ក្រុង​ដាក្កាៈ​ ឧទ្ទាម ​«​ជ្រុល​និយម​» ​បង់ក្លាដែស​រាប់​រយ​នាក់​គ្រោង​​ទម្លាក់​អាវុធ​របស់​ពួក​គេ​ដើម្បី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ ជា​អ្វី​​ដែល​ប៉ូលិស​បាន​និយាយ​ថា​ ​គឺ​ជា​ការ​ចុះចូល​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​​រយៈពេល​​ជា​ច្រើន​ទសវត្សរ៍​នៅ​ប្រទេស​អាស៊ី​​ខាង​ត្បូង​នេះ​។​


ក្រុម​មន្ត្រី​បាន​ថ្លែង​ថា ​ក្រុម​ឧទ្ទាម​ជាង ​៦០០ ​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​​ប្រគល់​អាវុធ​​ផលិត​ក្នុង​ស្រុក​ និង​អាវុធ​ផ្សេងៗ​ទៀត​ទៅ​​ឲ្យ​​រដ្ឋមន្ត្រី​មហាផ្ទៃ​បង់ក្លាដែស​ និង​ប្រមុខ​ប៉ូលិស​នៅ​ឯ​​ពិធី​ផ្លូវ​ការ​​មួយ​នៅ​ពហុកីឡដ្ឋាន​មួយ​។​

លោក​ Sheikh Rafiqul- Islam​ ជា​ប្រមុខ​​ប៉ូលិស​នៅ​ស្រុក​ Pabna ​ភាគ​ពាយព្យ​បាន​ថ្លែង​ប្រាប់​ AFP​ ថា​៖ «​រដ្ឋាភិបាល​នឹង​ជួយ​ស្តារ​នីតិសម្បទា​ពួក​គេ​ ​ដូច្នេះ​ហើយ​​ពួក​គេ​អាច​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​សង្គម​ដូច​ប្រជាជន​ដទៃ​ដែរ​​»។​


តំបន់​ភាគ​ខាង​លិច​នៃ​​បង់ក្លាដែស​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ជម្លោះ​ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០​ រហូត​ដល់​ពេល​បច្ចុប្បន្ន​ដោយ​មាន​ក្រុម​ចលនា​ឆ្វេង​និយម ​នៅ​ក្នុង​នោះ​ រួម​មាន​ក្រុម​ម៉ៅ​និយម​ ​និង​ក្រុម​កុល​សម្ព័ន្ធ​ជា​ច្រើន​ក្រុម​ទៀត​ ​ដែល​កំពុង​វាយ​ប្រហារ​រដ្ឋ​ ចេញ​ពី​ទីតាំង​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​។​


បង់ក្លាដែស​បាន​ពិពណ៌នា​ពី​ពួក​គេ​ទាំង​នោះ​ថា​ជា ​«​ក្រុម​ជ្រុល​និយម» ​ហើយ​បាន​ស្តី​បន្ទោស​ពួក​គេ​ជុំវិញ​ការ​ធ្វើ​ឃាត​​​ក្រុម​ឥស្សរជន​អ្នក​នយោបាយ ​និង​ក្រុម​​អ្នក​កាសែត ​ហើយ​បាន​​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​​ និង​ប៉ូលិស​បណ្តាល​ឲ្យ​​ស្លាប់​ជា​ច្រើន​នាក់៕ AFP/SK