ក្រុង​បាកដាដ៖ ​ការ​សម្លាប់​អ្នក​ជំនាញ​ជីហាដ​និយម​ លោក Hisham al-​Hashemi ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ ប្រទេស​អ៊ីរ៉ាក់​ កំពុង​ឈាន​ចូល​​​ដំណាក់​កាល​​​​ហិង្សា​ថ្មី​​​​ និង​ភាព​​ងងឹត​ឈឹង​ ខណៈ​ភាព​តានតឹង​កំពុង​កើន​ឡើង​រវាង​ក្រុម​ប្រឆាំង​គាំទ្រ​អ៊ីរ៉ង់​ និង​រដ្ឋាភិបាល​ឈាន​ដល់​កម្រិត​ខ្ពស់​ជា​ថ្មី​​​។​


លោក ​Hashemi ​មាន​វ័យ ​៤៧ ​ឆ្នាំ​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​លោក​ នៅ​ក្នុង​ទីក្រុង​បាកដាដ​ភាគ​ខាង​កើត​ កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ក្រុម​វាយ​ប្រហារ​បិទ​មុខ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​។​

ខណៈ​ក្រុម​ឧក្រិដ្ឋជន​បាន​​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា​ ការ​ស្លាប់​នោះ​​ជា​សញ្ញា​គួរ​ឲ្យ​រន្ធត់​មួយ​ដែល​​ក្លាយ​ទៅ​ជា​អំពើ​ ហិង្សា​ផ្នែក​នយោបាយ​កំពុង​កើត​មាន​ឡើង​ចាប់​តាំង​ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះ​ឡើង ​កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​នោះ​។​


លោកស្រី​ Belkis Wille នៃ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​៖ «​​កងកម្លាំង​ប្រដាប់​អាវុធ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត​ បាន​សម្លាប់​អ្នក​តវ៉ា​ និង​អ្នក​​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ ​រិះគន់​រដ្ឋាភិបាល​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដោយ​គ្មាន​ទោសពៃរ៍។​


លោកស្រី​ Belkis Wille បាន​ថ្លែង​ទៀត​ថា​៖ «ប៉ុន្តែ​ការ​ស្លាប់​ លោក ​Hisham al-​Hashemi ដែល​ជា​​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​ប្រទេស​នេះ ជា​ទី​ដែល​ក្រុម​ខ្លះ​ ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ ដោយសារ​ភាព​គ្មាន​ទោសទណ្ឌ​ចំពោះ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ ​ដែល​ពួក​​គេ​អាច​សម្លាប់​នរណា​ម្នាក់​តាម​ដែល​គេ​​ចង់​ ដោយ​គ្មាន​ទោសទណ្ឌ​ណា​មួយ​​ពី​​ទង្វើ​របស់​ពួក​គេ​ឡើយ»​៕ AFP/SK