ក្រុង​សេអ៊ូលៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម ​ជុងអ៊ុន កាល​ពី​ថ្ងៃ​ពុធ ​​បាន​កោះ​ប្រជុំ​​គណៈកម្មាធិការ​កំពូល​​នៃ​​គណបក្ស​ពលករ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ ដើម្បី​​ដោះស្រាយ​អ្វី ​ដែល​លោក​បាន​ពិពណ៌នា​ថា ជា ​«​​ស្ថានការណ៍​តានតឹង​» ​ដែល​កំពុង​កើត​ឡើង​។​


កិច្ច​ប្រជុំ​​របស់​គណៈកម្មាធិការ​​មជ្ឈិម​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​កំពូល​នៅ​ក្រុង​ហាណូយ​របស់​លោក ​គីម ​ជុងអ៊ុន ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​បរាជ័យ​ ដោយ​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​អ្វី​មួយ​កាល​ពី​ ខែ​កុម្ភៈ​ ​ខណៈ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​ មូន ​ជេអ៊ីន ​បាន​ហោះ​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ពិភាក្សា​ជា​មួយ​មេ​ដឹកនាំ​អាមេរិក​។​

ប៉ុន្តែ​ទីភ្នាក់ងារ​សារព័ត៌មាន​ (KCNA) ​​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង ​បាន​ឲ្យ​ដឹង​ថា ​លោក​ គីម​ ជុងអ៊ុន​ អាច​នឹង​ផ្តោត​ទៅ​លើ​ការ​បន្ត​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​ព្យុងយ៉ាង​។​


KCNA បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃ​អង្គារ ​លោក ​គីម ​ជុងអ៊ុន ​បាន​បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​ទាំង​នោះ​ បង្ហាញ ​«​អាកប្បកិរិយា​ឲ្យ​ស័ក្ដិសម​ជា​មេ​ដឹកនាំ​បដិវត្តន៍ និង​ការ​សាងសង់​ស្ថិត​នៅ​ក្រោម​ស្ថានការណ៍​ដ៏​​តានតឹង ​ដែល​កំពុង​កើត​ឡើង​ និង​​ស្រប​ទៅ​តាម​បណ្តាញ​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​ពលករ​កូរ៉េ​»​។​


កាល​ពី​ខែ​មេសា​ លោក​ គីម ​ជុងអ៊ុន​ បាន​ប្រកាស​ឲ្យ​ដឹង​​ថា «បណ្តាញ​យុទ្ធសាស្ត្រ​ថ្មី​» ​របស់​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច​ គឺ​ការ​​កសាង​សេដ្ឋកិច្ច​សង្គម​និយម​»​ និង​ស្វែងរក​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​សម្រេច​ទាំង​ស្រុង​។​


ទីភ្នាក់ងារ​សារព័ត៌មាន (KCNA) ​បាន​និយាយ​ថា៖ «​លោក ​គីម ​ជុងអ៊ុន ​បាន ​«​ធ្វើ​ការ​វិភាគ​យ៉ាង​ស៊ី​ជម្រៅ​​លើ​បញ្ហា​ជា​ច្រើន​ដែល​កំពុង​រង់​ចាំ​ការ​ដោះស្រាយ​​ជា​បន្ទាន់​នៅ ក្នុង​បក្ស​ និង​ក្នុង​ប្រទេស​ ​ដោយ​លោក​បន្ថែម​ថា​ ​ជំនួប​កាល​ពី​ថ្ងៃ​ពុធ ​គណៈកម្មាធិការ​មជ្ឈិម​នឹង ​«​សម្រេច​ចិត្ត​តម្រង់​ទិស​ថ្មី​ ​និង​មធ្យោបាយ​នៃ​ការ​តស៊ូ​ពុះពារ​ឲ្យ​ស្រប​ទៅ​តាម​​​ស្ថានការណ៍​បដិវត្តន៍​​ ដែល​កំពុង​កើត​ឡើង​នេះ។

ជំនួប​នេះ​​ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​មុន​​ពេល​បើក​​​សភា​​ប្រថាប់​ត្រា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ត្រាំ និង គីម ជុងអ៊ុន ​​បាន​រៀបចំ​ជំនួប​ជា​លើក​ដំបូង​នៅ​ប្រទេស ​សិង្ហបុរី ​​កាល​ពី​ខែ​ ​មិថុនា​ ២០១៨៕ AFP/SK