ក្រុងកូជីៈ ក្រុមមន្ត្រី​បាន​ប្រាប់ AFP ថា ចំនួន​ស្លាប់​បណ្តាលមកពី​ទឹកជំនន់​នៅ​តំបន់​ទាក់ ទាញ​ទេសចរ​នៃ​ខេត្ត Kerala របស់​ប្រទេស​ឥណ្ឌា បាន​ឡើង​ដល់ ៧៧ នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​គំរាម​កំហែង​តំបន់​ថ្មីៗ​មួយ​ចំនួន​ទៀត។


មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​រដ្ឋ Kerala បាន​និយាយថា មនុស្ស​ជាង ៦ ម៉ឺន​នាក់ បាន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ជំរំ​ជួយ​សង្រ្គោះ​​ជាច្រើន និង​កងទ័ព​ជើង​គោក​និង​កង​ទ័ព​ជើង​ទឹក បាន​បង្កើន​កិច្ច​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​រដ្ឋ​នោះ ភាគ​ខាង​ត្បូង ដោយ​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ជា​ច្រើន​គ្រឿង ដើម្បី​ដឹក​មនុស្ស។

មន្ត្រី​រូបនោះ បាន​បន្ថែមថា៖ «ស្រុក​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ភ្លៀង​ជាច្រើន​ទៀត ត្រូវ​រំពឹង​ថា​នឹង​ធ្លាក់​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ក្រោយ​នេះ»។


ចំនួន​ស្លាប់ បាន​កើនឡើង​ត្រឹម ១០ នាក់​នៅពេល​យប់ និង​មន្ត្រី​រដ្ឋ​នោះបាន​និយាយថា ចំនួន​ស្លាប់​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ខ្ពស់​ជាង​នេះ។


សេវា​ហោះហើរ រថភ្លើង និង​រថភ្លើង​ក្រោម​ដី ត្រូវបាន​ផ្អាក​នៅក្នុង​រដ្ឋ​ដែល​ញាំញី​ដោយ​ទឹក​ជំនន់​មួយ​នេះ។ រាប់​រយ​ភូមិ​ត្រូវ​ជន់​លិច​ដោយ​ផ្លូវ​ប្រមាណ ១ ម៉ឺន​គីឡូម៉ែត្រ និង​ផ្ទះ​សំបែង​រាប់ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹក​ជំនន់។ ខេត្ត Kerala ល្បី​ដោយសារ​ឆ្នេរ​សមុទ្រ​មាន​ដើម​ដូង​ជា​ជួរ​និង​ចម្ការ​តែ​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ជំនន់​ទឹក​ភ្លៀង​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ការ​ខូច​ខាត​ឆ្នាំ​នេះ​អាក្រក់​បំផុត​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។


ទឹកជំនន់ ក៏បង្ក​គ្រោះមហន្តរាយ​នៅក្នុង​រដ្ឋ Karnataka និង រដ្ឋ Andhra Pradesh ដែល​នៅ​ជិត​ខាង៕