ក្រុង​បេរូត៖ ​ក្រុម​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន ​និង​ស៊ីរី​រាប់​សែន​នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ទ្រុឌ​ទ្រោម​យ៉ាង​ណែន​ណាន់​តាន់​តាប់​ ​នៅ​ក្នុង​ប្រទេស លី​បង់​ កំពុង​ប្រឈម​ជាមួយ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ ខណៈ​ក្រុម​អ្នក​​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​បាន​រួម​គ្នា​ដើម្បី​ជួយ​ដល់​ពួក​គេ​ទាំង​នោះ​។​


ប្រទេស លីបង់​ គឺ​ជា​កន្លែង​ដើម្បី​ដាក់​ក្រុម​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ជំរំ​មួយ​ចំនួន​ ដែល​អស់​ជា​ច្រើន​ទសវត្សរ៍​ បាន​ធ្វើ​ឲ្យ​សង្កាត់​ខ្លះ​​មាន​ការ​មមាញឹក​យ៉ាង​ខ្លាំង​ ហើយ​ប្រជាជន​ស៊ីរី​យ៉ាង​តិច ​១,៥ ​លាន​នាក់​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រាម​ជា​បន្ត​បន្ទាប់​។​

យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​ពេល​នេះ​ មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បាន​រស់នៅ​ខាង​ក្រៅ​ជំរំ​មួយ​ និង​ប្រជាជន​ស៊ីរី ​៣ ​នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ​១៩​ បាន​ប្រៀប​ទៅ​នឹង​អ្នក​ឆ្លង​មាន ​៥២០ នាក់​ និង ​១៧ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ នៅ​ទូទាំង​ប្រទេស ​លីបង់​។​


ប៉ុន្តែ​ក្រុម​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន ​និង​ស៊ីរី​ ដែល​បាន​រស់​នៅ​ក្នុង​ជំរំ​យ៉ាង​ច្រើន​ នៅ​ក្នុង​នោះ​មាន​ជំរំ​បោះតង់​ជា​ទី​ដែល​ផ្តល់​សេវាកម្ម​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ផ្តល់​ទឹក​ស្អាត​មិន​បាន​គ្រប់​គ្រាន់​ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជំងឺ​ ដោយសារ​ស្ថានភាព​រស់នៅ​មិន​បាន​ល្អ​។​


អ្នក​នាំពាក្យ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​ របស់​អង្គការ​សហប្រជាជាតិ​ UNRWA ​លោកស្រី ​ហ៊ូដា​ សាមរ៉ា ​បាន​ថ្លែង​ថា​៖ «​ការ​ព្រួយ​បារម្ភ​យ៉ាង​សំខាន់​ អំពី​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​យ៉ាង​ច្រើន​ណែនណាន់​តាន់តាប់​ ជា​ទី​ដែល​មាន​ការ​ដាក់​កម្រិត​យ៉ាង​ខ្លាំង ​ទៅ​តាម​លទ្ធភាព​ឲ្យ​នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​ពី​គេ​»​។​


លោក​ស្រី​បាន​ថ្លែង​ថា​ ទីភ្នាក់ងារ​នោះ​ កំពុង​ស្វែង​រក​ដើម្បី​រៀបចំ​បង្កើត​ឲ្យ​មាន ​«​មជ្ឈមណ្ឌល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​» ​នៅ​ក្នុង​ជំរំ​ ដើម្បី​ដាក់​អ្នក​ណា​ម្នាក់​ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ​ដែល​ចាំ​បាច់​។​

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​ UN បាន​ថ្លែង​ថា ​រចនា​សម្ព័ន្ធ​ទាំង​នោះ ​ត្រូវ​បាន​គេ​កំពុង​រៀប​ចំ​បង្កើត​ឡើង​ សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​ស៊ីរី​ នៅ​ក្នុង​ជំរំ​ជិត​គ្នា​នៅ​ក្នុង​សមុទ្រ​តង់​ប្រក់​ក្រណាត់​ នៅ​ក្នុង​ប្រទេស ​លីបង់​ភាគ​ខាង​កើត​៕​AFP/SK