ក្រុង​សាណា៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅ​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា ​ទាហាន​យ៉ាង​តិច ​៤០ ​នាក់​បាន​ស្លាប់ ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មីស៊ីល​បាលីស្ទិក​មួយ​ ដោយ​ក្រុម​ហ៊ូធី​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ នៅ​ក្នុង​ខេត្ត​ម៉ារីប ​ប្រទេស ​យេម៉ែន​ភាគ​ឦសាន​។​


ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ​បាន​ប្រាប់​កាសែត​ស៊ីនហួរ​តាម​ទូរស័ព្ទ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ​៤០ ​នាក់​ ហើយ​ពួក​គេ​ទាំង​អស់​ដែល​បាន​ស្លាប់​នោះ​ គឺ​ជា​ទាហាន​របស់​រដ្ឋាភិបាល​យេម៉ែន» ​ដោយ​បាន​បន្ថែម​ថា​ ទាហាន​រាប់​សិប​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីនោះ​។​

ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រុម​ទាហាន​ទាំង​នោះ​ កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​មូលដ្ឋាន​យោធា​សំខាន់​មួយ​កន្លែង​នៅ​ពេល​រសៀល​ ហើយ​មិន​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ណា​មួយ​ ចេញ​ពី​ក្រុម​ឧទ្ទាម​​ហ៊ូធី​នោះ​នៅ​ឡើយ​ទេ​។​


កាល​ពី​ពេល​កន្លង​ទៅ​ ​ការ​វាយ​ប្រហារ​មីស៊ីល​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ខេត្ត​ម៉ារីប​ ត្រូវ​បាន​អះអាង​ដោយ​ក្រុម​ឧទ្ធាម​ហ៊ូធី​គាំទ្រ​ដោយ​ប្រទេស ​អ៊ីរ៉ង់​។​


ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស ​អារ៉ាប៊ី​ សា​អ៊ូ​ឌីត ​បាន​ចូល​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​យេម៉ែន​កាល​ពី​ខែ​មីនា ​ឆ្នាំ ​២០១៥​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ប្រធានាធិបតី​លោក​ អាប់ដ៍​-រ៉ាប​ប៊ូ​ម៉ាន់​ស៊ួរ ​ហាឌី​​ ប្រឆាំង​ក្រុម​​ហ៊ូធី​ ដែល​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋធានី​សាណា​ ហើយ​បាន​គ្រប់គ្រង​ទឹក​ដី​ជា​ច្រើន​របស់​​យេម៉ែន​នៅ​ភាគ​ខាង​ជើង​កាល​ពី​ឆ្នាំ ​២០១៤​៕ Xinhua/SK