
លោកស្រី Rosmah Mansor (កណ្តាល) ប្រពន្ធរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ចាកចេញពី MACC។ AFP
ក្រុងពុត្រាចាយ៉ាៈ ប្រពន្ធរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ កាលពីថ្ងៃអង្គារ ត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កោះហៅមកសាកសួររយៈពេលជាង ៣ ម៉ោងជុំវិញរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំពាក់ព័ន្ធនឹងមូលនិធិរបស់រដ្ឋ។
ឥឡូវនេះ គឺជាពេលវេលាសម្រាប់លោកស្រី Rosmah Mansor ក្រោយពីប៉ូលិសកាលពីខែមុន បានវាយឆ្មក់ទៅលើខុនដូ ២ ដែលទាក់ទងជាមួយលោកណាជីប និងគ្រួសាររបស់លោក ជាផ្នែកនៃការស៊ើបអង្កេតលើតួនាទីរបស់លោក នៅក្នុងរឿងអាស្រូវរបស់មូលនិធិ 1MDB ដោយបានរឹបអូសយកកាបូបមានលុយច្រើន គ្រឿងអលង្ការ និងកាបូបដៃរាប់រយថែមទៀត។
លោកស្រី Rosmah មានវ័យ ៦៦ ឆ្នាំ ត្រូវបានគេជេរប្រមាថជាទូទៅនៅម៉ាឡាស៊ីចំពោះការចូលចិត្តរបស់របរ ប្រណីតៗ និងចរិតក្រអើតក្រទមរបស់លោកស្រីនោះ។ កាលពីខែមុន លោកស្រី បានចេញរបាយការណ៍ ដែលបានរិះគន់ចំពោះការផ្សព្វផ្សាយអំពីការវាយឆ្មក់របស់ប៉ូលិស ដោយបានហៅការឆ្មក់នោះថាជាការកាត់ទោសជាសាធារណៈ មិនគ្រប់ទឹក។
ភាពល្បីល្បាញដោយសារសម្លៀកបំពាក់និងកាបូបដៃប្រណីតៗនោះលោកស្រី Rosmah បានចូលមកបំភ្លឺនៅស្នាក់ការរបស់ទីភ្នាក់ងារនេះ ដោយមានក្បួនរថយន្តអមដំណើរ។
បន្ទាប់ពីចាកចេញពីទីស្នាក់ការរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនោះ ក្រុមមេធាវីរបស់លោកស្រី បានថ្លែងថា ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ បានបញ្ចប់ការកត់ត្រាចម្លើយរបស់លោកស្រី ក្រោយពីការសាកសួរអស់រយៈពេលជាង ៣ ម៉ោងដែលលោកស្រី បានផ្តល់ការសហការល្អបំផុត។ ស្ថានភាពនៃការសាកសួរ មិនត្រូវបានបង្ហាញជាសាធារណៈទេ។
ប៉ុន្តែលោក Abdul Razak Idris អតីតប្រធានព័ត៌មាននិងស៊ើបអង្កេត នៅគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានថ្លែងប្រាប់ AFP ថា លោកស្រី Rosmah ទំនងជានឹងត្រូវស្នើឲ្យបង្ហាញគណនីធនាគាររបស់លោកស្រី និងពន្យល់អំពីប្រភពនៃលុយ និងគ្រឿងអលង្ការដែលប៉ូលិស បានរកឃើញនៅក្នុងខុនដូ ២ នាពេលថ្មីៗនេះ។
តាមការចោទប្រកាន់ លុយរាប់ពាន់លានដុល្លារ ត្រូវបានលួចចេញពីមូលនិធិ 1MDB ដែលត្រូវបានបង្កើតដោយណាជីប ជាការលួចតាមបច្ចេកទេសទំនើប ដែលចេញពីសិង្ហបុរីទៅស្វ៊ីសដោយលុយទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីទិញសម្ភារផ្សេងៗ ចាប់ពីគ្រឿងចម្លាក់ រហូតដល់អចលទ្រព្យមានតម្លៃកប់ពពកនោះ។ ទាំងលោកណាជីប និងមូលនិធិនោះ បានបដិសេធថា គ្មានកំហុសណាមួយនោះទេ។
លោកស្រី Rosmah បានចំណាយពេលជិត ៥ ម៉ោងនៅក្នុងអគារនោះមុននឹងចាកចេញទៅវិញដោយជិះរថយន្ត Mercedes Benz។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកមេធាវី K. Kumarendran បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «កូនក្តីរបស់យើង នឹងបន្តកិច្ចសហការតទៅទៀត នៅពេលណាទីភ្នាក់ងារនេះត្រូវការ»៕