ក្រុង​សេអ៊ូល៖ ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ កូរ៉េ​ខាង​ជើង​បាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​សព​អតីត​វីរយុទ្ធនារី​​រដ្ឋ​ប្រឆាំង​កងទ័ព​ជប៉ុន​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ស្និទ្ធ​នឹង​ស្ថាបនិក​របស់​​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម ​អ៊ីលស៊ុង​។​


យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​របស់​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ពិធី​ប្រារព្ធ​បុណ្យ​រំឭក​ដល់​លោកស្រី​ Hwang ​Sun-hui ​ជា​អនុ​ប្រធាន​សភា​ប្រថាប់​ត្រា​ និង​ជា​អ្នក​អភិរក្ស​សារមន្ទីរ​បដិវត្ដន៍​របស់​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​​ទីក្រុង​ព្យុង​យ៉ាង​កាល​ពី​ថ្ងៃ​អាទិត្យ​។​

លោកស្រី​ Hwang ​Sun-hui ​ត្រូវ​បាន​ដាក់​រហស្សនាម​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា ​ជា ​«យុទ្ធនារី​ជើង​ចាស់​ជំនាន់​ទី ​១ ​របស់​បដិវត្តន៍​កូរ៉េ​» ​លោកស្រី​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​វ័យ ​១០០ ​ឆ្នាំ​។ ​លោកស្រី​ជា​សមាជិក​ម្នាក់​របស់ ​«​កង​អាសា​ស្ម័គ្រ» ​ប្រឆាំង​កងទ័ព​ជប៉ុន​ ដែល​ស្ថាបនិក​របស់​កូរ៉េ​ខាង​ជើង​បាន​ដឹកនាំ​តស៊ូ​នៅ​ក្នុង​ប្រទេស ​ចិន​ នៅ​ក្នុង​អំឡុង​ពេល​ការ​គ្រប់គ្រង​​អាណានិគម​របស់​ជប៉ុន​នៅ​ឆ្នាំ​ ១៩១០-១៩៤៥​។​


មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម​ ជុងអ៊ុន​ បាន​ទស្សនកិច្ច​កន្លែង​តម្កល់​សព​របស់​លោកស្រី ​Hwang ​កាល​ពី​សប្តាហ៍​មុន ​ហើយ​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ផង​ដែរ​។​


មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​មិន​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​សព​នោះ​ទេ​ ប៉ុន្តែ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​មក​ពី​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​នៅ​ក្នុង​នោះ​​មាន​មេ​ដឹកនាំ​លេខ​ ២ ​របស់​កូរ៉េ​ខាង​ជើង​ គឺ​​លោក​ Choe​ Ryong-​hae ​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​៕ Yonhap/SK