ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ បាន​ព្រមាន​ពលរដ្ឋ​អាមេរិក​ថា អាច​មាន​ចំនួន​អ្នក​ស្លាប់​​​​ដោយសារ​​ការ​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន​ថែម​ទៀត​​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​​ ​​ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ជា​​សកល​បាន​កើន​ឡើង​ជាង​ ៦០ ០០០ ​នាក់​។​


ចំនួន​​​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​​​អាមេរិក​​កាល​ពី​ថ្ងៃ​សៅរ៍​បាន​កើន​ឡើង​ជាង​ ​៣០ ម៊ឺន​នាក់​ ប៉ុន្តែ​ប្រទេស​នៅ​​អឺរ៉ុប​បាន​បន្ត​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ជិត​ពាក់​កណ្តាល​នៅ​លើ​ភព​ផែន​ដី​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​ពី​គេ​ ​​​​ដោយ​បាន​បង្ក​ឲ្យ​ប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល​លោក​។​

មនុស្ស​ជាង ​៤៥ ០០០ ​នាក់​បាន​ស្លាប់​នៅ​អឺរ៉ុប​ ដោយ​ប្រទេស ​អង់គ្លេស ​បាន​រាយការណ៍​ អំពី​ចំនួន​អ្នក​ស្លាប់​ថ្មី​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​បាន​​កើន​ឡើង​​​ដល់​ជាង ​៤ ៣០០ ​នាក់ ​​នៃ​ចំនួន​ជិត ​៤២ ០០០ ​ករណី​។​


ម្ចាស់​ក្សត្រី​អេលីហ្សាប៊ែត​ទី ​២​ ​​បាន​​ធ្វើ​សុន្ទរកថា ​«ផ្ទាល់​ខ្លួន​ដ៏​កម្រ​មួយ»​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ស្នើ​ឲ្យ​ប្រជាជន​ទាំង​នោះ បង្កើន​ការ​ទប់ស្កាត់​ជាមួយ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី ​និង​ថ្លែង​អំណរគុណ​ដោយ​ផ្ទាល់​ដល់​ក្រុម​គ្រូ​ពេទ្យ​​នៅ​សមរភូមិ​មុខ​​។​


បុគ្គលិក​ពេទ្យ​កំពុងរុញគ្រែអ្ន​ក​ជំងឺ​​​នៅខាងក្រៅមន្ទីរពេទ្យ​​​Mount Sinaiក្នុងក្រុងញូវយ៉ក​​។ ​AFP


យោង​តាម​អត្ថបទ​ដក​ស្រង់​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ក្សត្រី​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា​៖ «​ខ្ញុំ​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ចំពោះ​ការ​មក​ដល់​របស់​អ្នក​គ្រប់​ៗ​គ្នា​ នឹង​អាច​មាន​មោទនភាព​ថា​ តើ​ពួក​គេ​បាន​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​មួយ​នេះ ​ដោយ​របៀប​ណា»។​

យោង​តាម​ចំនួន​សរុប​របស់​សាកលវិទ្យាល័យ ​John ​Hopkins ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​បើ​តាម​ការ​អះអាង​មាន​ករណី​ឆ្លង​ជាង ​១,២ ​លាន​នាក់​ នៅ​ទូទាំង​ពិភព​លោក​ ហើយ​មនុស្ស​ប្រហែល ​៦៥ ០០០ ​នាក់​បាន​ស្លាប់​ ចាប់​តាំង​ពី​វីរុស​មួយ​នេះ ​បាន​ផ្ទុះ​ជា​លើក​ដំបូង​ នៅ​ក្នុង​ប្រទេស ​ចិន ​កាល​ពី​ឆ្នាំ ​២០១៩​។​

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ​ត្រាំ ​បាន​ថ្លែង​ថា​ អាមេរិក​កំពុង​ឈាន​ដល់ ​«​ពេល​វេលា​មួយ​ដែល​នឹង​ត្រូវ​ឈាន​ដល់​កម្រិត​គួរ​ឲ្យ​ខ្លាច​បំផុត» ​ដោយ​មាន​មនុស្ស​មួយ​ចំនួន​បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​អាក្រក់​បំផុត​នៅ​អាមេរិក​»​។​

