បុរីញូ​វយ៉កៈ ​រដ្ឋមន្ត្រី​ការ​បរទេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប៉ាឡេស្ទីន​ គ្រោង​​ចាប់​ផ្តើម​កិច្ច​ប្រឹងប្រែង​មួយ​​ ដើម្បី​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​​អង្គការ​សហ​ប្រជាជាតិ​ ថ្វី​បើ​កិច្ច​ប្រឹងប្រែង​នេះ​ ត្រូវ​បាន​រារាំង​ដោយ​អាមេរិក​ក្តី។


ប៉ាឡេស្ទីន ​មាន​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​មិនមែន​ជា​សមាជិក​នៅ​អង្គការ​សហ​ប្រជាជាតិ និង​ការ​ក្លាយ​ជា​សមាជិកភាព​ពេញ​សិទ្ធិ​ លុះត្រា​តែ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ថា​ជា​រដ្ឋ​​ប៉ាឡេស្ទីន​។

សំណើ​ណា​មួយ​ដើម្បី​ក្លាយ​ជា​រដ្ឋ​សមាជិក​ពេញ​សិទ្ធិ របស់អង្គការ​សហ​ប្រជាជាតិ ​ត្រូវ​តែ​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​ដំបូង​ដែល​​អាមេរិក​មាន​​អំណាច​វេតូ​ មុន​សំណើ​នោះ​ត្រូវ​បាន​អនុម័ត ​ដោយ​មហា​សន្និបាត​របស់​អង្គការ​នេះ​។


រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាឡេស្ទីន​ លោក​ Riyad al-Maliki ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖​ «​យើង​ដឹង​ថា ​យើង​កំពុង​ប្រឈម​នឹង​​ការ​បោះ​ឆ្នោត​វេតូ​របស់​អាមេរិក ​ប៉ុន្តែ​វា​នឹង​មិន​​រារាំង​យើង​មិន​​ឲ្យ​ដាក់​​​សំណើ​ដើម្បី​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ​​ទេ»។


លោក​ Maliki​ បាន​ថ្លែង​ថា ប៉ាឡេស្ទីន ​នឹង​គ្រោង​ផ្តើម​បញ្ចុះ​បញ្ចូល​ក្រុម​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដោយ​មាន​លិខិត​មួយ​ច្បាប់ ​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហ​ប្រជាជាតិ​។


ប៉ាឡេស្ទីន ​បាន​ដាក់​សំណើ​សុំ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​ អ.ស.ប.​ កាល​ពី​ឆ្នាំ​ ២០១១​ ប៉ុន្តែ​សំណើ​មិន​បាន​ទៅ​ដល់​ក្រុម​ប្រឹក្សា​នេះ​ទេ​៕ AFP/PSA​