ក្រុង​បាងកក៖ ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឧត្តម​សេនីយ៍​ទោ​ កង​ឆិប​ តាន់​ត្រា​វ៉ា​និក​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ថៃ​បាន​ស្នើ​ឲ្យ​ឧត្តម​ស្នងការ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ (UNHCR) ​ពន្លឿន​ការងារ​ដើម្បី​បញ្ជូន​​ក្រុម​ជន​ភៀស​ខ្លួន ​និង​ក្រុម​អ្នក​​ស្វែងរក​សិទ្ធិ​ជ្រក​កោន​​ពី​ប្រទេស ​ថៃ ​ទៅ​​កាន់​ប្រទេស​ទី ​៣​។​


លោក​ឧត្តម​សេនីយ៍ទោ​ កង​ឆិប​ តាន់​ត្រា​វ៉ា​និក ​បាន​ថ្លែង​ថា ​ឧបនាយក​រដ្ឋមន្ត្រី​លោក​ ប្រាវីត​ វង់ស៊ូវ៉ាន បាន​ស្នើសុំ​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក ​អ៊ីន​ ឌ្រីការ៉ាត់វ៉ាតទី​ ​ប្រធាន ​UNHCR ប្រចាំ​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​ពុធ​។​

លោក​ឧត្តម​សេនីយ៍ទោ​ កង​ឆិប​ តាន់​ត្រា​វ៉ា​និក​ បាន​ថ្លែង​ថា ​លោក​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង់ស៊ុវ៉ាន់​ បាន​អំពាវនាវ​ឲ្យ ​UNHCR ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុម​ជន​ភៀស​ខ្លួន​ ដែល​បាន​បង្ក​ឡើង​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ក្បែរ​ខាង​។​


លោក​បាន​ថ្លែង​ថា ​ប្រទេស ​ថៃ​ នឹង​បន្ត​បង់​វិភាគទាន​ទៅ​ឲ្យ​ក្រុម​ការងារ​របស់ ​UNHCR ​នៅ​ក្នុង​នោះ​មាន​កម្មវិធី​ទ្រទ្រង់​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​ជន​ភៀស​ខ្លួន​ និង​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ ដើម្បី​ប្រទេស​កំណើត​របស់​ពួក​គេ​ ការ​ផ្តល់​ការ​អប់រំ​ និង​ការពារ​​ដល់​កុមារ​​ដែល​ត្រូវ​​​គេ​ឃុំឃាំង​​ជា​ដើម​។​


លោក​ឧត្តមសេនីយ៍ ​ប្រាវីត​ ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី ​ដោយ​ថ្លែង​ប្រាប់​លោក​ រ៉ាត​វ៉ាត​ទី​ថា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ប្រទេស ​ថៃ​ ក៏​បាន​ប្តេជ្ញា​ចិត្ត​ពន្លឿន​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ក្រុម​ជន​ភៀស​ខ្លួន​ឲ្យ​វិល​ត្រឡប់​ទៅ​រដ្ឋ​រ៉ាក់ឃីន ​ប្រទេស ​មីយ៉ាន់ម៉ា ​វិញ​ដែរ​។​


លោក​ឧត្តម​សេនីយ៍ ​ប្រាវីត​ បាន​ថ្លែង​ថា​ អាស៊ាន​ក្នុង​​ពេល​ឆាប់​ៗ​នេះ​​នឹង​មាន​គម្រោង​ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​​ ដើម្បី​គាំទ្រ​ការ​រៀបចំ​របស់​រដ្ឋ​មួយ​នេះ ​សម្រាប់​ក្រុម​ជន​មាតុភូមិនិវត្តន៍​ទាំង​នោះ​។​

ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​បាន​ថ្លែង​ថា ​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង​ ៧៤២ ០០០ ​នាក់​ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន​ទៅ​រស់នៅ​ក្នុង​ជំរំ​នានា​នៅ​​​ប្រទេស បង់ក្លាដែស​ ក្រោយ​ខែ​សីហា ​ឆ្នាំ ​២០១៧​ នៅ​ពេល​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នោះ​។​

លោក​ឧត្តម​សេនីយ៍​ទោ ​កង​ឆិប ​បាន​ថ្លែង​ថា ​លោក ​រ៉ាត​វ៉ាត​ទី​ បាន​សន្យា​ផ្តល់​ការ​​​គាំទ្រ​ដល់​​ប្រទេស ​ថៃ ​នៅ​ក្នុង​ការ​ដោះស្រាយ​ក្រុម​ជន​ភៀស​ខ្លួន​ និង​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​​កោន​របស់​ខ្លួន​។​

ចំណែក​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ ​បាន​អនុ​ម័ត​សេចក្តី​ព្រាង​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស ​ថៃ​ នឹង​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឯ​វេទិកា​ជន​ភៀស​ខ្លួន​ពិភព​លោក​​លើក​ទី ​១​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​នៅ​ថ្ងៃទី ​១៧-១៨ ​ខែ ​ធ្នូ​ ឆ្នាំ ​២០១៩៕ BKP/SK