ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ការ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​ក្នុង​ការ​​ប្រើប្រាស់​ផលិតផល​បារាំង​ជា​ពិសេស​ផលិតផល​ម្ហូប​អាហារ ​នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ក្រសួង​ការ​បរទេស​បារាំង​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​តុលា​។


សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា៖ «ការ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​នេះ គឺ​ជា​រឿង​គ្មាន​មូលដ្ឋាន​ ដែល​គួរ​តែ​បញ្ឈប់​ជា​បន្ទាន់ ហើយ​ក៏​ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ទាំង​អស់​ប្រឆាំង​នឹង​ប្រទេស​បារាំង​ ដែល​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ជនជាតិ​ភាគ​តិច​ជ្រុល​និយម»។

កាល​ពី​សប្ដាហ៍​មុន ​លោក​Macron ​បាន​ថ្លែង​សារ​ធ្ងន់ៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្លាប់​កាត់​ក្បាល​សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​ និង​ភូមិវិទ្យា​ឈ្មោះ Samuel Paty បន្ទាប់​ពី​លោក​សាស្ត្រាចារ្យ​រូប​នេះ ​បាន​ប្រើប្រាស់​រូប​ត្លុក​កំប្លែង​អំពី​ព្យាការី Muhammad គូរ​ដោយ​កាសែត​កំប្លែង​បារាំង​ Charlie Hebdo ដើម្បី​បង្ហាញ​ដល់​សិស្ស​ក្នុង​មេរៀន​មួយ​និយាយ​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។


លោក​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ថា «គ្រូ​បង្រៀន​ឈ្មោះ ​Samuel Paty ត្រូវ​បាន​សម្លាប់​ដោយ​ពួក​អ៊ិស្លាម​ជ្រុល​និយម​ដែល​ចង់​បំផ្លាញ​អនាគត​របស់​យើង ប៉ុន្តែ​យើង​នឹង​មិន​បោះ​បង់ចោល​រូបត្លុក​ទាំង​នោះ​ឡើយ»។ ជាមួយ​គ្នា​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក Macron​ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ Twitter ​ទៀត​ថា៖ «យើង​នឹង​មិន​ចុះចាញ់​ចំពោះ​បដិវត្តន៍​អ៊ិស្លាម​ជ្រុល​និយម​ឡើយ។ យើង​មិន​ទទួល​យក​ការ​និយាយ​ញុះញង់​ឱ្យ​ស្អប់​គ្នា​ ហើយ​យើង​ការពារ​ការ​ជជែក​វែកញែក​ ដោយ​មាន​​ហេតុផល»។


ប៉ុន្ដែ​ប្រជាជន​មូស្លីម​វិញ​មើល ឃើញ​ថា​ ការ​ពណ៌នា​ណា​មួយ​ ឬ​ការ​និយាយ​ពី​អ្វី​ក៏​ដោយ​ឱ្យ​តែ​ទាក់ទង​នឹង​ព្យាការី​របស់​ពួក​គេ​នោះ​ គឺ​ជា​ការ​ប្រមាថ។ ប្រជាជន​មូស្លីម​បាន​ផ្ទុះ​កំហឹង​ចំពោះ​ប្រធានាធិបតី​បារាំង​ដែល​និយាយ​ប៉ះពាល់​ដល់​អារម្មណ៍​ពួក​គេ​ថា​​ «សាសនា​អ៊ិស្លាម​កំពុង​មាន​វិបត្តិ​នៅ​ទូទាំង​ពិភព​លោក​ដោយសារ​តែ​ប្រកាន់​ជំហរ​តឹងតែង​ខ្លាំង»។


ជា​ប្រតិកម្ម​តបត​នឹង​សម្តី​នេះ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអ៊ូឌីត ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​តំបន់​អារ៉ាប់ ​មាន​ការ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​លក់​ទំនិញ​បារាំង​នៅ​តាម​ហាង ​ដែល​នេះ​ គឺ​ជា​និន្នាការ​ទី២ ​ប្រឆាំង​នឹង​ប្រទេស​បារាំង។ ទន្ទឹម​នឹង​នេះ​ការ​តវ៉ា​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​ប្រទេស​លីប៊ី​ ស៊ីរី ​និង​តំបន់​ហ្គាហ្សា​ដែរ​។ ​នៅ​តាម​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ប្រទេស​ហ្ស៊កដានី កាតា ​និង​កូវ៉ែត ផលិតផល​បារាំង ​ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ហាង​ផង​ដែរ​ ដូច​ជា​សក់ និង​គ្រឿង​សម្អាង ​ដែល​ផលិត​នៅ​បារាំង​ជាដើម។

ចំណែក​ឯ​មេ​ដឹកនាំ​នយោបាយ​នៅ​ក្នុង​ប្រទេស​តួកគី​ និង​ប៉ាគីស្ថាន ​បាន​ចោទ​ប្រកាន់​លោក Macron ថា​ មិន​គោរព «សេរីភាព​នៃ​ជំនឿ» និង​បាន​ធ្វើ​ឱ្យ​ជនជាតិ​ម៉ូស្លីម​រាប់​លាន​នាក់​នៅ​បារាំង​បាត់​បង់​ឱកាស។ ​កាល​ពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ស្នើ​ជា​លើក​ទី២​ ថា​ លោក Macron គួរ​តែ​ស្វែង​រក «ការ​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត» ក្រោយ​បញ្ចេញ​ទស្សន:​របស់​លោក​ចំពោះ​សាសនា​អ៊ិស្លាម។ មេ​ដឹកនាំ​ប៉ាគីស្ថាន​លោក Imran Khan បាន​ចោទ​ប្រកាន់​មេ​ដឹកនាំ​បារាំង​ថា​ បាន «វាយ​ប្រហារ​លើ​សាសនា​អ៊ិស្លាម​ដោយ​គ្មាន​ការ​យល់ដឹង​អំពី​សាសនា​នេះ​ឡើយ»។​

លោក​បាន​សរសេរ​តាម​បណ្តាញ​សង្គម twitterថា៖ «ប្រធានាធិបតី Macron​ បាន​វាយ​ប្រហារ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ម៉ូស្លីម​រាប់​លាន​នាក់​នៅ​អឺរ៉ុប និង​ទូទាំង​ពិភព​លោក»។

នៅ​ប្រទេស​កូវ៉ែត​ ប្រធាន​សហជីព​លោក Fahd Al-Kishti ​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ថា៖ «រាល់​ផលិតផល​បារាំង​ទាំងអស់​ត្រូវ​បាន​ដក​ចេញ​ពី​សហករណ៍​អ្នក​ប្រើប្រាស់​ទាំង​អស់»។ សមាគម​ក្រៅ​រដ្ឋាភិបាល​នៃ​ក្រុម​អ្នក​ប្រើប្រាស់​ ដែល​មាន​សហគ្រាស​ជាង ​៧០ ​ជា​សមាជិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ធ្វើ​ពហិការ​នៅ​ថ្ងៃទី ២៣​ ខែ​តុលា។

ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម ​Al-Naeem បាន​សម្រេច​ធ្វើ​ពហិការ​ផលិតផល​បារាំង​ទាំង​អស់ និង​ដក​យក​ផលិតផល​ទាំង​នោះ​ចេញ​ពី​ផ្សារ​ទំនើប។ កូវ៉ែត​នាំ​ចូល​ផលិតផល​ពី​ប្រទេស​បារាំង ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ១,១៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩។ នេះ​បើ​​យោង​តាម​ព័ត៌មាន​ពី​ការិយាល័យ​ស្ថិតិ​កូវ៉ែត៕

សុខ ស្រីលុច