខាង​ជើង ​និង​អឺរ៉ុប ​និង​បើ​ធៀប​ជាមួយ​សេដ្ឋកិច្ច​អាស៊ាន​ធំៗ ដូចជា​សិង្ហបុរី​ជាដើម​។ ភាគ​ច្រើន​នៃ​សេដ្ឋកិច្ច​ទាំង​នេះ​បាន​ឆ្លង​កាត់​ការ​ធ្លាក់ចុះ​ពីរ​ខ្ទង់​គួរ​ឱ្យ​កត់​សំគាល់ បើ​ធៀប​នឹង​ការ​ធ្លាក់ចុះ​ ២ ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​»​។

«ខណៈ​នេះ​ជា​ការ​ប្រៀបធៀប​ដែល​មិន​ទាន់​សុក្រឹត្រ ដោយសារ​តែ​ទំហំ ​និង​ភាព​ស្មុគស្មាញ​នៃ​សេដ្ឋកិច្ច​ធំៗ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​នៃ​សេដ្ឋកិច្ច​ទាំង​នោះ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង​ភាព​ខ្លាំង​នៃ​ទីផ្សារ​ជួរ​មុខ ដែល​មាន​លក្ខណៈ​សាមញ្ញ​ជាង ដោយ​កម្រិត​បំណុល​ទាប​សម្រាប់​មនុស្ស​ម្នាក់ និង​កំណើន សេដ្ឋកិច្ច​កាន់​តែ​រឹងមាំ គិត​ចាប់​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ​២០០៨ មក​»​។

«​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច នឹង​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​ឧស្សាហកម្ម​ពី​ព្រោះ​ខ្ញុំ​ជឿជាក់​ថា ​ការ​ងើប​ឡើង​វិញ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​នឹង​យឺត ដោយសារ​ការ​ខាតបង់​ដែល​កើត​ឡើង​ក្នុង​កំឡុង ពេល​មាន​វិបត្តិ​នេះ ហើយ​ជា​លទ្ធផល តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​ឡើង​ខ្ពស់​នៅ​ក្នុង​រយៈពេល​វែង​។ ដោយ​ហេតុ​នេះ​វា​បង្កើត​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ធ្វើ​ដំណើរ​ឆ្ងាយ​ក្នុង​រយៈពេល​ខ្លី ​និង​មធ្យម​»​។​

លោក​ថ្លែង​ថា​៖ «​វិស័យ​ផ្សេង​ទៀត​ដូចជា​ឧស្សាហកម្ម​ផ្តោត​លើ​អ្នក​ប្រើប្រាស់​ទំនង​ជា​ស្ទុះ​ងើប​ឡើង​វិញ​លឿន​ជាង​សេដ្ឋកិច្ច​ធំៗ នៅ​អឺរ៉ុប ​និង​អាមេរិក​ខាង​ជើង និង​ប្រជាជាតិ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​កំណើន​តម្រូវ​ការ​ទំនិញ​ប្រើប្រាស់​ និង​សេវាកម្ម​ដែល​ជំរុញ​ដោយ​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​នីមួយៗ និង​ប្រជាជន​របស់​ពួក​គេ​ដែល​ជំរុញ​កំណើន​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​»​។​

ទោះបី​វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​លើ​ឧស្សាហកម្ម​ដែល​បង្កើត​ប្រាក់​ចំណូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូចជា​ផលិតកម្ម​សម្លៀកបំពាក់ ​និង​ទេសចរណ៍​ក៏​ដោយ ប៉ុន្តែ​លោក Roberts ជឿជាក់​ថា ​អាជីវកម្ម​ដែល​គ្រប់គ្រង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​របស់​ប្រទេស​កម្ពុជា ​កំពុង​ស្ទុះ​ងើប​ឡើង​វិញ តាមរយៈ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល ដោយ​ទាញ​យក​ផល​ចំណេញ​ពី​តម្រូវការ​កើន​ឡើង​សម្រាប់​ការ​ផលិត​ឧបករណ៍​ការពារ​ផ្ទាល់​ខ្លួន នៅ​ពេល​ដែល​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មី​។​

លើស​ពី​នេះ​ទៀត លោក​រំពឹង​ថា​ ការ​ផ្លាស់ប្តូរ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ពី​ព្រោះ​វា​ប្រឈម​នឹង​បញ្ហា​នៅ​ទូទាំង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ជាមួយ​នឹង​ការ​លក់​រាយ​តាម​បែប​ប្រពៃណី​ទៅ​នឹង​គំរូ​អាជីវកម្ម ​និង​បណ្តាញ​ចែកចាយ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​។

នៅ​ពេល​សួរ​ថា​ តើ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​សារពើពន្ធ​របស់​ប្រទេស​កម្ពុជា ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​ចំពោះ​សេដ្ឋកិច្ច​ជាតិ​​នៅ​ពេល​ដែល​ជំងឺ​កូវីដ ​១៩ ​នឹង​បន្ត​ដល់​ឆ្នាំ ​២០២១ ហើយ​ឬ​នៅ លោក​ឆ្លើយ​ថាប្រទេស​កម្ពុជា ​ទទួល​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ជា​មធ្យម​ ៧​ ភាគរយ ក្នុង​រយៈពេល ​២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

កំណើន​ដ៏​ខ្ពស់​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ថ្មីៗ​ និង​ជោគជ័យ​ជា​ច្រើន​។ «​ទោះ​ជា​យ៉ាង​ណា​វា​បង្កើត​បាន​​បរិយាកាស​មួយ​ដែល​រដ្ឋាភិបាល​មាន​បទពិសោធ​មាន​កំណត់​នៅក្នុង​ការ​គ្រប់គ្រង​វិបត្តិ​សេដ្ឋកិច្ច ​ហើយ​កត្តា​នេះ​បង្កើត​ជា​ហានិភ័យ​ខ្លះៗ​ចំពោះ​សេដ្ឋកិច្ច​នៅ​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​»​​​។

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​នៅ​តែ​មាន​ភាព​រឹងមាំ ដោយសារ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ដែល​បណ្តាល​មក​ពី​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

លោក​បន្ថែម​ថា​៖ «​ត្រូវ​ព្យាយាម​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែងយល់​ពី​ទីផ្សារ​សម្រាប់​រាល់​ការ​វិនិយោគ​។ មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​វិស័យ​ផ្សេងៗ ប៉ុន្តែ​ជំនឿ​ដ៏​មុតមាំ​របស់​ខ្ញុំ ​គឺ​ថា​វិស័យ​កសិកម្ម​បង្ហាញ​ពី​ទ្រឹស្តី​នៃ​ការ​វិនិយោគ​ជា​រួម​ដ៏​ល្អ​បំផុត​នៃ​វិស័យ​ណា​មួយ​នាពេល​បច្ចុប្បន្ន​។ ដែល​វិស័យ​នេះ ​ត្រូវ​បាន​ជំរុញ​ដោយ​ប្រជាជន​របស់​ប្រទេស គ្រឹះ​សេដ្ឋកិច្ច ​តុល្យភាព​ពាណិជ្ជកម្ម និង​គោល​នយោបាយ​រូបិយវត្ថុ​»៕

ព័ត៌មានថ្មីៗ