ក្រុង​​ដាក្កា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​រដ្ឋាភិបាល​បង់ក្លាដែស​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​អ្នក​ប្រតិបត្តិការ​ទូរស័ព្ទ​ដៃ​ ឈប់​លក់​ស៊ីមកាត​ទៅ​ឲ្យ​ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ជា​សញ្ញា​នៃ​ភាព​ខ្វះ​ការ​អត់ធ្មត់​ថែម​ទៀត​របស់​ក្រុង​ដាក្កា​ បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​ធ្វើ​មាតុភូមិនិវត្តន៍​ថ្មីៗ​នេះ ​បាន​បរាជ័យ​នោះ​។


ប្រទេស ​បង់ក្លាដែស​ បាន​ទទួល​ជន​ភៀស​ខ្លួន​​​រ៉ូហ៊ីងយ៉ា​ប្រហែល​មួយ​លាន​នាក់​ឲ្យ​​រស់​ក្នុង​ជំរំ​នានា​​ ​នៅ​ភាគ​អាគ្នេយ៍​ចាប់​តាំង​ពី​ការ​បង្ក្រាប​ដោយ​យោធា​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ដែល​នៅ​ជិត​ខាង​ បាន​ជំរុញ​ឲ្យ​ជម្លៀស​ចេញ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ក្នុង​ខែ ​សីហា​ ឆ្នាំ ​២០១៧​។​

កាល​ពី​ចុង​ខែ​សីហា ​គំនិត​ផ្តួច​ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍​មួយ​បាន​បរាជ័យ​ទាំង​ស្រុង​ដោយ​ក្រុម​ជន​ភៀស​ខ្លួន​​ភាគ​តិច​ដែល​ត្រូវ​ធ្វើ​បាប​យ៉ាង​យូរ​នោះ​បាន​បដិសេធ​មិន​វិល​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា ​ដោយសារ​គ្មាន​ការ​ធានា​ចំពោះ​សុវត្ថិភាព ​និង​សញ្ជាតិ​របស់​ពួក​គេ​ទេ​។ ​


ដោយ​បន្ថែម​ទៅ​លើ​ដំណើរការ​មិន​បាន​សម្រេច​នៅ​ក្នុង​ក្រុង​ដាក្កា ការ​បដិសេធ​មិន​វិល​ត្រឡប់​ទៅ​វិញ​នោះ​ បាន​កើត​ឡើង​ ដោយសារ​ការ​តវ៉ា​របស់​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​២០ ​ម៊ឺន​នាក់ ​ដើម្បី​រៀបចំ​​ប្រារព្ធ​ខួប ​២ ឆ្នាំ​ចាប់​តាំង​ពី​ពួក​គេ​មក​ដល់​បង់ក្លាដែស​៕ AFP/PSA ​​​