លោក ​ដូ​ណាល់​ ត្រាំ ​បាន​ថ្លែង​នៅ​ឯ​សេតវិមាន​ថា​៖ «​បញ្ហា​នេះ ​នឹង​ប្រហែល​ជា​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង» «​ហើយ​នឹង​មាន​អ្នក​ស្លាប់​យ៉ាង​ច្រើន​បន្ថែម​ទៀត​»​។​

នៅ​ពេល​ស្រដៀង​គ្នា​នោះ​ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ ​បាន​សង្កត់​ធ្ងន់​ថា​ អាមេរិក​មិន​អាច​​បិទ​ប្រទេស​ជា​រៀង​រហូត​បាន​ទេ​។​

លោក ​ដូណាល់​ ត្រាំ ​បាន​ថ្លែង​ថា​៖ «​ការ​បន្ធូរបន្ថយ​បាន​ធ្វើ​ឡើង​ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​ យើង​នឹង​មិន​បំផ្លាញ​ប្រទេស​របស់​យើង​ជា​ដាច់​ខាត​»​។«​ខ្ញុំ​បាន​និយាយ​ថា​ ​វា​ចេញ​ពី​ការ​ចាប់​ផ្តើម​ដំបូង​ ការ​ព្យាបាល​អាច​​​ធ្វើ​​​ឲ្យ​ស្ថានភាព​នេះ​ល្អ​ប្រសើរ​ឡើង​»​។​

លោកនាយករដ្ឋ​មន្ត្រី​អ​េ​ស្ប៉ាញ​ ​ប៉េដ្រូ សា​ន​ចេស ធ្វើសន្ន​ិសីទកាសែត​​​​អំពីវីរុសកូរ​៉ូណានៅក្រុងម៉ា្រឌីដ។​ AFP

ការ​គំរាម​កំហែង​ចេញ​ពី​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​ ត្រូវ​បាន​គេ​បញ្ជាក់​ម្តង​ទៀត​នៅ​សប្តាហ៍​នេះ​ ពេល​នេះ​នៅ​ក្នុង​ប្រទេស ​ប៉ាគីស្ថាន​ ជា​ទី​ដែល​អាជ្ញាធរ​កំពុង​ព្យាយាម​ស្វះស្វែង​រក​មធ្យោបាយ​ និង​ដាក់​ក្រុម​អ្នក​គោរព​បូជា​រាប់​ម៉ឺន​នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មូស្លីម​​ទ្រង់ទ្រាយ​ធំ​កាល​ពី​ខែ​មុន​នោះ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។

មនុស្ស​ជាង ​១៥០ ​នាក់​ រហូត​មក​ទល់​ពេល​នេះ​ ដែល​បាន​ចូលរួម​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស​ផ្លូវ​ង្ហើម​​កូរ៉ូណា​​ប្រភេទ​ថ្មី​ ដោយ​មាន​មនុស្ស ​២ ​នាក់​បាន​ស្លាប់​។​ ក្រុម​ជន​បរទេស​មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ ក៏​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ ទោះបី​ជា​រដ្ឋាភិបាល​បាន​ស្នើសុំ​ឲ្យ​លុប​ចោល​ព្រឹត្តិការណ៍​នោះ​ ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​នេះ​ក្តី​​​។​

ចំណែក​​អ៊ីតាលី​ ដែល​រង​ប៉ះ​ពាល់​យ៉ាង​អាក្រក់​បំផុត​នោះ​ បាន​សម្តែង​ការ​ត្រេក​អរ​ ក្រោយ​ពី​មើល​ឃើញ​ថា​ករណី​បាន​ថយ​ចុះ​ជា​លើក​ដំបូង​ពី​ចំនួន ​៤ ០៦៨ ​ករណី ​មក​ត្រឹម ​៣ ៩៩៤ ​ករណី ​កាល​ពី​ថ្ងៃ​សៅរ៍​៕ AFP/SK